
ជនសង្ស័យដែលត្រូវចាប់ខ្លួនក្រោយប្រើអំពើហិង្សា។ រូបថត នគរបាល
បាត់ដំបងៈ លោក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ថ្លែងនៅថ្ងៃទី ២៩ ខែកញ្ញាថា សមត្ថកិច្ចនគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការក្រោយពីប្រើហិង្សាទៅលើអ្នកកាសែតម្នាក់ និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកផ្សេងទៀត។
លោកថ្លែងថា៖ «ឥឡូវយើងកំពុងធ្វើការស៊ីបអង្កេតស្វែងរកជនល្មើសបន្តទៀត ចំណែកជនសង្ស័យប្រហែលជានៅថ្ងៃស្អែក [ថ្ងៃទី ៣០ ខែកញ្ញា] បានបញ្ជូនទៅតុលាការ»។
លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ថ្លែងនៅថ្ងៃទី២៩ ខែកញ្ញា ថា ជនសង្ស័យឆ្លើយសារភាពថា ការវាយទៅលើអ្នកកាសែតនោះ ពួកគេមានគ្នា២នាក់។
លោកថ្លែងថា៖ «យើងចាប់បានម្នាក់ហើយយើងកំណត់មុខសញ្ញាបានម្នាក់ទៀតដែលមានសាវតារ ហើយយើងបានដាក់ចូលក្នុងសំណុំរឿង និងបានបញ្ជូនទៅការិយាល័យជំនាញរួចហើយ អ៊ីចឹងការិយាល័យជំនាញបន្តនីតិវិធីយ៉ាងម៉េចទុកឱ្យខាងការិយាល័យគាត់បន្តម្តង»។
បើតាម លោក ពេជ្រ សារ៉ែន ជនសង្ស័យនេះមានឈ្មោះរឿត រ៉ាមី ភេទប្រុសអាយុ ២១ឆ្មាំមានទីលំនៅភូមិកំពង់ម្តោក ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង។ នៅថ្ងៃទី ២៨ ខែកញ្ញា វេលាម៉ោង ១៥ និង ៣០ នាទីនៅចំណុចក្រុមទី៣ ភូមិអូរតាគាំ ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីនេះបង្កដោយជនសង្ស័យមួយក្រុមមានម៉ូតូជាមធ្យោបាយនិងដុំឈើជាអង្កត់អុសផង បានធ្វើសកម្មភាពវាយ និងគប់ទៅលើឈ្មោះ ផ្លោយ ប៊ុនសឺយ ហៅ វីរៈភេទប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិអូរតាគាំ ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ជាភ្នាក់ងារសារព័ត៌មាន SBT Post News ប្រចាំខេត្តបាត់ដំបង។
លោក សាន្ត ប៊ុនធឿន ចាងហ្វាងការផ្សាយសារព័ត៌មាន SBT Post News ថ្លែងតាមរយៈវីដេអូឡាយនៅថ្ងៃទី ២៨ ខែកញ្ញាថា មានក្រុមក្មេងទំនើងជិះម៉ូតូ ៣ គ្រឿង ហើយបានវាយមកលើភ្នាក់ងារសារព័ត៌មាន SBT Post គឺលោក សេន វីរៈ គឺវាយប៉ុនប៉ងសម្លាប់បំបិទមាត់តែម្តង ដោយសារលោកសេន វីរៈទៅផ្សាយផ្ទាល់នាំឱ្យប៉ះពាល់ប្រយោជន៍របស់គេ។
លោកថ្លែងថា៖ «ដោយសារតែលោក សេន វីរៈ ទៅផ្សាយកន្លែងមួយដែលប្រព្រឹត្តបទល្មើសដូចជាបើកហាងផឹកស៊ីម៉ោង ៣ ម៉ោង ៤ ដែលបម្រាមគោចររបស់រាជរដ្ឋាភិបាលថ្នាក់អាជ្ញាធរខេត្តហ្នឹង គឺមិនអនុញ្ញាតឱ្យបើក ហើយក៏មានការប្តឹងពីអ្នកជិតខាងអ៊ីចឹងទៅ នៅពេលលោក សេន វីរៈ ទៅឡាយវាធ្វើឱ្យបាត់បង់នូវលាភសក្ការៈរបស់គេ»៕