The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាលារៀន​ជាង​ ៥០ ​កន្លែង​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​បិទទ្វារ​ជាថ្មី ដោយសារ​ជំនន់​ទឹកភ្លៀង

សាលារៀន​ជាង​ ៥០ ​កន្លែង​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​បិទទ្វារ​ជាថ្មី ដោយសារ​ជំនន់​ទឹកភ្លៀង

Content image - Phnom Penh Post
ស្ថានភាព​ទឹក​លិច​សាលារៀន​។ រូបថត គេហទំព័រ អភិបាលខេត្ត​បន្ទាយមានជ័យ

សាលារៀន​ជាង​ ៥០ ​កន្លែង​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​បិទទ្វារ​ជាថ្មី ដោយសារ​ជំនន់​ទឹកភ្លៀង

ភ្នំពេញៈ សាលារៀន​ជាង​ ៥០ ​កន្លែង​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​បាន​បិទទ្វារ​សាជាថ្មី​ឡើងវិញ ដោយសារ​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង​។ យោងតាម​ការឱ្យ​ដឹងពី​លោក ឈូ ប៊ុនរឿង ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ២៨ ខែ កញ្ញា ឆ្នាំ​ ២០២១​។

លោក​បាន​ថ្លែងថា​៖ «​បន្ថែម​ពីលើ​ជំងឺ​កូវីដ​ ១៩ គ្រោះ​ទឹកជំនន់​បាន​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស ជាពិសេស​សិស្ស​ថ្នាក់​ទី​ ៩ និង​ថ្នាក់​ទី​ ១២ ដែលជា​ថ្នាក់​ត្រៀមប្រឡង​នៅពេល​ខាងមុខនេះ​»​។

បើតាម​លោក ប៊ុនរឿង ដោយសារ​ជំងឺ​កូវីដ​ ១៩ សាលារៀន​ និង​គ្រឹះស្ថាន​អប់រំ​នៅ​ទូទាំង​ប្រទេស​ត្រូវបាន​បិទទ្វារ​ជាច្រើន​ខែ​ក្នុងនោះ​សាលារៀន​ និង​គ្រឹះស្ថាន​អប់រំ​ចំនួន​ ៥១២ ​ទីតាំង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ក៏បាន​បិទទ្វារ​ផងដែរ​ ដើម្បី​បង្ការ​ទប់ស្កាត់ ការឆ្លង​រីករាលដាល​នៃ​ជំងឺ​ដ៏កាចសាហាវ​នេះ ដល់​សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​សិក្សា​។

លោក​បាន​បន្តថា យោងតាម​សេចក្ដី​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​ ១៣ ខែ កញ្ញា ឆ្នាំ​ ២០២១ ​កន្លងទៅនេះ សាលារៀន​ចំនួន​ជិត​ ៣០០ ​ទីតាំងនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​បើកទ្វារ​ឱ្យ​សិស្ស​ចូលរៀន​ឡើងវិញ​។ ប៉ុន្តែ​ជំនន់​ទឹកភ្លៀង នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​បាន​បង្ក​ឱ្យ​ទឹក​ជន់លិច​សាលារៀន​ចំនួន​ ៥៤ ​កន្លែង ដែល​ត្រូវ​បង្ខំ​ឱ្យ​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ជាថ្មី​ម្ដងទៀត ដើម្បី​បង្ការ​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​ជាយថាហេតុ ដល់​សិស្ស និង​លោកគ្រូ អ្នកគ្រូ​។

លោក​បាន​បញ្ជាក់​ទៀតថា​៖ «​សាលារៀន​មួយចំនួន​ទឹក​បាន​លិច​ចូលទៅក្នុង​បន្ទប់សិក្សា ដែល​មិន​អាចឱ្យ​សិស្ស​រៀន​បាន សាលារៀន​ខ្លះទៀត ទឹកបាន​លិច​នៅក្នុង​ទីធ្លា​សាលា​ត្រឹម​ស្មងជើង​។ ​ថ្វីបើ​សាលារៀន​ត្រូវ​ជំនន់លិច និង​បិទ​ទា្វរ​សាជាថ្មី​ក៏ដោយ​ ប៉ុន្តែ​សិស្ស​អាច​បន្ត​ការសិក្សា​តាម​កម្មវិធីសិក្សា​ពី​ចម្ងាយ តាមរយៈ​ប្រព័ន្ធ Online Telegram និង Zoom»​។

លោក ពិន ដាវី នាយក​សាលា​អនុវិទ្យាល័យ​ទានកាំ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទានកាំត្បូង ឃុំ​ទានកាំ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដើម្បី​សុវត្ថិភាព​ដល់​សិស្ស និង​គ្រូបង្រៀន លោក​បានសម្រេច​បិទទ្វារ​សាលា​ជា​បណ្ដោះអាសន្ន ព្រោះ​នៅពេលនេះ​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ក្នុង​ទីធ្លា​សាលារៀន ត្រឹម​ចង្កេះ និង​ចូលក្នុង​បន្ទប់រៀន ត្រឹម​ស្មងជើង​ទៅហើយ​។

