The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញា​ធរមី​នណែ​នាំឱ្យប្រយ័​ត្នគ្រោះថ្នា​ក់ពីយុទ្ធ​ភណ្ឌមិន​ទាន់ផ្ទុះក្នុង​ពេល និង​ក្រោយមា​នទឹកជំ​នន់

អាជ្ញា​ធរមី​នណែ​នាំឱ្យប្រយ័​ត្នគ្រោះថ្នា​ក់ពីយុទ្ធ​ភណ្ឌមិន​ទាន់ផ្ទុះក្នុង​ពេល និង​ក្រោយមា​នទឹកជំ​នន់

Content image - Phnom Penh Post
យុទ្ធភ័ណ្ឌមិនទាន់ផ្ទះដែលមន្ត្រីជំនាញស៊ីម៉ាក់បង្ហាញនៅថ្ងៃទី ២៩ កញ្ញា ។ រូបថត CMAC page

អាជ្ញា​ធរមី​នណែ​នាំឱ្យប្រយ័​ត្នគ្រោះថ្នា​ក់ពីយុទ្ធ​ភណ្ឌមិន​ទាន់ផ្ទុះក្នុង​ពេល និង​ក្រោយមា​នទឹកជំ​នន់

ភ្នំពេញៈ អាជ្ញាធរ​មីន​បាន​ណែនាំ​ដល់​គ្រប់​គណៈ​កម្មាធិការ​សក​ម្ម​ភាព​មីន​រាជធា​នី-ខេត្តឱ្យ​ដាក់​ចេញ​វិធាន​ការ​ចាំ​បាច់​​ឱ្យបាន​ទាន់​ពេល​ ដើម្បី​បង្ការ ​និង​ទប់​ស្កាត់​នូវ​គ្រោះថ្នាក់​​ដោយ​សារ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះក្នុង​ពេល និ​ង​ក្រោយ​ពេល​មាន​គ្រោះ​ទឹក​ជំនន់ បន្ទាប់​អាជ្ញា​ធរ​ប្រទះ​ឃើញ​គ្រឿង​ផ្ទុះ​មួយ​ចំនួន​បាន​ហូរ​តាម​ទឹក​ជំនន់​។

សេចក្តី​ណែនាំ​ដែល​ចុះ​ហត្ថ​លេខា​ដោយ​ទេសរដ្ឋ​មន្ត្រី​ទទួលប​ន្ទុក​បេស​សកម្ម​ពិសេស ​និង​ជា​អនុប្រ​ធាន​ទី១ នៃ​អាជ្ញា​ធរ​មីន​លោក លី ធុជ ចុះ​ថ្ងៃទី​ ២​៨ ខែកញ្ញា​បាន​ឱ្យដឹង​ថា យោង​តាម​សេចក្តី​ជូនដំ​ណឹង​របស់​ក្រសួង​ធន​ធានទឹ​កនិង​ឧតុនិយ​មគឺ​កម្ពុជា​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ពីប្រព័ន្ធ​សម្ពាធ​ទាបធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ស្ទើរ​ទូទាំង​ប្រទេស។​

គ្រោះធម្ម​ជាតិ​នេះ​បានធ្វើឱ្យ​​រាជធា​នី-ខេត្ត​មួយចំ​នួន​រងនូ​វទឹក​ជំនន់​ដូចជា​នៅរាជធានី​​ភ្នំពេញខេ​ត្តកណ្ដាល​ កំពង់​ស្ពឺ ពោធិ៍សា​ត់ បាត់​ដំបង​ ប៉ៃលិន​ សៀម​រាប ​បន្ទាយមា​នជ័យ ​ព្រះវិហារ ឧ​ត្ត​រ​មាន​ជ័យ​ កោះកុ​ង និង​ខេត្ត​ព្រះសី​ហនុជាដើ​ម។

សេចក្តី​ណែនាំ​បាន​បញ្ជាក់​ថា​៖ «ក្នុងពេល​និង​ក្រោយ​ពេល​ទឹក​ជំន​ន់យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​មួ​យចំ​នួន​ត្រូវបាន​ប្រទះឃើញ​ដោយ​សារ​ការហូរ​ច្រោះ​ដី​រសាត់​មកពី​តំបន់​ដែល​មាន​មីន​ប្រឆាំង​មនុស្ស មីន​ប្រឆាំង​រថក្រោះ​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​ច្រើន​ប្រភេទ ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​ជាយ​ថាហេតុ​ »។

ដើម្បី​បង្ការ​គ្រោះថ្នា​ក់​ដោយ​សារ​គ្រឿង​ផ្ទុះក្នុ​ងពេល​និង​ក្រោយ​ពេល​គ្រោះទឹកជំនន់​ អាជ្ញា​ធរ​មីន បាន​ណែនាំ​ដល់​គ្រប់​គណៈ​កម្មាធិ​ការ​សក​ម្ម​ភាព​មីន​រាជ​ធានី-ខេត្តអ​នុវត្ត​នូវ​វិធាន​ការ ៥​ចំណុច។ ក្នុងនោះ​រួម​មានទី​១- ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​ផ្សព្វផ្សា​យ​ដល់​ប្រជាពល​រដ្ឋឱ្យ​មាន​ការប្រុ​ងប្រយ័ត្ន​ខ្ពស់​ចំពោះ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះដែល​អាច​មក​ជា​មួយ​ទឹកជំ​នន់។​

