ភ្នំពេញៈ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ឡានមី ​(Lanmei Training Center) ​ក្រោម​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​កងទ័ព​ជើង​អាកាស​បានបើក​ឱ្យមាន​ការហោះហើរ​ជាលើក​ដំបូង​របស់ខ្លួន ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​កម្ពុជា ​បន្ទាប់ពី​បានបណ្តុះ​បណ្តាល​ដល់​និស្សិត​នាពេល​កន្លង​មក​នេះ។

លោក​ គង់ មុនី ​នាយ​សេនាធិការ ​និង​ជាមេបញ្ជាការ​រង​កងទ័ព​ជើង​អាកាស ​ថ្លែង​ក្នុង​ពិធី​បើក​ការហោះហើរ​ បង្ហាញ ​និង​ផ្សព្វផ្សាយ ​នា​ថ្ងៃទី ២៩ ​កញ្ញា​ថា ​ការហោះហើរ​ជាលើក​ដំបូង​នេះ ​ក្រោម​កិច្ចសហការ​រវាង ​កងទ័ពជើង​អកាស ​និង​មជ្ឈមណ្ឌល​ឡានមី ​ដែលជា​ផែនការ​យុទ្ធ​សាស្ត្រ​ក្នុង​រយៈពេល​វែង ​ក្នុង​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​កម្ពុជា​ក្នុង​វិស័យ​ហោះហើរ​ ក៏ដូចជា​ផ្នែក​ជួសជុល​បច្ចេកទេស ​និង​បញ្ជា​យន្ត​ហោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នេះ ​គឺជា​ការរួម​ចំណែក​ក្នុង​ការកសាង​ធនធាន​មនុស្ស ​ជាពិសេស ​ផ្នែក​ជំនាញ​អាកាសយានិក ​(Pilots)​ នៅ​ក្នុង​វិស័យ​អាកាសចរណ៍​កម្ពុជា ​ឱ្យ​មាន​បរិមាណ ​និង​គុណភាព ​ឱ្យដូច​ទៅនឹង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ​និង​នៅលើ​ពិភព​លោក ។

លោក​ថ្លែងថា​៖ «កម្ពុជា​កំពុងតែ​មាន​ការអភិវឌ្ឍ​ផ្នែក​អាកាសចរណ៍​ស៊ីវិល ​ដូចនៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​ និង​នៅលើ​ពិភពលោក ​ដែល​តម្រូវការ​ធនធាន​មនុស្ស​ក្នុង​ស្រុក​នៅ​ក្នុង​វិស័យ​នេះ ​ត្រូវតែ​មាន​ជា​ចាំបាច់»។

លោក​ ចាន់ ជីសេង​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ឡានមី ​បានឱ្យដឹង​ដែរ​ថា ​ការបើក​មជ្ឈមណ្ឌល​បណ្តុះណ្តាល​ធនធាន​មនុស្ស​ផ្នែក​ជំនាញ​អាកាសយានិក ​ធ្វើ​ឡើង​ដោយសារតែ​កម្ពុជា​មាន​ការខ្វះខាត​ធនធាន​មនុស្ស​ផ្នែក​ជំនាញ​នេះ ​ជាជនជាតិ​ខ្មែរ​ ខណៈ​វិស័យ​អាកាសចរណ៍​ស៊ីវិល​របស់​កម្ពុជា ​មាន​ការរីក​ចម្រើន ។

លោក​បន្តថា​ មជ្ឈមណ្ឌល​នេះ ​គឺ​សម្រាប់​បម្រើ​ឱ្យ​និស្សិត​កម្ពុជា ​ដោយ​ពួកគេ​មិន​ចាំបាច់​ទៅ​រៀន​ នៅ​ក្រៅ​ប្រទេស​នោះ​ទេ ​គឺ​អាច​រៀន​នៅ​ក្នុង​ស្រុក​បាន ​ដើម្បី​បំពេញ​តម្រូវការ​ផ្នែក​វិស័យ​អាកាសចរណ៍​របស់​កម្ពុជា។ កន្លង​មកនេះ ​កម្ពុជា​មាន​ការខ្វះខាត​ផ្នែក​អាកាស​យានិក ​វិស្វករ​ ពហុនិការ ​ដែល​ភាគច្រើន​ជាជន​ជាតិ​បរទេស ។

លោក​ថ្លែងថា​៖ «សាលា​ដែល​បង្កើត​ឡើង​មក​នេះ ​ដើម្បី​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ជាជាជន​ខ្មែរ ​ឱ្យ​ក្លាយជា​អ្នកបើកបរ​ខ្មែរ​ ជាអ្នក​ជួយ​ខ្មែរ​ ពហុនិការ​របស់​យើង​ក៏ជាជន​ខ្មែរ ​ដើម្បី​ជំនួស​ជនបរទេស​ទៅ​ថ្ងៃអនាគត ​និង​បំពេញ​សេចក្តី​ត្រូវការ​របស់ ​[អាកាសចរណ៍]​ នៅ​ក្នុង​ស្រុក​ យើង​ប្រើ​កូន​ខ្មែរ»។

លោក​ ខាន់ វណ្ណា ​អគ្គនាយក​បច្ចេកទេសនៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ឱ្យដឹង​ដែរ​ថា ​កិច្ចសហ​ប្រតិបត្តិការ​ រវាង​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ឡានមី ​និង​កងទ័ព​ជើង​អាកាស ​នឹង​មាន​កម្មវិធី​ជាក់លាក់​ក្នុង​ការរៀបចំ​ផែនការ ​យុទ្ធសាស្ត្រ ​សម្រាប់​ហ្វឹកហ្វឺន ​និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មាន​ចំនួន​ធំធេង​ជាង​បច្ចុប្បន្ន ​ដូច​នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែល​កំពុង​អភិវឌ្ឍន៍​ជឿន​លឿន​នៅ​ក្នុង​សកល​លោក។

លោក​ថ្លែងថា ​ចំពោះ​មុខ​គោល​ការណ៍​កិច្ចសហ​ប្រតិបត្តិការ ​រវាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ឡានមី ​និង​កងទ័ព​ជើង​អាកាស ​មិនត្រឹម​តែ​បណ្តុះ​បណ្តាល​អាកាស​យានិក​នោះ​ទេ ​ប៉ុន្តែ​ក៏​នឹង​ឈាន​ទៅរក​ការបណ្តុះ​បណ្តាល​បន្ថែម​ទៀត​នូវ​ធនធាន​មនុស្ស​ផ្នែក​វិស្វករ​យន្ត​ហោះ ​ដែល​ប្រទេស​កម្ពុជា​នៅ​មាន​ការខ្វះ​ខាត​ជា​ច្រើន។ ជាក់​ស្តែង​ការបម្រើ​សេវា​ពិនិត្យ​មើល ​និង​ថែទាំ​យន្តហោះ​មាន​វិស្វករ​បរទេស​ជាច្រើន​ដែល​កំពុង​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ ដោយសារតែ​ធនធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​ នៅ​មាន​កម្រិត។

លោក​ថ្លែងថា​៖ «ដូច្នះ​កិច្ចសហ​ប្រតិបត្តិការ​នេះ ​ជាមូលដ្ឋាន​អាទិភាព​ដ៏រឹងមាំ ​ជំរុញឱ្យ​មាន​ធនធាន​មនុស្ស​គ្រប់​ជំនាញ​ ស្របតាម​តម្រូវ​ការ​ទីផ្សារ​អាកាសចរណ៍​ស៊ីវិល ​សម្រាប់​បច្ចុប្បន្ន ​និង​អនាគត»៕