ភ្នំពេញៈ ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចរាចរណ៍​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​បាន​ឃាត់​ផលិតផល​កែច្នៃ​ពី​សត្វ​ជា​ប្រហិត​ចម្រុះ​យក​មកពី​ប្រទេស​ថៃ​ប្រមាណ​ ១៤ ៨០០ ​គីឡូក្រាម​ (​ជិត​ ១៥ ​តោន​) ​ទៀត បន្ទាប់ពី​បទល្មើស​ដែល​ចាប់​បាន​ចំនួន​ ៤ ​កុងតឺន័រ​ កាលពី​ពេល​​កន្លងទៅ​ទទួល​ការពិន័យ​។

កាលពី​ថ្ងៃទី​ ២៦ កញ្ញា ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចរាចរណ៍​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​បាន​សហការ​ជាមួយ​ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​របស់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កំពង់ចាម បាន​ស្ទាក់ចាប់​រថយន្ត​ ១ ​គ្រឿង​ម៉ាក​ HYUN-DAI ​ពណ៌​ស ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ចំណុះ ២០ ​តោន​ (V1) ​ពាក់​ស្លាក​លេខ​កំពង់ចាម ៣B០២៦ និង​មាន​ដឹក​ប្រហិត​ចម្រុះ​ចំនួន ១៤ ៨០០ ​គីឡូក្រាម​។

ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​ តាន់ ផាន់ណារ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក​ វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​។

លោក ហ៊ុន សារ៉ាត់ ប្រធាន​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចរាចរណ៍​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​​សត្វ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ កញ្ញា ថា រថយន្ត​ខាង​​លើ​បាន​នាំចូល​ផលិតផល​កែច្នៃ​ពី​សត្វ​ (​ប្រហិត​ចម្រុះ​) ​ចំនួន​ ១៤ ៨០០ ​គីឡូក្រាម​មកពី​ប្រទេស​ថៃ​តាម​ច្រក​អូរស្មាច់​សង្កាត់​​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ​ ដើម្បី​មក​ចែកចាយ​នៅ​រាជធានី-ភ្នំពេញ​ដោយ​ពុំមាន​លិខិត​​អនុញ្ញាត​អ្វី​ទាំងអស់​។

លោក ហ៊ុន សារ៉ាត់ បាន​អះអាង​ថា​៖ «​ក្រុមការងារ​បាន​​បញ្ជូន​វត្ថុតាង និង​បទល្មើស​ខាង​លើ​នេះ​ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តាឡីស័ក​សត្វ​របស់​​ឣគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​»​។

ជាមួយ​នឹង​ការបង្ក្រាប​បទល្មើស​នេះ លោក តាន់ ផាន់ណារ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៨ កញ្ញា​ថា តាមរយៈ​ផលិតផល​សត្វ ដែល​ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចរាចរណ៍​សត្វ​ឃាត់​បាន​ក្នុង​រយៈពេល​ចុងក្រោយ​ចំនួន ៤ ​កុងតឺន័រ​នោះ​គឺ​មិន​ត្រូវបាន​ដុត​កម្ទេចចោល​ទេ​។

លោក​បាន​បន្តថា ដោយសារ​​ផលិតផល​ដែល​ចាប់​នេះ​ពិនិត្យ​​ឃើញថា មិនមាន​ជំងឺ​ និង​សារធាតុ​ហាមឃាត់​ទើប​អគ្គនាយកដ្ឋាន​មិនបាន​ដុត​កម្ទេចចោល​​ដោយ​គ្រាន់តែ​ហៅ​ម្ចាស់​អាជីវកម្ម​ឱ្យមក​ដោះស្រាយ​ និង​ពិន័យ​​ទៅតាម​ច្បាប់​ជា​ធរមាន​។

លោក​បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​យើង​ទទួលបាន​លទ្ធផល​វិភាគ​ថា សាច់​ទាំងនេះ​មិនមាន​ជំងឺ​អ្វី និង​មិនមាន​បញ្ហា យើង​ក៏​សម្រេច ផាកពិន័យ​ទៅតាម​ច្បាប់​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។ អ៊ីចឹង​ផលិតផល​សត្វ ដែល​យើង​ចាប់បាន​ថ្មីៗ​នេះ​គឺ​មិនបាន​ដុត​កម្ទេចចោល​អី​ទេ​ ព្រោះ​ក្នុង​ច្បាប់​ដុត​កម្ទេចចោល​លុះត្រា​យើង​វិភាគ​ទៅរក​ឃើញថា មាន​មេរោគ​»​។

បើតាម​លោក តាន់ ផាន់ណារ៉ា រាល់​ផលិតផល​សាច់​នាំចូល​ខុសច្បាប់ ហើយ​ត្រូវ​ចាប់បាន​ទាំងអស់​គឺ​នឹងត្រូវ​ធ្វើ​វិភាគ​រក​មេរោគ​ជំងឺ​ផ្ដាសាយបក្សី​ជំងឺ​​កូវីដ​ ១៩ ​និង​ឆ្លង​នានា​ជាពិសេស​កាកសំណល់​អង់​ទីប៊ីយូទិក​នៅក្នុង​ផលិតផល​។

បើទោះជា​បច្ចុប្បន្ន​នៅតែមាន​ឈ្មួញ​លួច​នាំ​ផលិតផល​សាច់​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ និង​ឡាវ​តាម​ច្រក​ព្រំដែន​មក​ចែកចាយ​ក្នុង​ប្រទេស​ក្ដី ប៉ុន្តែ​បទល្មើស​ទាំងនេះ ត្រូវបាន​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចរាចរណ៍​សត្វ​បាន​អះអាងថា គឺ​មាន​ការថយ​ពី​ ៦០ ​ភាគរយ​មក​នៅ​ប្រមាណ​ជា​ ៣០ ​ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើតាម​ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចរាចរណ៍​សត្វ​៕