ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ភាគី​ពាក់ព័ន្ធ​ប្រកាស​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ ៥ ​តុលា​ ឆ្នាំនេះ ​ក្រោម​ប្រធានបទ​ «​គ្រូបង្រៀន​រក្សាបាន​តួនាទី​សំខាន់​ក្នុង​ការអប់រំ​គ្រប់​កាលៈទេសៈ​» ​ខណៈ​ក្រសួង​អប់រំ​កំពុង​បន្តធ្វើ​កំណែទម្រង់​គុណវុឌ្ឍិ​គ្រូបង្រៀន និង​ចាត់ទុក​សមត្ថភាព​គ្រូបង្រៀន​ជា​រឿង​សំខាន់​លើ​ការវាយតម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​នៅ​ថ្ងៃទី​ ២៧ កញ្ញា បាន​​ឱ្យដឹងថា ការប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ ៥ ​តុលា​ឆ្នាំនេះ​ នឹង​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​ Zoom រយៈពេល​ ១ ​ថ្ងៃ និង​មាន​ផ្សាយ​ផ្ទាល់​ពី​ទិដ្ឋភាព​នៃ​ពិធី​នេះ តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ (MoEYS Cambodia)​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​​ថា​៖ «​ទិវា​គ្រូបង្រៀន​ ៥ ​តុលា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​បំផុស​នូវ​វប្បធម៌ និង​ប្រពៃណី​នៃ​ការរំឭក​គុណូបការៈ​ដ៏ថ្លៃថ្លា​ជូន​ចំពោះ​គ្រូបង្រៀន​នៅ​គ្រប់​ភូមិ​សិក្សា​ទូទាំង​ប្រទេស​ដែល​ពួកគាត់​បាននិង​កំពុង​បំពេញការងារ​ជា​អ្នក​អប់រំ និង​ជា​សិល្បករ​ផ្ទេរ​ចំណេះដឹង​និង​ជូន​ចំពោះ​គ្រូបង្រៀន​ដែល​បាន​ចូលនិវត្តន៍​ ឬ​បាន​បាត់បង់​ជីវិត​ទៅហើយ​ក្ដី​»​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹងមាន​បាឋកថា​ស្ដីពី​ «​ការធ្វើ​បរិវត្តកម្ម​ឌីជីថល​ក្នុង​វិស័យ​អប់រំ និង​ការអនុវត្ត​វិធីសាស្ត្រ​បង្រៀន​ថ្មី​» ក្នុង​ពិធី​នេះ​។

កម្មវិធី​នេះ​ក៏​នឹងមាន​ការប្រកាស​ពានរង្វាន់​នាយក​សាលា​ល្អ គ្រូបង្រៀន​ល្អ គ្រូបង្រៀន​ល្អ​ភាសា​ខ្មែរ និង​គណិតវិទ្យា​ថ្នាក់​ទី​ ១ ទី​ ២ និង​ថ្នាក់​ទី​ ៣ និង​ពានរង្វាន់​សាលា​ស្អាត​ឆ្នាំ​សិក្សា​ ២០១៩-២០២០ ​រួម​នឹង​វេទិកា​ពិភាក្សា​ក្រោម​ប្រធានបទ​ «​តថភាព​សក្តានុពល​ និង​ឧត្តមានុវត្ត​នៃ​ការអប់រំ​ឌីជីថល​នៅ​កម្ពុជា​» ​ផងដែរ​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា ទិវា​គ្រូបង្រៀន​ឆ្នាំនេះ​ក៏​នឹងមាន​រៀបចំ​ព្រឹត្តការណ៍​ «​សប្តាហ៍​នៃ​យុទ្ធនាការ​អបអរសាទរ​ទិវា​គ្រូបង្រៀន​ ៥ ​តុលា​» ​ដែល​មាន​រយៈពេល​ ៦ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ២៩ ​ខែកញ្ញា ដល់​ថ្ងៃទី​ ៤ តុលា ផងដែរ​។

ព្រឹត្តិការណ៍​ទាំងនោះ រួមមាន ទី​១ ​វេទិកា​ពិភាក្សា​ស្តីពី​ការបង្រៀន និង​រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​ផ្អែកលើ​វិធី​សិក្សា​តាមបែប​បញ្ញត្តិ​។ ​ទី​២ ​ការប្រកួត​ជជែក​ដេញដោល​ក្រោម​ប្រធានបទ​ «​ការបង្រៀន ដើម្បី​បណ្តុះ​បំណិន​សតវត្សរ៍​​ទី​ ២១» ​របស់​ជយលាភី​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​ទាំង​ ២ ​រដូវកាល​ ២០២០ និង​ ២០២១​។ ទី​៣ ​ការប្រកាស​លទ្ធផល​នៃ​ការប្រកួតប្រជែង​សំណេរ​អត្ថបទ​ខ្លី និង​ការ​តែង​កំណាព្យ​។ ទី​៤ ​ការប្រកាស​លទ្ធផល​នៃ​ការចូលរួម​បង្កើត​ផ្ទាំងគំនូរ ឬ​ការរចនា​រូបភាព​សិល្បៈ​គ្រប់​ប្រភេទ និង​ទី​៥ ការប្រកាស​លទ្ធផល​នៃ​ការចូលរួម​ប្រកួត​វីដេអូ​ខ្លី​ស្ដីពី​គុណគ្រូ​បង្រៀន​។

