បន្ទា​យ​មាន​ជ័យៈ ថ្វីបើ​កម្ពស់​ទឹក​នៅ​តាម​​អូរ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ ក្នុង​​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ស្រក​ចុះ​វិញ​បណ្ដើរៗ​ក្ដី ប៉ុន្តែ​ក្រុង​សិរីសោ​ភ័ណ និងស្រុក​មង្គល​បុរី ទឹកបាន​បន្ត​ជន់​ឡើង​ និង​លិច​លង់​កាន់តែ​ខ្លាំង​ធ្វើ​ឲ្យ​ចំនួន​គ្រួសារ​រង​គ្រោះ​ដែល​ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិ​ភាព​កើន​ឡើង​ដល់​ជាង​ ១ ១០ ០​គ្រួសារ។ នេះ​បើតាម​លោក​ ឈុន ប៊ុន​ថា នាយក​ទីចាត់​ការ​អន្តរ​វិស័យ​នៃ​រដ្ឋ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក ប៊ិន​ថា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពីថ្ងៃទី ​២៩​ កញ្ញាថា ​ពេល​នេះ​ទឹក​នៅ​តាម​ដងអូរ​ជាប់​ព្រំដែន​កម្ពុជា-​ថៃ បាន​ស្រក​ចុះ​ ​ជា​បណ្ដើរៗ​ហើយ​ពិសេស​អូរ​ព្រំដែន​កម្ពុជា-ថៃ​ ក្នុង​ស្រុក​ម៉ាឡៃទឹ​កបាន​ស្រក​ចុះដល់​២,៨​ម៉ែត្រ​ហើយ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៩​ កញ្ញា​ ខណៈ​កម្ពស់​ទឹក​នៅ​អូរ​ព្រំដែន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត្រ​បាន​ស្រក​អស់ ០,១៧​ ម៉ែត្រ​បើ​ធៀប​​នឹង​ថ្ងៃទី​ ២៨​ ខែ កញ្ញា ​ឆ្នាំ​ ២០២១​​។

លោក​បាន​បញ្ជាក់​ថា៖​ «ការ​ស្រក​ចុះ​នូវ​កម្ពស់​ទឹក​នៅតាម​អូរ​ព្រំដែន​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ស្រុក​ទាំងនេះ ​បានធ្វើ​ឲ្យ​មាន​ការ​ជន់​លិច​យ៉ាង​គំហុក​នៅ​ក្នុង​ក្រុង​សិរី​សោ​ភ័ណ និង​ស្រុក​មង្គល​បុរី និង​ធ្វើ​ឲ្យ​ចំនួនព​លរដ្ឋដែល​រង​ផល​ប៉ះពាល់ដោ​យ​គ្រោះ​ទឹក​ជំនន់​នេះ កើន​ឡើង​រហូត​ដល់​ ១៨ ​៧១៥ ​គ្រួសារ​ ក្នុងនោះ​​ពលរដ្ឋ​ចំនួន ​១ ១៥០ ​គ្រួ​សារ បាន​ជម្លៀស​ទៅ​កាន់​ទួល​សុវត្ថិ​ភាព»​។

បើ​តាម​លោក ប៊ុន​ថា ក្នុង​ចំណោម​ពលរដ្ឋ​ ១ ១៥០ ​គ្រួសារ ដែល​ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភា​ពគឺភាគ​ច្រើនជា​ពលរដ្ឋ​ដែល​រស់នៅ​​ជាប់​មាត់​ស្ទឹង ព្រែក និង​ដងអូរ​នានា ក្នុងក្រុង​សិរី​សោភ័ណ​ ស្រុក​មង្គល​បុរី ក្រុង​ប៉ោយ​ប៉ែត ​និង​ស្រុក​ភ្នំ​ស្រុក​។

លោក​បាន​បន្តថា ក្នុង​រយៈពេល​២ថ្ងៃ​នេះ មេឃ​ស្រឡះ​ល្អ​នៅពេល​ថ្ងៃនិង​មាន​ភ្លៀង​ធ្លាក់​តិចតួច​នៅពេ​ល​យប់​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ភ្នំស្រុក ភាគ​ខាងក្រោ​ម​នៃ​តំបន់​ជួរ​ភ្នំ​ដងរែក។ ទោះជា​បែបនេះ​ក្ដី រហូតម​កទល់​ពេលនេះ​ មិនទា​ន់​មាន​ពលរដ្ឋ​ណា​ម្នាក់​ទទួលរង​គ្រោះថ្នាក់​ដោយ​សារ​គ្រោះ​ទឹកជំ​នន់​នេះ​នៅឡើយ​​ទេ។

