ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី​ ២៩ កញ្ញា បានប្រកាស​សាលដីកា ដោយ​កែ​សំណង​រដ្ឋប្បវេណី ពី​ ៤០០ ​លាន​រៀល ទៅ​ ៨០០ ​លាន​រៀល​វិញ តាម​ការសម្រេច​របស់​តុលាការ​ខេត្តតាកែវ ដោយ​តម្រូវឱ្យ​ជនជាប់ចោទ​សង​សំណង​ទៅ​ស្ត្រី​រងគ្រោះ​ពាក់ព័ន្ធ​នឹង​បទចោទ​ប៉ុនប៉ង​ឃាតកម្ម ប្រព្រឹត្ត​នៅ​ភូមិ​ព្រះម្លប់ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ក្រោយពី​សំណុំ​រឿងនេះ​ឡើងដល់​សាលាឧទ្ធរណ៍ ហើយ​បាន​បន្ធូរបន្ថយ​សម្រាប់​ជនជាប់ចោទ​។

លោក​ចៅក្រម​ ជីវ កេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានប្រកាស​សាលដីកា ក្នុង​បន្ទប់​សវនាការ​ថា សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ​ គុប ផា អាយុ​ ៤៥ ​ឆ្នាំ​។ រីឯ​នារី​រងគ្រោះ ឈ្មោះ​ សាន្ត ចិន្តា អាយុ ២៥ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​កែ​សំណង​រដ្ឋប្បវេណី​ពី​ ៤០០ ​លាន​រៀល ទៅ​ ៨០០ ​លាន​រៀល​វិញ​។ សំណង​នេះ គឺ​ជនជាប់ចោទ​ត្រូវ​សង​ទៅ​ជនរងគ្រោះ​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​»​។

លោក​ មួង សុគន្ធ ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ស្ត្រី​រងគ្រោះ​ប្រាប់​នៅ​ថ្ងៃទី​ ២៩ កញ្ញា បន្ទាប់ពី​ចូល​ស្តាប់​ការប្រកាស​សាលដីកា​ថា លោក​ពេញចិត្ត​នឹង​ការសម្រេច​របស់​តុលាការ​កំពូល​ដែល​កែសំណង​ពី​ ៤០០ ​លាន​រៀល ទៅ​ ៨០០ ​លាន​រៀល​វិញ​។

លោក​ថ្លែងថា​៖ «​ចំពោះ​ការទទួល​បាន​សំណង​រដ្ឋប្បវេណី គឺ​ខ្ញុំ​ជា​មេធាវី នឹងដាក់​ពាក្យសុំ​ដីកា​ចូល​ជា​ស្ថាពរ​។ បើ​តុលាការ​ឆាប់​ចេញ​ដីកា​មក អាច​មិន​លើសពី​ ១ ​ខែ​ទៅ​ ២ ​ខែ​ទេ​»​។

លោក​មេធាវី​ មួង សុគន្ធ ប្រាប់ថា សំណុំរឿងនេះ នៅ​សាលាដំបូង​ខេត្តតាកែវ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់ពន្ធនាគារ​ ១៤ ​ឆ្នាំ និង​បង្គាប់​ឱ្យ​ជនជាប់ចោទ​ឈ្មោះ​ គុប ផា សង​សំណង​រដ្ឋប្បវេណី​ចំនួន​ ៨០០ ​លាន​រៀល​ទៅ​ស្ត្រី​រងគ្រោះ​ឈ្មោះ​ សាន្ត ចិន្តា​។ ក្រោយពី​ទទួលរង​ទណ្ឌកម្ម​ទោស និង​សំណង​រដ្ឋប្បវេណី​មក​ជនជាប់ចោទ​មិន​សុខចិត្ត ហើយ​បាន​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​។

ពេលនោះ​សាលាឧទ្ធរណ៍​បាន​បន្ថយ​ទោស​ពី​ជាប់​ពន្ធនាគារ​ ១៤ ​ឆ្នាំ មក​ ១០ ​ឆ្នាំ​វិញ​។ ចំណែក​សំណង​រដ្ឋប្បវេណី ពី​ ៨០០ ​លាន​រៀល មក​នៅ​ ៤០០ ​លានរៀល​វិញ​។ ប៉ុន្តែ​កូនក្តី​របស់​លោក​មិន​សុខចិត្ត ក៏​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល ហើយ​ត្រូវបាន​តុលាការ​កំពូល​កែ​សំណង​រដ្ឋប្បវេណី​ពី​ ៤០០ ​លាន​រៀល​មកជា​ ៨០០ ​លាន​រៀល​វិញ​។

បើតាម​លោក​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ស្ត្រី​រងគ្រោះ​អំពើ​របស់​ជនជាប់ចោទ​បានធ្វើ​ទារុណកម្ម​ស្ត្រី​រងគ្រោះ​យ៉ាង​សាហាវ​បំផុត ដោយ​ជនជាប់ចោទ​បាន​ជះ​ទឹក​អាស៊ីត​លើ​មុខ និង​ខ្លួនប្រាណ​ស្ត្រី​រងគ្រោះ​ និង​ថែមទាំង​ប្រើ​កាំបិត​ប៉័ងតោ​កាប់​ដាច់​កដៃ​ម្ខាង កាប់​ក្បាល រួមទាំង​ធ្វើឱ្យ​ជើង​ម្ខាង​ដាច់​សរសៃ​ជង្គង់​ទៀត​។

បើតាម​អង្គហេតុ​របស់​តុលាការ​កំពូល​បាន​បង្ហាញថា ជនជាប់ចោទ​ឈ្មោះ​ គុប ផា បាន​ទាស់សម្តី​ជាមួយ​ស្ត្រី​រងគ្រោះ ហើយ​បាន​បង្កហេតុ​កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ ឆ្នាំ​ ២០១៩ នៅ​ភូមិ​ព្រះម្លប់ ឃុំ​កណ្តឹង ស្រុក​បាទី​ ខេត្ត​តាកែវ​។ ក្រោយពី​ប្រព្រឹត្ត​ជនជាប់ចោទ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់បាន​នៅ​ភូមិ​ចំលងរមាំងលើ ឃុំ​អូរសំរិល ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​ ៥ ខែកញ្ញា ឆ្នាំ​ ២០២០៕