កាលពី​ថ្ងៃទី​ ២៧ កញ្ញា ឆ្នាំនេះ លោក ហង់ជួន ណារ៉ុន ធ្លាប់បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ក្នុង​រយៈពេល​ជិត​ ៨ ​ឆ្នាំ​កន្លង​ទៅ​នេះ​ ​ក្រសួង​អប់រំ​បានដាក់​ចេញ​នូវ​កម្មវិធី​កំណែទម្រង់​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​សេវា​អប់រំ ជាពិសេស​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព និង​ជំនាញ​ច្បាស់លាស់ ដើម្បី​​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​បរិបទ​ថ្មី​ពោលគឺ​សេដ្ឋកិច្ច​បែប​ឌីជីថល​។

លោក​ថ្លែងថា​៖ «​ដោយ​ចាប់ផ្តើម​ និង​ផ្អែកលើ​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្រសួង​អប់រំ ក៏បាន​ធ្វើការ​វិភាគ​ និង​ឆ្លុះបញ្ចាំង​ដ៏ស៊ីជម្រៅ​ស្វែងរក​បញ្ហា​ ដើម្បី​កែលម្អ​ឱ្យ​ប្រព័ន្ធ​អប់រំ​កាន់តែ​ប្រសើរឡើង​។ ​ឈរលើ​លទ្ធផល​នៃ​ការប្រឡង​នេះ​យើង​បានឃើញ​នូវ​បញ្ហា​ក្នុង​វិស័យ​អប់រំ​បាននិង​កំពុង​ជួបប្រទះ​គឺ​ការចាំបាច់​ក្នុង​ការពង្រឹង និង​បង្កើន​គុណវុឌ្ឍិ​គ្រូ​ក៏ដូចជា ការពង្រឹង​ការគ្រប់គ្រង​តាម​សាលារៀន​»​។

លោក​បន្តថា សមត្ថភាព​គ្រូបង្រៀន​ជា​រឿង​សំខាន់​ពិសេស​លើ​មុខវិជ្ជា​ឯកទេស​វិធីសាស្ត្រ​បង្រៀន និង​ការវាយតម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស​បាន​ត្រឹមត្រូវ​។ ដូច្នេះហើយ​ក្រសួង​បានរៀបចំ​កំណែទម្រង់​ដោយ​ផ្ដោត​លើ​សសរស្ដម្ភ​ចំនួន​ ៥ ក្នុងនោះ​ទី​១ ​គឺ​ការធ្វើកំណែទម្រង់​គ្រូបង្រៀន​ដោយ​​មាន​ការលើក​ទឹកចិត្ដ​គ្រូ ការបង្កើន​ប្រាក់បៀវត្សរ៍ ការលើក​គុណវុឌ្ឍិ​គ្រូ ការកែលម្អ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​ជាដើម​។

លោក​បញ្ជាក់ថា បន្ទាប់ពី​ការធ្វើ​កំណែទម្រង់​នេះ​ក្រសួង​សង្កេតឃើញ​​ថា ការសិក្សា​របស់​សិស្ស​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA) ​បានឱ្យដឹងថា ទិវា​គ្រូបង្រៀន​ ៥ ​តុលា​ ​ឆ្នាំនេះ ក្រុម​លោកគ្រូ​អ្នកគ្រូ​​នឹងមិន​មានការ​ជួបជុំ​ដូច​រាល់​ឆ្នាំ​ទេ​ ដោយសារ​តែ​អនុវត្ដ​វិធានការ​សុខាភិបាល​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​​កូវីដ​ ១៩​។ ​ប៉ុន្ដែ​នឹងមាន​ការផ្សព្វផ្សាយ​ញត្ដិ​ ដើម្បី​ទាមទារ​ឱ្យមាន​ការយក​ចិត្ដ​ទុកដាក់​បន្ថែមទៀត​ដល់​គ្រូបង្រៀន​ជាពិសេស​គ្រូបង្រៀន​ដែល​ចូលនិវត្ដន៍​។

លោកស្រី​ថ្លែងថា​៖ «​សម្រាប់​យើង​គឺ​យើង​ចង់​ឱ្យតែ​លោកគ្រូ​អ្នកគ្រូ​មាន​ជីវភាព​រស់នៅ​សមរម្យ​ប៉ុណ្ណោះ​។ ​ក្នុង​ទិវា​គ្រូបង្រៀន​សមាគម​គ្រូបង្រៀន​តែងតែ​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់បៀវត្សរ៍​​គោល​គ្រូបង្រៀន​ឱ្យបាន​ដល់​ ២ ​លាន​​រៀល​ ដើម្បី​អាចឱ្យ​គ្រូបង្រៀន​នៅពេល​ចាស់ជរា​ទៅ​ចូល​និវត្ដន៍​អាចមាន​​ឱកាស​រស់នៅ​បាន​សមរម្យ​»៕