
ភ្នំពេញៈ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (គ.អ.ក) ប្រកាសនៅព្រឹកនេះថា សមត្ថកិច្ចបានឃាត់មនុស្សធ្វើការអប់រំ និងពិន័យចំនួន ៦៣ នាក់បញ្ជូនទៅតុលាការ ១ នាក់ ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលកាលពីម្សិលមិញ។
តាមសេចក្តីជូនដំណឹង (គ.អ.ក) នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញានេះបានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សធ្វើការអប់រំ និងពិន័យចំនួន ៦៣ នាក់ បញ្ជូនទៅតុលាការ ១ នាក់ និងធ្វើការឃាត់យានយន្ត ៣៣ គ្រឿងដែលមានរថយន្ត ១៦ គ្រឿង និងម៉ូតូ ១៧ គ្រឿង ពាក់ព័ន្ធករណីល្មើសវិធានការរដ្ឋបាល និងវិធានការសុខាភិបាលនៅថ្ងៃទី ២៩ ខែកញ្ញា។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃដដែលនោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ចំនួន ៤៦ ករណីដោយពិន័យជាប្រាក់បានចំនួន ១៥ ២០០ ០០០ រៀល អនុវត្តវិធានការផ្សព្វផ្សាយច្បាប់បានចំនួន ៥៩៣ ទីតាំង និងធ្វើការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ២៥៤ នាក់ ធ្វើដំណើរតាមយានយន្ត ១៧៣ គ្រឿង៕