លោក​បាន​បន្ថែមថា៖ «ប៉ុន្តែ​ផលប៉ះពាល់​លើ​ដំណាំ​កសិកម្ម របស់​ប្រជាពលរដ្ឋ មាន​ភាព​ស្រួចស្រាល់កាន់តែ​ច្រើនឡើង ដែល​គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៨ ខែ កញ្ញា​ ឆ្នាំ ២០២១ នេះ ទឹកបាន​ជន់​លិច​ និង​ប៉ះពាល់​ដំណាំ​ស្រូវ​រហូតដល់​ចំនួន ២៥ ២២៣ ហិកតា និង​ដំណាំ​រួមផ្សំចំនួន៣០១ហិកតាព្រមទាំង​បាន​ជន់​លិច​ផ្លូវលំ​ជនបទសរុប​ជាង ១០០ គីឡូម៉ែត្រ​ផងដែរ»។

ទន្ទឹ​មនឹ​ង​នេះដែរ​សមត្ថកិច្ច​គ្រប់លំដាប់​​ថ្នាក់​ទូទាំង​ខេត្តបន្ទា​យមា​នជ័យ និ​ងកម្លាំង​អន្តរាគមន៍​ពី​ថ្នា​ក់ជាតិ​តាម​រយៈ​គណៈក​ម្មាធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហ​ន្តរា​យ បើក​យុទ្ធនា​ការរំដោះ​ទឹកជំ​នន់​ចេញពី​ក្រុង​ស្រុក​ទាំង ២ ​នេះ តាមរយៈ​ការជីក​កាយ​ស្ដារ​ប្រព័ន្ធ​អូរ និង​ប្រឡាយ បើក​មុខ​ទឹក​ដើម្បី​ឲ្យ​ហូរ​​ចាក់​ទៅក្នុង​បឹង​ទន្លេ​សាប។ ​

លោក​ រ័ត្ន ដា​ស៊ី​ណង់ អ​ភិបាលស្រុ​ក​មង្គល​បុរី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ​ពេល​នេះស្ថាន​ភាព​ទឹកជំនន់នៅ​​ស្រុក​​មង្គល​បុរី មាន​សភាព​កាន់តែ​ខ្លាំងឡើង​ ដោយសា​រ​មានទឹក​ហូរ​ធ្លាក់​យ៉ាងគំ​ហុក​ពី​ក្រុង​ប៉ោយប៉ែត​ ស្រុក​ម៉ាឡៃ ​និងផ្នែក​ខ្លះ​ទៀត​នៃ​ស្រុក​បវេល​ ខេត្ត​បាត់​ដំបង​។

លោក​បាន​បញ្ជាក់​ថា៖ «ដើម្បី​កាត់​បន្ថយ​ការ​ជន់​លិច​លំនៅឋា​ន អាជ្ញាធ​រ​យើង​បាន​ប្រើ​គ្រឿង​ចក្រ ជីក​កាយ​ស្ដារ​ប្រព័ន្ធ​អូរ​និង​ប្រឡា​យ​បើក​មុខទឹក​ចំនួន ​៨ ក​ន្លែង ដើម្បី​ឲ្យ​ទឹក​ហូរ​ស្រុង​ចុះទៅ​កាន់​បឹង​ទន្លេសា​ប។ ប្រសិនបើ​​គ្មាន​ភ្លៀង​ធ្លាក់ និងទឹកជំ​នន់​ធ្លាក់​ពី​ប្រទេស​ថៃ​ ទៀត​ទេនោះ​ ក្នុង​រយៈពេល​ ១ ស​ប្ដាហ៍​ខាងមុ​ខនេះ ទឹក​នឹង​ស្រក​ទៅរក​សភាព​ដើម​វិញ»​។

ស្រដៀង​​គ្នា​នេះ លោក សុ​ខ ឫទ្ធី ​អភិបាលរង​ស្រុក​ភ្នំស្រុក បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ជំនន់​ទឹកភ្លៀ​ង និងទឹក​ដែល​ហូរ​ធ្លាក់​ពី​តំបន់​ជួរ​ភ្នំ​ដង​រែក ​បានធ្វើ​ឲ្យ​កម្ពស់​ទឹក​នៅ​អាង​ត្រពាំង​ថ្ម និងអាង​ស្ពាន​ស្រែង ហក់​ឡើង​លើសពី​កម្រិត​ប្រកាសអា​សន្ន ប​ង្ក​ឲ្យ​ជន់​​លិច​និង​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ទូទាំង​ស្រុក​ភ្នំស្រុក ​ពិសេស​ពលរដ្ឋ​នៅ​ភូមិឈូក​​អាង ឃុំ​ពន្លៃ​។

