ភ្នំពេញៈ ​តុលាការ​កំពូល​នៅ​ថ្ងៃទី​ ២៨ ខែកញ្ញា ឆ្នាំ​ ២០២១ បានប្រកាស​សាលដីកា​ដោយ​សម្រេច​តម្កល់​ទោស​ជនជាប់ចោទ​ម្នាក់​ជាប់​ពន្ធនាគារ​អស់​ ១ ​ជីវិត ក្រោយពេល​ជំនុំជម្រះ​ប្រមាណ​ ១ ​ម៉ោង​ក្នុង​សំណុំរឿង​ចាក់​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ប្រព្រឹត្ត​នៅក្នុង​ភូមិ​ដើមគ សង្កាត់ - ខណ្ឌ​ជ្រោយចង្វារ កាលពី​ឆ្នាំ​ ២០១៦​។

លោក​ចៅក្រម យូ ឧត្តរ៉ា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានប្រកាស​សាលដីកា​នៅ​ចំពោះមុខ​ជនជាប់ចោទ​ថា​ក្រោយពី​បាន​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ និង​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ និង​ក្រោយពី​បាន​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​មក​តុលាការ​កំពូល​យល់ឃើញ​ថា​នៅក្នុង​អង្គ​សវនាការ​គឺ​ជនជាប់ចោទ​បាន​ឆ្លើយ​បដិសេធ​នឹង​បទចោទប្រកាន់​នេះដែរ​។

លោក​បាន​បន្តថា ក្នុងពេល​ជំនុំជម្រះ​លោក​មេធាវី យុង ផានិត ដែល​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ​ឈ្មោះ បេ វ៉ាន់សាក់ បាន​លើកឡើងថា សាលក្រម​ និង​សាលដីកា​របស់​តុលាការ​ថ្នាក់ក្រោម​មិន​ត្រឹមត្រូវ​តាមច្បាប់​ទេ​ ដោយ​សំអាងថា ករណី​នេះ​សមត្ថកិច្ច​មិនបាន​ស៊ើបអង្កេត​ឱ្យបាន​ល្អិតល្អន់​ពី​ដំណើរ​កើតហេតុ​ទេ​។

លោក​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា​៖ «​ប៉ុន្តែ​បើ​ផ្អែក​តាម​អង្គហេតុ​គឺ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​ហើយ​មាន​ទាំង​សាក្សី​ ៣ ​នាក់​ផង​។

ដូច្នេះ​សាលដីកា​របស់​សាលាឧទ្ធរណ៍​សម្រេច​មកនេះ​ត្រឹមត្រូវ ហើយ​តុលាការ​តម្កល់​សាលដីកា​ដដែល​»​។

គួររំឭកថា នៅក្នុង​អង្គសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​ ២៨ កញ្ញា នៅ​តុលាការ​កំពូល​គឺ​ជនជាប់ចោទ​ឈ្មោះ បេ វ៉ាន់សាក់ អាយុ​ ៤០ ​ឆ្នាំ បាន​ប្រាប់​ចៅក្រម​ថា រឿងនេះ​គាត់​មិនបាន​សម្លាប់​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ខ្លួន​ឯង​ទេ​។ ជាមួយ​គ្នា​នេះ គាត់​អង្វរ​ថា​៖ «​ខ្ញុំ​សូមឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ដល់​ខ្ញុំ​ផង​»​។

រីឯ​លោក យុង ផានិត ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យឈ្មោះ បេ វ៉ាន់សាក់ ក៏បាន​សន្និដ្ឋាន​នៅក្នុង​អង្គសវនាការ​ដែរ​ថា កូនក្តី​របស់​លោក​ត្រូវបាន​ចោទ​បទឃាតកម្ម​គិតទុក​ជាមុន​តាម​មាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ​។

ប៉ុន្តែ​នៅ​យប់​កើតហេតុ​ថ្ងៃទី​ ២ ​កក្កដា ឆ្នាំ​ ២០១៦ នោះ កូនក្តី​របស់​លោក​ស្នាក់នៅ​រោងគោ ឆ្ងាយ​ពី​ផ្ទះកើតហេតុ​ប្រហែល​ ៩០ ​ម៉ែត្រ​។ ​លោក​បន្តថា ភ្លាមៗ ក្រោយ​កើតហេតុ កូនក្តី​លោក​បាន​មក​ដល់​ទីតាំង​ស្ត្រី​រងគ្រោះ​។ ​ដូច្នេះ​បើ​គាត់​សម្លាប់​ប្រពន្ធ ដោយ​អារក​គឺ​ឈាម​ត្រូវ​បាញ់​ប្រឡាក់​ខោអាវ​ហើយ ហើយ​ពេល​នោះ​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​ [​ជនជាប់ចោទ​] ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​រកឃើញ​ខោអាវ​ប្រឡាក់​ឈាម​ទេ ដែល​នេះ​បង្កើត​ឱ្យ​មាន​​ជា​វិមតិសង្ស័យ​ក្នុង​សំណុំ​​រឿងនេះ​។

លោក​បន្តថា សមត្ថកិច្ច​បាន​យក​ក្មេង​អាយុ​ ៨ ​ឆ្នាំ​ដែល​ត្រូវ​​ជា​កូនបង្កើត​របស់​ជន​ជាប់ចោទ និង​ស្ត្រី​រងគ្រោះ​មក​ធ្វើជា​សាក្សី​។ ​ប៉ុន្តែ​ពេល​កើតហេតុ​ម៉ោងជាង​ ១២ ​រំលង​អធ្រាត្រ​ក្មេង​ដែលមាន​អាយុ​ត្រឹម​ប៉ុណ្ណឹង​​វា​ដេកលក់​ហើយ​ថ្មើរ​ហ្នឹង​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូមឱ្យ​តុលាការ​កំពូល​បង្វិល​សំណុំ​រឿងនេះ​ទៅ​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ​»​។

ដោយឡែក លោកស្រី សាកល មេត្តា ជា​មេធាវី​ការពារ​សិទ្ធិ​ឧ្យ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​សន្និដ្ឋានថា តាមរយៈ​ការសិក្សា​សំណុំរឿង​បង្ហាញថា ជនជាប់ចោទ​ពិតជា​បាន​សម្លាប់​ស្ត្រី​រងគ្រោះ​មែន​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​ស្នើសុំ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដែល​បាន​ផ្តន្ទាទោស​ ១ ​ជីវិត​ដដែល​»​។

គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោងជាង​ ១២ ​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ២ ខែកក្កដា ឆ្នាំ​ ២០១៦ ស្ត្រី​រងគ្រោះ​ឈ្មោះ​​ ទូលាស់ ម៉ៃយ៉ាន អាយុ​ ៣៦ ​ឆ្នាំ ត្រូវគេ​សម្លាប់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​ទន្លេសាប ភូមិ​ដើម​គ សង្កាត់-ខណ្ឌ​ជ្រោយចង្វារ​។

នៅលើ​ខ្លួន​សាកសព​មាន​ស្នាម​អារក រីឯ​នៅ​ផ្នែក​ដៃ​ទាំង​សងខាង​មាន​ស្នាម​ចាក់​នឹង​កាំបិត​ជាច្រើន​កន្លែង​។

បន្ទាប់មក សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដោយ​ហៅ​កូនប្រុស​អាយុ​ ៨ ​ឆ្នាំ​របស់​ជនជាប់ចោទ​មក​សាកសួរ ហើយ​ក្មេង​នោះបាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ឪពុក​ខ្លួន​ជា​អ្នក​សម្លាប់​។ ​ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏​ចាប់​ជន​ជាប់ចោទ​តែម្តង​៕