ភ្នំពេញៈ ​សាលា​ភូមិន្ទ​រដ្ឋបាល​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​ ២៨ ​កញ្ញា ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​​ស្តីពី​ “​ការកសាង​សមត្ថភាព​គណៈ​គ្រប់គ្រង​អង្គភាព​សាធារណៈ​” ​សម្រាប់​មន្ត្រីរាជការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​អង្គភាព​ពាក់ព័ន្ធ​សរុប​ចំនួន​ ១១២ ​នាក់ ​ក្នុង​​នោះ​ស្រី​ ១៩ ​នាក់ ដើម្បី​លើកកម្ពស់​សមត្ថភាព​មន្ត្រី​នៅ​ស្ថាប័ន​នេះ​។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​មុខងារ​សាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល​ប្រាប់ ​​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែ​​កញ្ញា​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ដោយយោង​តាម​ស្មារតី​នៃ​អនុស្សរណៈ​ស្តីពី​ការយោគយល់​គ្នា ចុះ​ថ្ងៃទី​ ២៩ ខែ កក្កដា ​ឆ្នាំ​ ២០២១ រវាង​សាលាភូមិន្ទ​រដ្ឋបាល​ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ ដើម្បី​លើកកម្ពស់​សមត្ថភាព មន្ត្រី​នៅក្នុង​ស្ថាប័ន​មួយ​នេះ​។

លោក​បាន​បន្តថា កន្លងមក​មាន​មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បានមក​រៀន​ក្នុង​សាលា​ផ្ទាល់​តិច ប៉ុន្តែ​លើកនេះ​មាន​ចំនួន​ច្រើន (១១២ ​នាក់​) ដែល​វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តោតលើ​មុខវិជ្ជា​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​​របស់​មន្ត្រី​ពាក់ព័ន្ធ​នឹង​ច្បាប់​ និង​ការគ្រប់គ្រង​ផ្នែក​រដ្ឋបាល​ជាដើម​ដោយ​មិន​បណ្តុះបណ្តាល​ពី​​ជំនាញ​គ្រឿងញៀន​នោះទេ​។

លោក​បន្តថា ក្នុង​ក្របខ័ណ្ឌ​នៃ​អនុស្សរណៈ​នេះ​ស្ថាប័ន​ទាំង​ ២ ​នឹង​បន្ត​រៀបចំ​ឱ្យមាន​វគ្គបណ្តុះបណ្តាល​ដូចនេះ​នាពេល​​ខាងមុខ​ទៀតហើយ​ក៏​នឹងមាន​ការផ្លាស់ប្តូរ​គ្រូ​ឧទេ្ទស​ទៅវិញ​ទៅមក​ក្នុងន័យ​ពង្រីក​ការបណ្តុះបណ្តាល​ឱ្យ​កាន់តែ​ទូលំទូលាយ ដល់​មន្ត្រី​គោលដៅ​ដែល​​មាន​ភាពចាំបាច់​ក្នុង​ការលើក​កម្ពស់​សមត្ថភាព​របស់​ពួកគេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​ការរៀបចំ​វគ្គបណ្តុះបណ្តាល​នេះ​គឺមាន​ប្រសិទ្ធភាព​ខ្ពស់ជាង​ការបណ្តុះបណ្តាល​ទូទៅ​គឺ​យើង​ផ្តល់​ការបណ្តុះបណ្តាល​ចំ​សេចក្តី​ត្រូវការ​របស់គាត់ នៅក្នុង​ក្របខ័ណ្ឌ​ប្រតិបត្តិការ​ក៏ដូចជា​ការដឹកនាំ​អង្គភាព​​របស់គាត់​។ មួយទៀត យើង​បណ្តុះបណ្តាល​ចំ​មន្ត្រី​ដែល​ទទួលបន្ទុក​កិច្ចការ​ដែល​ធ្វើឱ្យ​​មាន​ប្រសិទ្ធភាព​កម្រិត​ខ្ពស់​​ព្រោះ​យើង​មាន​បទពិសោធ​ជាមួយ​ស្ថាប័ន​ផ្សេង​រួចហើយ​»​។

ភ្នំពេញ ​ប៉ុស្តិ៍​ មិនអាច​ទាក់ទង លោក មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ការបណ្ដុះបណ្ដាល​នេះ​បានទេ នៅ​ថ្ងៃទី​ ២៩ ខែកញ្ញា ឆ្នាំនេះ ។

ក៏ប៉ុន្តែ​លោក ស្រ៊ាង ផានិត ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល​បន្ត​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​បានបញ្ជាក់​នៅក្នុង​ពេល​បើក​វគ្គ​បណ្តុះបណ្តាល​កាលពី​ថ្ងៃទី​ ២៨ ខែ កញ្ញា ឆ្នាំ​ ២០២១ ​ថា ការបណ្តុះបណ្តាល​ក្នុង​វគ្គ​នេះ សាលា​ភូមិន្ទ​រដ្ឋបាល​បានរៀបចំ​កម្មវិធី​ជា​ ៤ ​ម៉ូឌុល គឺ Modul-A ស្វែងយល់​ពី​ទស្សនៈ​របស់​ប្រធាន​ស្ថាប័ន Modul-B ជំនាញ​រដ្ឋបាល​ និង​ការងារ​ទំនាក់ទំនង Modul-C ការគ្រប់គ្រង និង​ការរៀបចំ​ថវិកា​អង្គភាព និង Modul-D អនុវត្ត​ករណី​សិក្សា និង​ការងារ​សង្គម ដែល​សរុប​មាន​រយៈពេល​ ១៥៦ ​ម៉ោង​។

លោក​បាន​បន្តថា វគ្គ​បណ្ដុះបណ្ដាល​នេះ គឺមាន​បំណង​កសាង​សមត្ថភាព និង​ជំនាញ​បច្ចេកទេស​លើ​ការងារ​គ្រប់គ្រង​ដឹកនាំ ការងារ​រដ្ឋបាល សមត្ថភាព​ក្នុងការ​បង្កើត​គំនិត​ឆ្លើយតប​តម្រូវការ ការកសាង​ក្រុម​ប្រកប​ដោយ​ប្រសិទ្ធភាព បង្កើន​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ ដើម្បី​ចូលរួម​អភិវឌ្ឍ​អង្គភាព​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន សម្រាប់​មន្ត្រី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​អង្គភាព​ការងារ​ពាក់ព័ន្ធ​។

លោក​បាន​រំពឹងថា នៅពេល​បញ្ចប់​វគ្គបណ្តុះបណ្តាល​នេះ មន្ត្រីរាជការ​ទាំង ១១២ ​នាក់​ នឹង​មាន​សមត្ថភាព​ក្នុង​ការគ្រប់គ្រង ដឹកនាំ រៀបចំ​ផែនការ កំណត់​គោលដៅ​ការងារ​ជាក់ស្តែង​ជាមួយ​មន្ត្រី​ក្នុង​អង្គភាព ធ្វើការ​ចាត់តាំង បែងចែក​​ភារកិច្ច គ្រប់គ្រង​ពេលវេលា​ប្រកប​ដោយ​ប្រសិទ្ធភាព​សម្រាប់​​អង្គភាព​៕