លោកបា​ន​ប​ញ្ជាក់​ថា៖ «គិត​ត្រឹម​ថ្ងៃទី ២៩ ខែ កញ្ញា ​ឆ្នាំ ២០២១ នេះ​ គ្រោះទឹក​ជំនន់បាន​បង្ខំ​ឲ្យ​ពលរ​ដ្ឋ ៤៨​ គ្រួសារ​ជម្លៀស​មក​ទីទួល​សុវត្ថិ​ភាព និង​បាន​ប៉ះ​ពាល់​ដំណាំ​ស្រូវ​ដំឡូង​មី និង​ដំណាំ​រួមផ្សំ សរុប​ជាង​ ១ ម៉ឺន​ហិកតា»​។

បើតា​ម​លោក​ ឫទ្ធី នៅក្នុង​ខណៈ​នេះក្រុម​ការងា​រ​រដ្ឋបាល​ស្រុក​ភ្នំស្រុកកំ​ពុង​សហការ​ជាមួយ​ក្រុមម​ន្ត្រី​ជំនាញ​នៃ​មន្ទីរ​​ធនធា​នទឹ​ក ជីក​កាយ​ប្រឡាយ​និង​អូរ​មួយ​ចំនួន​ ដើម្បី​រំដោះ​ទឹក​ពី​ក្នុង​ភូ​មិឲ្យ​ហូរ​ចាក់​ទៅ​បឹង​ទន្លេសាប​ ព្រោះ​កម្ពស់​ទឹក​នៅ​បឹង​ទន្លេ​សាប​នៅ​ទាប​នៅ​ឡើយ។​

ដោយ​ឡែក​នៅឯ​​ខេត្តព្រះ​វិហារ ​ទឹកស្ទឹង​សែន​បាន​ហូរ​ចុះ​ពី​ផ្នែក​ខាងលើ​មក​ចាល់​លិច​នៅ​ភាគ​ពាយព្យ​នៃ​ក្រុង​ព្រះ​វិហារ​ដែល​ជា​តំបន់​ក្រពះ​អាង​នៃ​ស្ទឹង​សែន ​ប៉ុន្តែ​មិន​បង្ក​ផលប៉ះ​ពាល់​ដល់​លំ​នៅឋាន​របស់​ពលរដ្ឋ​នោះទេ។​នេះ​បើតាម​​លោក ចាប កុយ ​ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​ និង​ឧតុ​និយម​ខេត្ត​ព្រះវិហារ​។

លោក​បាន​បញ្ជាក់​ថា៖ «នៅក្រោ​យ​បុណ្យ​ភ្ជុំ​ខាង​មុខ​នេះ ទឹកនឹង​ហូរ​ស្រក​ពី​ក្រុង​ព្រះវិហា​រ ឆ្ពោះ​ទៅ​ខ្សែទឹក​ខាងក្រោ​ម ​នៅក្នុង​ខេត្ត​សៀមរាប ហើយ​បន្ទាប់​មក​ទឹក​នឹង​បន្ត​ហូរ​ចុះទៅ​ខេត្ត​កំពង់​ធំ។ ទោះ​យ៉ាងណា ​ឆ្នាំនេះ ជំន​ន់​ទឹក​ស្ទឹង​សែន ទំ​នងជា​មិនធំ​និង​ធ្ង​ន់ធ្ងរ​ដូច​ឆ្នាំមុន​នោះទេ ព្រោះ​នៅពេល​នេះ​ផ្ទៃមេឃ​​ស្រឡះ ​និង​មិន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នោះទេ​»។

​យ៉ាងណា​​ក្ដី លោក ចា​ប កុយ​ នៅតែ​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​​ជាប់មាត់​​ស្ទឹងសែន​ត្រង់ខ្សែ​ទឹក​ខាង​ក្រោម​បង្កើន​ការប្រុង​ប្រយ័ត្ន និង​ត្រៀមល​ក្ខណៈ​ជាមុន ដើម្បី​បង្កា​រ​គ្រោះថ្នាក់​ផ្សេង​ៗ៕

វីដេអូ៖