ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​ការគាំទ្រ​ពី​ប្រទេស​នានា​ដែល​មាន​អង្គការ​ជា​ដៃគូ​អភិវឌ្ឍន៍​នៅ​ថ្ងៃទី​ ២៨ ខែកញ្ញា​ បាន​ប្រកាស​ចែក​សម្ភារ​សិក្សា​តាម​ផ្ទះ​ចំនួន​ ៧៦០ ១៨០ ​កញ្ចប់​ ដល់​សិស្ស​ថ្នាក់​ទី​១ ទី​២ ​នៃ​សាលាបឋមសិក្សា​រដ្ឋ​ចំនួន​ ៧ ៣០៤ ​សាលា​នៅ​ទូទាំង​ ២៥ ​រាជធានី-ខេត្ត ​ដែល​អាក់ខាន​មិនបាន​រៀនសូត្រ​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ការប្រកាស​ចែក​សម្ភារ​សិក្សា​តាម​ផ្ទះ​ដល់​កុមារ​គឺ​ក្រសួង​អប់រំ​ទទួល​បាន​ការគាំទ្រ​ពី​ប្រទេស និង​ដៃគូ​មួយ​​ចំនួន​ក្នុង​នោះ​មាន​សហភាព​អឺរ៉ុប ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ស៊ុយអែត​ (SIDA) ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ (GPE) មូលនិធិ​សហប្រជាជាតិ​ ដើម្បី​កុមារ និង USAID ជាដើម​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឱ្យដឹងថា ការចែក​សម្ភារ​នេះ​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ​ដែល​នឹង​បាន​ទៅ​ដល់ដៃ​កុមារ​គ្រប់រូប​ដែល​សិក្សា​នៅ​ថ្នាក់​ទី​១ និង​ទី​២ នៃ​សាលាបឋមសិក្សា​រដ្ឋ​ទាំង​ ៧ ៣០៤ ​កន្លែង​នៅ​ទូទាំង​ ២៥ ​រាជធានី-ខេត្ត​។ លើសពី​នេះ​ក៏មាន​ការរៀបចំ​ឯកសារ​បន្ថែមទៀត​សម្រាប់​គាំទ្រ​សិស្សានុសិស្ស​និយាយ​ភាសា​ដើម​ភាគតិច​ចំនួន​ ៥ ០០០ ​នាក់​នៅ​ខេត្ត​ភាគ​ឦសាន​កម្ពុជា​ ដើម្បី​ជួយ​ឱ្យ​ពួកគេ​សិក្សា​ដោយ​ប្រើប្រាស់​ភាសា​ផ្ទាល់ខ្លួន​បាន​ផងដែរ​។

ខណៈ​សាលារៀន​ជាច្រើន​បានចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​។ កញ្ចប់​សម្ភារ​អប់រំ​ទាំងនេះ​រួមមាន​សៀវភៅពុម្ព​សម្រាប់​កុមារ​តាម​វ័យ និង​ឯកសារ​ស្វ័យ​សិក្សា​ ដើម្បី​ពង្រឹង​អំណាន សំណេរ ការប្រកប និង​គណិតវិទ្យា ដែល​សុទ្ធតែ​ជួយ​បំពេញបន្ថែម​លើ​កម្មវិធីសិក្សា​ថ្នាក់​ទី​១ និង​ទី​២ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