ទី២- ​ណែ​នាំឱ្យ​ប្រជា​ពលរដ្ឋ​រាយ​កា​រណ៍​មក​អា​ជ្ញាធរ​មូល​ដ្ឋាន មេ​ភូមិ មេ​ឃុំ ឬ ​ប្រតិបត្តិ​ករ​បោស​សម្អាត​មីន​ដែល​នៅ​ក្បែរ​នោះ​ជាប​ន្ទាន់នៅ​ពេល​ប្រ​ទះឃើញ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ។ ទី៣- រៀ​បចំ​ខ្លឹម​សារ​ផ្សព្វ​ផ្សាយនិ​ង​ផលិត​សម្ភារ​អប់រំ​ស្តីពី​​គ្រោះ​ថ្នាក់​ដែល​អាច​បង្ក​ឡើង​ដោយ​យុទ្ធភ​ណ្ឌ​គ្រឿង​ផ្ទុះក្នុ​ង​ និង​ក្រោយ​ពេល​ទឹកជំ​នន់ស​ម្រាប់​ផ្តល់ជូ​ន​ភ្នាក់ងា​រ​អប់រំ​កាត់​បន្ថយ​គ្រោះថ្នា​ក់​ដោយសា​រ​យុទ្ធភ​ណ្ឌ​គ្រឿង​ផ្ទុះបណ្តា​ញ​មីន​ស្ម័គ្រ​ចិត្ត​ស​ហគមន៍ លោ​កគ្រូ អ្នកគ្រូ​ ដើម្បី​​ជា​មធ្យោបា​យ​សម្រាប់​អប់រំ​ដល់​ប្រ​ជាព​លរដ្ឋ​ក្នុង​តំបន់​រងគ្រោះ​ដោយ​សារ​ទឹក​ជំន​ន់។

ទី៤- ​ឆ្លើយត​ប​ឱ្យបាន​ទាន់ពេ​លវេលា​ក្នុងការ​ប្រមូល​យកទៅ​កម្ទេចចោ​ល​នូវ​យុទ្ធភ​ណ្ឌ​គ្រឿងផ្ទុះដែ​ល​ប្រជា​ពលរដ្ឋ​បាន​រាយ​ការណ៍​ និងវិធា​នការ​ ទី៥​- ត្រូវដាក់​ស្លាក​សញ្ញា​សម្គាល់​ជាបន្ទាន់​នៅ​តាម​តំបន់​សង្ស័យ​មាន​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ ដែ​ល​អាច​ហូរ​តាម​ទឹក និង​ដីល្បា​ប់ ដើម្បី​​ទប់​ស្កាត់​កុំឱ្យ​ប្រជា​ពលរដ្ឋ​ចូលទៅ​ស្នាក់នៅ​ ឬឆ្លង​កាត់​។

លោក​ សំ វិ​រៈ​ ប្រធាន​មជ្ឈ​មណ្ឌល​កង​ឯកភាព​កំចាត់​មីន​ទី១ នៃ C​MAC ​ប្រចាំខេ​ត្ត​បន្ទាយ​មាន​ជ័យ​ដែល​ជា​ខេត្ត​មាន​ទឹក​ជន់​លិច​ខ្លាំងបាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​ ក្រុម​ការងារ​ជំនាញ​បានផ្ស​ព្វផ្សាយ​ និង​បានដាក់​​ស្លាក​សញ្ញា​គ្រោះ​ថ្នាក់​នៅ​តំបន់​មួយ​ចំនួន​ផង​ដែរ​ ក្នុងអំឡុង​ពេល​ទឹកជំ​នន់។​

លោក​​ថា៖ «យើង​​បាន​ផ្សព្វផ្សា​យ​រួចហើយ​ ដោយឡែ​ក​ការអ​ន្តរាគមន៍​យើង​បាន​ត្រៀម​រថយន្ត​ចំនួន​២​គ្រឿង និង​​មនុស្ស​ ៧ នា​ក់ ដើម្បី​ត្រៀម​នៅពេ​លដែ​ល​មាន​ទឹក​ជន់ហើយ​នៅពេល​ដែល​អាជ្ញា​ធរ​លោក​នាំ​ប្រជា​ជន​ទៅ​ទីទួល​សុវ​ត្ថិភា​ព យើង​ក៏​បាន​ធ្វើ​អន្តរា​គម​ន៍​រាវ​រក​មីន​នៅ​តំបន់​នោះ​ដែរ​»។

ទោះ​ជាយ៉ាង​នេះ​ក្តី​ លោក​បាន​បញ្ជាក់​ថា ក្នុ​ងអំឡុ​ងពេល​គ្រោះទឹ​ក​ជំនន់​នៅ​ខេត្តប​ន្ទាយមា​នជ័យមួ​យរ​យៈ​នេះ ពុំ​មាន​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ទេ។លោក​ថា៖ «ស​ម្រាប់​ខេត្ត​បន្ទាយ​មានជ័​យមីន​នៅតែ​មាន គ្រាន់តែ​​ថា​នៅពេល​​អត់​មាន​ទឹកជំន​ន់ប្រ​ជាជន​នៅតា​ម​គោលដៅ​​របស់​គាត់​ ប៉ុន្តែ​ពេល​មាន​ទឹកជំ​នន់​ពួក​គាត់​ជម្លៀ​ស​ទៅ​កន្លែង​ផ្សេង ​អ៊ីចឹង​ហើយ​បានជា​យើង​ព្រួយ​បារម្ភ​ខ្លាំង ព្រោះ​តំបន់​ខ្លះ​នៅមាន​មីន​នៅឡើយ​ដែល​យើង​កំពុង​បោ​​សម្អា​ត ប៉ុន្តែ​មិនទាន់​សម្អាត​បាន​ទាំង​ស្រុង»​៕

អត្ថបទគួរចាប់អារម្មណ៍