លោក​ថ្លែងថា​៖ «​សម្រាប់​សិស្ស​ថ្នាក់​ទី​ ៩ ដែល​ត្រូវ​ត្រៀមប្រឡង គឺ​ខ្ញុំ​បាន​ណែនាំ​ឱ្យ​លោកគ្រូ-អ្នកគ្រូ​របស់​ពួកគេ​​បង្រៀន ពួកគេ​តាម​កម្មវិធីសិក្សា​ពី​ចម្ងាយ ដែល​ត្រូវ​បាន​ណែនាំ​ដោយ​ក្រសួង និង​មន្ទីរអប់រំ ប៉ុន្តែ​ខ្ញុំ​ជឿថា​សិស្ស​នៃ​គ្រួសារ​ក្រីក្រ​មួយចំនួន មិនអាច​រៀនសូត្រ​តាម​កម្មវិធី​នេះ​បានទេ​»​។

លោក ដាវី ថា ស្ថានភាព​ទឹកជំនន់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​នៅពេលនេះ នៅតែ​បន្ត​ជន់​ឡើង​ជា​បន្តបន្ទាប់ ដោយសារ​ភ្លៀង​នៅ​បន្ត​ធ្លាក់​ពី​តិច​ទៅ​បង្គួរ នៅ​ផ្នែក​ខាងលើ​ជាប់​ព្រំដែន​ថៃ​។ ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ឃុំ​ទានកាំ​ក៏​បាន​នាំគ្នា​ឡើងទៅ​រស់នៅ​លើ​ទីទួល​សុវត្ថិភាព​ផងដែរ​។

ក្រុមការងារ​អន្តរាគមន៍​សង្គ្រោះ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ក្រុមការងារ​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កាលពី​ម្សិលមិញ​នៅតែ​បន្ត​ចុះ​ពិនិត្យ​ស្ថានការណ៍​នៃ​ទឹកជំនន់ និង​បាន​នាំយក​ជំនួយ​សង្គ្រោះ​បឋម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ផ្ដល់ជូន​ប្រជាពលរដ្ឋ ចំនួន​ ៧៣៦ ​គ្រួសារ ដែល​កំពុង​ស្នាក់នៅ​ជាប​ណ្ដោះ​អាសន្ន ក្រោម​ដំបូល​តង់​នៃ​ទីទួល​សុវត្ថិភាព​។

នៅតាម​ទីតាំង​ទួល​សុវត្ថិភាព​នីមួយៗ គឺមាន​ភ្នាក់ងារ​សុខាភិបាល​យ៉ាងតិច​ ២ ​នាក់​ប្រចាំការ ដើម្បី​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ស្រាលៗ​មួយចំនួន ដូចជា​ជំងឺ​ក្ដៅខ្លួន ផ្ដាសាយ និង​ក្អក និង​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​អំពី​វិធាន​អនាម័យ​សុខភាព ៣កុំ ៣ការពារ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោក ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​។

លោក​ថ្លែងថា​៖ «​ក្រៅពី​ពិនិត្យ​សំណាក​រក​ជំងឺ​កូវីដ ១៩ ពី​ពលករ​ដែល​បញ្ជូន​ត្រឡប់​មកពី​ប្រទេស​ថៃ ក្រុមគ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល យើង​បាន​ចល័ត​ទៅតាម​មូលដ្ឋាន ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ពី​បញ្ហា​សុខភាព និង​វិធី​បង្ការ​ជំងឺឆ្លង​នានា ជាពិសេស​ក្នុង​គ្រា​មាន​គ្រោះទឹកជំនន់​នេះ គឺមាន​បញ្ហា​ផ្សេងៗ​ជាច្រើន​កើតឡើង​ចំពោះ​ពលរដ្ឋ​ក្នុង​តំបន់​ទឹកលិច​»​។

លោក​បាន​បន្តថា ដោយសារតែ​ទឹក​ជន់​លិច​ហ៊ុមព័ទ្ធ​លំនៅឋាន បញ្ហា​ប្រឈម​ងាយ​នឹង​កើតមាន​ចំពោះ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដែល​កង្វះ​អនាម័យ និង​ការប្រឈម​ជាមួយ​សត្វ​អាសិរ្ពិស ។

លោក​ថា​៖ «​នៅក្នុង​ខែកញ្ញា​នេះ មាន​ករណី​ពស់​ចិក​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ ៤៦ ​ករណី ដែល​ត្រូវបាន​នាំមក​ព្យាបាល​នៅតាម​មន្ទីរពេទ្យបង្អែក​របស់​យើង​ទាំង​ ៩ ​ក្រុង-ស្រុក​»​។

លោក សង្វាត ថា នៅតាម​ទីទួល​សុវត្ថិភាព​មួយចំនួន​នៅ​មិនទាន់​បំពាក់​បង្គន់​អនាម័យ​គ្រប់គ្រាន់​នៅឡើយ​ទេ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