ភ្នំពេញៈ ក្រុម​ប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​កុមារ (​ក.ជ.ក) សហការ​ជាមួយ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា អង្គការ​សកម្មភាព​ ដើម្បី​កុមារ​ឆាលហ្វាន់​កម្ពុជា អង្គភាព​ការពារ​កុមារ និង​ដៃគូ នៅ​ថ្ងៃទី​ ២៩ កញ្ញា​នេះ ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ «​ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ ឆ្នាំ​ ២០១៩-២០២៩» ដើម្បី​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ផែនការ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​។

គោលនយោបាយ​ជាតិ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដាក់ឱ្យ​ប្រើប្រាស់​ ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​កាលពី​ថ្ងៃទី​ ២៩ ខែឧសភា ឆ្នាំ​​ ២០២០​។ ផែនការ​អនុវត្តន៍​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​ឆ្នាំ​ ២០១៩-២០២៩ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​អនុវត្ត​ផែនការ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ២៩ ខែកញ្ញា ស្ដីពី​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​​ផ្លូវការ ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​។

លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​ថ្លែង​ក្នុង​ពិធី​នេះ​ថា ពិធី​ប្រកាស​ជា​ផ្លូវការ​នាពេលនេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​ក្រសួង​ស្ថាប័ន​ និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការពិនិត្យ​លទ្ធភាព​ទទួល​យក​នូវ​សកម្មភាព​ពាក់ព័ន្ធ​ដែលមាន​នៅក្នុង​ផែនការ​អនុវត្ដ​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​ឆ្នាំ​ ២០១៩-២០២៩​ដើម្បី​ឱ្យមាន​សង្គតិភាព​ទៅនឹង​ផែនការ​ប្រតិបត្តិ​របស់​ក្រសួង​ស្ថាប័ន​នីមួយៗ​។

លោក​ថ្លែងថា​៖ «​ទោះបី​មាន​ការយកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​ដោយបាន​បង្កើត​នូវ​យន្តការ​ជាច្រើន​ក្នុង​ការគ្រប់គ្រង និង​ផ្តល់​សេវា​ដល់​មុខសញ្ញា​កុមារ​ទូទៅ​ និង​កុមារ​រងគ្រោះ​យ៉ាងណា​ក៏ដោយ ក៏​នៅមាន​កុមារ​មួយចំនួន​កំពុង​រស់នៅក្នុង​ស្ថានភាព​លំបាក​រងគ្រោះ​ដែល​ត្រូវការ​ការគាំទ្រ និង​អន្តរាគមន៍​ជា​ចាំបាច់​»​។

«​យើង​ត្រូវតែ​ពង្រឹង​យន្តការ​អនុវត្ត​ប្រព័ន្ធ​កិច្ចការពារ​កុមារ និង​កសាង​សមត្ថភាព​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ​សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​ឱ្យមាន​ប្រសិទ្ធភាព​ស្របតាម​ស្ថានភាព​ជាក់ស្តែង​នៅឡើយ​»​។

លោក វង សូត ថ្លែងថា បច្ចុប្បន្ន​ការអន្តរាគមន៍​ចំពោះ​កុមារ​រងគ្រោះ​នៅ​ដាច់ដោយឡែក​ដោយ​មិនទាន់​មាន​ក្របខ័ណ្ឌ​ការងារ និង​ប្រព័ន្ធគ្រប់គ្រង​ច្បាស់លាស់​នៅឡើយ​។

លោក​ថា​៖ «​ដូច្នេះ​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​កុមារ​ឱ្យមាន​លក្ខណៈ​ជា​ប្រព័ន្ធ​»​។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​ថ្លែង​ក្នុង​ពិធី​នេះដែរ​ថា​៖ «​ការលើក​កម្ពស់​សិទ្ធិ​កុមារ និង​កិច្ចការពារ​កុមារ​ជា​ការងារ​របស់​យើង​ទាំងអស់​គ្នា​ដែល​តម្រូវ​ឱ្យ​យើង​រួបរួមគ្នា​បំពេញ​ការងារ​ជា​ពហុវិស័យ​ប្រទាក់ក្រឡា​គ្នា​»​។

