ភ្នំពេញៈ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ​ខៀវ ​កាញារីទ្ធ ​បាន​ជម្រាប​ទៅកាន់​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​គ្រប់​ប្រភេទ​ហាម​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត ​«Methagu»​ ក្នុង​កម្មវិធី​ផ្សាយ​របស់ខ្លួន​ក្រោយ​មាន​សំណូម​ពរ​ពី​ប្រទេស​ស្រីលង្កា​ដោយ​បញ្ជាក់​ថា​ ខ្សែភា​ព​យន្ត​នេះ​មាន​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​អតីត​អង្គការ​ភេរវ​កម្ម ​Liberation Tigers of Tamil Eelam (ETTE) ​ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ភេរវកម្ម​ដ៏​ឃោរឃៅ​នៅក្នុង​សកល​លោក​។​​

យោង​តាម​លិខិត​របស់ ​លោក​ ខៀវ​ កាញារីទ្ធ​ ចុះ​កាល​ពី​ថ្ងៃទី​ ២៣ ​ខែកញ្ញា​នេះ​ បាន​ជម្រាប​ទៅ​លោក​ លោក​ស្រី ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ ទូរទស្សន៍​ខ្សែកាប និង​ម្ចាស់​ទូរទស្សន៍​គ្រប់​ប្រភេទ​បាន​ឱ្យ​ដឹង​ថា​ការហាម​ចាក់​ផ្សាយ​ខ្សែភាព​យន្ត «Methagu»​ ដោយ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​កម្ពុជា ​បាន​ទទួល​សំណូម​ពរ​ពី​ប្រទេស​ស្រីលង្កា​ស្នើសុំ​ឱ្យ​កម្ពុជា​ជួយ​ទប់ស្កាត់​ការ​ចាក់ផ្សាយ​ខ្សែ​ភាពយន្ត​នេះ​។

លោក​រដ្ឋ​មន្ដ្រី​បញ្ជាក់​តាម​លិខិត​ថា​៖ «​ខ្សែ​ភាព​យន្ត ​«Methagu» ឆ្លុះបញ្ចាំង​អំពី​ជីវិត​របស់​អតីត​អង្គការ​ភេរវកម្ម ​Liberation Tigers of Tamil Eelam (ETTE) ដឹកនាំ​ដោយ VelupillaiPrabhakaran និង​ផលិត​ដោយ​អង្គការ Tamil Eelam Film Society ដែល​ត្រូវបាន​គេ​កំណត់ថា ETTE គឺជា​អង្គការ​មួយ​ក្នុងចំណោម​អង្គការ​ភេរវកម្ម​ដ៏​ឃោរ​ឃៅ​នៅក្នុង​សកលលោក​»​។

បើតាម​លិខិត​របស់​លោក​រដ្ឋមន្ដ្រី​បាន​ឱ្យដឹង​ថា​ បច្ចុប្បន្ន​ ខ្សែ​ភាព​យន្ត ​«Methagu»​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​បណ្ដាញ​សង្គម​រួមមាន​ Internet sites​ និង​ the BS Value App​។

លោក​ មាស​ សុ​ភ័​ណ្ឌ​ អ្ន​ក​នាំពាក្យ​ក្រសួង​ព័ត៌​មាន​ បញ្ជាក់​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ២៩​ កញ្ញា​នេះ​ថា​មូល​ហេតុដែល​ក្រសួង​ព័ត៌មាន​ ជម្រាប​ជូន​ លោក​លោក​ស្រី​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​គ្រប់​ប្រភេទ​ហាម​ចាក់​ផ្សាយ​ខ្សែភាព​យន្ត «Methagu» ក្នុង​កម្មវិធី​ផ្សាយ​របស់ខ្លួន​នេះ តាម​សំណើរ​បស់​ក្រសួង​ការបរទេស ​និង​សហ​ប្រតិ​ប​ត្ដិ​ការ​អន្តរជាតិ​កម្ពុជា​ដោយ​មាន​ការ​ស្នើ​ពី​ប្រទេស​ស្រីលង្កា​។​

លោក​ថ្លែង​ថា​៖ «​ដូច​មាន​បញ្ជាក់​នៅក្នុង​លិខិត​របស់​ក្រសួង​ហើយ គឺ​ខ្សែភាពយន្ត​ «Methagu»​ នេះ​ ជាការ​ផលិត​របស់​អង្គការ​ភេរ​វក​ម្ម និង​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​ភេរ​វក​ម្ម​។​ ក្រសួង​ព័ត៌មាន​លើក​យក​មូលហេតុ​មកនេះ​ គឺ​តាម​សំណើ​របស់​ក្រសួង​ការ​បរទេស បញ្ជាក់​តាម​រយៈ​លិខិត​ដែល​ប្រទេស​ស្រីលង្កា​ស្នើ​មក​ប្រទេស​កម្ពុជា​»​។

លោក​ មាស សុ​ភ័​ណ្ឌ ​បញ្ជាក់​ថា​ នៅ​មុន​ការ​ជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន​នេះ ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​បណ្ដា​ស្ថានីយ​ទូរទស្សន៍​នៅ​កម្ពុជា​មិនទាន់​មាន​ការ​ចេញផ្សាយ​ខ្សែភាពយន្ត​នេះ​នៅឡើយ​ទេ​។ ​ដូច្នេះ​ ទើប​ក្រសួង​ជូន​ព័ត៌មាន​នេះ​ជា​សាធារណៈ ​ក្នុង​ករណី​ស្ថានីយ​ទូរទស្សន៍ ​ឬ​បណ្ដាញ​ផ្សព្វផ្សាយ​ណា ទទួល​ខ្សែភាព​យន្ត​នេះ​ឱ្យចូល​រួ​ម​សហការ​កុំ​ធ្វើការ​ផ្សព្វផ្សាយ​៕