ព្រះវិហារៈ កម្លាំង​អាវុធហត្ថ​ខេត្តព្រះវិហារ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​ ២៨ កញ្ញា ពី​បទ​កាន់កាប់ និងប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ បន្ទាប់ពី​ឃាត់ខ្លួន​បាន​រយៈពេល​ ១ ​ថ្ងៃ​ នៅ​ភូមិ​ស្រយង​ខាងត្បូង ឃុំ​ស្រយង ស្រុក​គូលែន​។

លោក​ ជូរ ប៊ុនសុង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ​ថ្លែង​នៅ​ថ្ងៃទី​ ២៨ កញ្ញា​ថា ជនសង្ស័យ​ដែល​បាន​បាញ់​កាំភ្លើង​នៅវេលា​ម៉ោង​ ១១ និង​ ៥៩ ​នាទី​យប់ ថ្ងៃទី​ ២៦ កញ្ញា ត្រូវបាន​កម្លាំង​មន្ទីរជំនាញ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​ ២៨ កញ្ញា ពីបទ​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​។

លោក​ ជូរ ប៊ុនសុង បានឱ្យដឹងថា ក្រោយពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​បាញ់​នៅវេលា​យប់​ថ្ងៃទី​ ២៦ ខែកញ្ញា កម្លាំង​មន្ទីរជំនាញ​បាន​ចុះទៅ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ភ្លាមៗ​។ ជា​លទ្ធផល​បាន​រកឃើញ​កន្លែង​ដែល​ជនសង្ស័យ​បាញ់ និង​រកឃើញ​សម្បក​គ្រាប់​ចំនួន​ ៦ ​ផងដែរ​។

លោក​បញ្ជាក់ថា ក្រោយពី​ប្រមូលបាន​ភ័ស្តុតាង​នៅ​រសៀល ថ្ងៃទី​ ២៧ កញ្ញា កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ត្រពាំងថ្ម ក្បែរ​ក្រុមហ៊ុន​សាលា​ដាមិច ស្ថិតនៅ​ភូមិ​ស្រយង​ខាងត្បូង ឃុំ​ស្រយង ស្រុក​គូលែន ខេត្តព្រះវិហារ​។

លោក​ថ្លែងថា​៖ «​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​មិន​ព្រម​សារភាព​ទេ ដោយសារ​យើង​មិនទាន់​មាន​អ្វី​ដាក់បន្ទុក​។ ប៉ុន្តែ​ជាង​ ៥ ​ម៉ោង​ក្រោយមក​បាន​យើង​រក​សាក្សី​ដាក់បន្ទុក​បាន​គ្រប់គ្រាន់ ទើប​ជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន​ទាញយក​កាំភ្លើង​ដែល​លាក់ទុក ហើយ​ធ្វើការ​បាញ់​ពិតប្រាកដ​មែន​»​។

មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​ខេត្តព្រះវិហារ​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ឆាយ ឈន ភេទ​ប្រុស អាយុ​ ៣២ ​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជប់សោម ឃុំ​ពាក់ស្នែង ស្រុក​អង្គរធំ ខេត្ត​សៀមរាប​។ ចំណែក​វត្ថុតាង​មាន​អាវុធ​ប្រភេទ AK47 ​ស្វ័យ​បត់ ចំនួន​ ១ ​ដើម បង់គ្រាប់​ចំនួន​ ២ មាន​ ២៦ ​គ្រាប់ និង​សម្បក​គ្រាប់​ចំនួន​ ៦៕