លោកស្រី​ថ្លែងថា កិច្ចការពារ​កុមារ​ក៏ត្រូវ​បាន​ពិភពលោក​កំពុងតែ​យកចិត្ត​ទុកដាក់ និង​រួមគ្នា​ដើម្បី​បង្ការ​ទប់ស្កាត់ និង​ឆ្លើយតប​ការរំលោភបំពាន​គ្រប់​ទម្រង់​ផងដែរ ហើយ​កម្ពុជា ជា​ប្រទេស​ដែល​កំពុង​បោះជំហាន​ទៅមុខ​ក្នុង​ការចូលរួម​លើ​កិច្ចការងារ​នេះ​យ៉ាងសកម្ម​សំដៅ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ការលើកកម្ពស់​កិច្ចការពារ​កុមារ​ ដើម្បី​ជា​ឧត្តមប្រយោជន៍​របស់​កុមារ​គ្រប់រូប​។

តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា អ្នកស្រី គ្វីន នេតវ៉ង លើកឡើងថា ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​គឺជា​សមទ្ធិផល​ដ៏អស្ចារ្យ​មួយទៀត​ ដើម្បី​លើកកម្ពស់​កិច្ចការពារ​កុមារ​នៅ​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​នេះ​គឺជា​ការប្តេជ្ញាចិត្ត​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការពង្រឹង​ការអនុវត្ត​កិច្ចការពារ​កុមារ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា​។ វិធីសាស្ត្រ​ជា​ប្រព័ន្ធ​ស្តីពី​ការអនុវត្ត​កិច្ចការពារ​កុមារ​ទាមទារ​ឱ្យ​យើង​ម្នាក់ៗ​ធ្វើការ​រួមគ្នា និង​ធានា​ឱ្យបាន​នូវ​កិច្ចការពារ​កុមារ​ និង​សំឡេង​របស់​ពួកគេ​ជាពិសេស​ក្មេងស្រី​ដែលជា​បេះដូង​នៃ​ការងារ​របស់​យើង​»​។

លោកស្រី​ថា​៖ «​ខ្ញុំ​ជឿជាក់ថា​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ទៀត​បាន​ត្រៀមខ្លួន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ធ្វើឱ្យ​ផែនការ​សកម្មភាព​ជាតិ​រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខនេះ​ទទួលបាន​ជោគជ័យ​សម្រាប់​កុមារ​រាប់លាន​នាក់​ជាពិសេស​កុមារី​នៅ​កម្ពុជា​»​។

កុមារី រិន ណងគា តំណាង​កុមារ និង​យុវជន​លើកឡើង​តាមរយៈ​ពិធី​នេះ​ដោយបាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​ និង​ការឆ្លើយតប​របស់​រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួង​ពាក់ព័ន្ធ​នានា​ចំពោះ​កិច្ច​គាំពារ​កុមារ និង​យុវជន​នេះ​។

កុមារី​រូបនេះ​ថា​៖ «​នាង​ខ្ញុំ​តំណាង​ឱ្យ​កុមារ​ពិតជា​មាន​សេចក្ដីសោមនស្ស​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ឱ្យ​ប្រើប្រាស់​នូវ​ផែនការ អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ​ឆ្នាំ​ ២០១៩-២០២៩ ​ដែល​ទាំងនេះ​ជា​ជំហាន​ថ្មី​មួយ​ក្នុង​ការវិនិយោគ​ជាមួយ​កុមារ​។ នេះ​គឺជា​អ្វីដែល​បង្ហាញ​ពី​ការយក​ចិត្ដ​ទុកដាក់​យ៉ាង​មោះមុត​របស់​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​វិស័យ​អំពី​ការការពារ​សុវត្ថិភាព​កុមារ និង​ឧត្ដមប្រយោជន៍​របស់​កុមារ​កម្ពុជា​។ ការផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​អំពី​ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​នេះ អ្នកពាក់ព័ន្ធ​ដែលជា​អ្នកដើរ​តួនាទី​ក្នុង​ការអនុវត្ដ​គោលនយោបាយ​នេះ និង​ធានាថា បញ្ហា​ដែល​កុមារ​បាន​ជួបប្រទះ​ត្រូវបាន​ដាក់បញ្ចូល​ ដើម្បី​ដោះស្រាយបាន​ទាន់ពេលវេលា​ជាពិសេស​ការរៀបចំ​យន្តការ​មួយ​ដែល​ងាយស្រួល​ឆ្លើយតប និង​អន្តរាគមន៍​ទៅលើ​ករណី​នានា​ដែល​កុមារ​បាន​ជួបប្រទះ​»៕