ព្រះសីហនុៈ នគរបាល បាន​បញ្ជូន​ជនជាតិ​ចិន ប្រុស​-​ស្រី​ចំនួន ​៦​ នាក់​ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​ ២៩ ខែកញ្ញា ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ជាង​ ៨៦០ ​ក្រាម​។​

លោក តាក់ សារិទ្ធ ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៩ ​កញ្ញាថា​៖ «​ករណី​ជនសង្ស័យ​ គឺ​សមត្ថកិច្ច​ខ្ញុំ​បញ្ជូន​ពួកគេ​ទៅ​តុលាការ​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ២៩​ កញ្ញា​)»​។

លោក សារិទ្ធ បញ្ជាក់ថា​ ការបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​នេះ​បានធ្វើ​ឡើងជា​បន្តបន្ទាប់ ​គឺ​នៅ​ថ្ងៃទី​ ២៦ និង​ថ្ងៃទី​ ២៧​ កញ្ញា ​ក្នុង​ ២​ ទីតាំង​ផ្សេងគ្នា នៅ​សង្កាត់​លេខ ​២ និង​សង្កាត់​លេខ​ ៤ ក្រុង​-​ខេត្ដ​ព្រះសីហនុ​។

យោងតាម​របាយការណ៍ ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា វត្ថុតាង​គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ពី​ជនសង្ស័យ​ទាំង​៦ ​នាក់​នោះ​មាន ថ្នាំញៀន​ប្រភេទ កេ​តា​មីន ទម្ងន់ ​៣៩២,៩៦ ក្រាម ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​(ICE)​ ទម្ងន់ ៤៦៨,៦៥ ក្រាម ថ្នាំញៀន​ប្រភេទ WY ២៨៧ ​គ្រាប់ កញ្ឆា​ក្រៀម​ចំនួន​​ ២​ កញ្ចប់​តូច ថ្នាំ​ដប​ពណ៌​មាស​ចំនួន​២​ដប ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​ ១ រថយន្ត ​២ ​គ្រឿង​ព្រមទាំង​ទូរស័ព្ទ​ចំនួន​១០​គ្រឿង​ផងដែរ​។

​ជនសង្ស័យ​ទាំង​ ៦ ​នាក់​ ទី​១-​ ឈ្មោះ YANG KUN ភេទ​ប្រុស អាយុ ៣១ ​ឆ្នាំ, ​ទី​២-​ ឈ្មោះ CHEN YONG ភេទ​ប្រុស​អាយុ ៣៥ ​ឆ្នាំ​,​ ទី​៣-​ ឈ្មោះ ZHOU HONG ភេទ​ស្រី អាយុ ៣៤​​ ឆ្នាំ​,​ ទី​៤- ​ឈ្មោះ FANZHANG WEI ភេទ​ប្រុស អាយុ ២៩​ ឆ្នាំ​,​ទី​៥-​ ឈ្មោះ HONG JIN HONG ភេទ​ប្រុស អាយុ ៤៩ ​ឆ្នាំ និង​ឈ្មោះ CHAO FENG ភេទ​ប្រុស អាយុ ៣២ ​ឆ្នាំ​។

លោក​ ហួត វិចិត្រ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃទី ​២៩​ កញ្ញា​នេះ ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​តាម​ទូរស័ព្ទ​បានទេ​៕