កញ្ចប់​សម្ភារ​ទាំងនេះ​ក៏មាន​បញ្ចូល​ព័ត៌មាន​អំពី​វិធីសាស្ត្រ​ដែល​មាតាបិតា​អាច​ប្រើប្រាស់​ ដើម្បី​ជួយ​គាំទ្រ​ដល់​ការអប់រំ​កូនៗ​ និង​បន្ត​ការពារ​ពួកគេ​ពី​ជំងឺ​កូវីដ​ ១៩ ​ដោយ​មាន​បញ្ចូល​សាប៊ូ​ ១ ​ដុំ​ និង​វេចខ្ចប់​ដាក់​ក្នុង​កាបូប​មេត្រី​បរិស្ថាន សម្រាប់​យកមកប្រើ​ប្រាស់​ឡើងវិញ​បាន​ផងដែរ​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា កញ្ចប់​សម្ភារ​សិក្សា​តាម​ផ្ទះ​ថ្មី​ទាំងនេះ​ត្រូវបាន​រៀបចំឡើង​ ដើម្បី​គាំទ្រ​កុមារ​រៀន​ផ្ទាល់​ក្នុង​ថ្នាក់រៀន​ផង និង​នៅឯ​ផ្ទះ​ផង​ដោយ​ឯកសារ​ទាំងនេះ​ត្រូវបាន​សម្រិតសម្រាំង​ឱ្យ​ងាយ​សិក្សា​ និង​មាន​ប្រសិទ្ធភាព​នៅ​គ្រប់​ស្ថានភាព​ទាំងអស់​។ ចំពោះ​កុមារ​ដែល​សាលារៀន​របស់​ពួកគេ​នៅតែ​បន្ត​បិទទ្វារ​ ដោយសារ​កត្តា​ហានិភ័យ​បង្កឡើង​ដោយ​ជំងឺ​កូវីដ​ ១៩ ​គឺ​កញ្ចប់​សម្ភារ​អប់រំ​ទាំងនេះ​ជា​ធនធាន​ដ៏មាន​តម្លៃ​ដើម្បី​ធានាថា​កុមារ​ទាំងនោះ​នៅ​តែ​អាច​បន្ត​ការសិក្សា​បាន​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​តាមរយៈ​សេចក្ដីប្រកាស​នេះ​ថា នេះ​គឺជា​ពេលវេលា​ដ៏សែន​លំបាក​សម្រាប់​ការអប់រំ​នៅ​ទូទាំង​ពិភពលោក​រួមទាំង​នៅ​កម្ពុជា​ផងដែរ​។

លោក​បាន​ថ្លែង​អរគុណ​ដល់​ប្រទេស និង​អង្គការ​ដៃគូ​ចំពោះ​ការឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​សិស្ស​ថ្នាក់​ទី​១ ទី​២ ដែល​នឹង​ទទួលបាន​ការសិក្សា​ត្រៀម និង​អាច​ចាប់ផ្តើមបាន​យ៉ាង​ល្អ​នៅពេល​ដែល​ថ្នាក់រៀន​បើក​ដំណើរការ​ពេញលេញ​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​យើង​កំពុង​ចាប់ផ្តើម​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើ​ការងារ​នេះ​យ៉ាង​ប្រុងប្រយ័ត្ន​ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បញ្ចូល​គ្នា​រវាង​ការសិក្សា​ផ្ទាល់​ក្នុង​សាលារៀន​ជាមួយនឹង​ការសិក្សា​នៅតាម​ផ្ទះ​»​។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា​សាលារៀន​នឹង​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​សិស្ស​ទាំងនេះ​មិនអាច​ត្រឡប់​ទៅ​អាយុ ៦ ឬ ៧ ឆ្នាំ​ម្តងទៀត​បានឡើយ​។ ​អាយុ​កម្រិត​នេះ​ផ្តល់​ឱកាសល្អ​បំផុត​សម្រាប់​ឱ្យ​កុមារ​រៀន​អាន ប្រកប​អក្សរ និង​រាប់​លេខ​បាន​យ៉ាង​ល្អ​។

លោកស្រី​ថ្លែងថា​៖ «​យើង​មិនអាច​មិន​អើពើ​ និង​ទុក​កុមារ​ទាំងនេះ​ឱ្យ​បន្ត​ខកខាន​ការសិក្សា​របស់​ពួកគេ​ឡើយ​។ ​ពួកគេ​មាន​សិទ្ធិ​ទទួល​បាន​ការអប់រំ​ទោះជា​ស្ថិតក្នុង​បរិបទ​ដ៏សែន​លំបាក​នៃ​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​»​។

លោកស្រី​បន្តថា​៖ «​យើង​ដឹងថា​ការសិក្សា​ដោយ​ប្រើ​ឯកសារ​ជា​ក្រដាស​សម្រាប់​កុមារ​នៅ​ក្រុម​អាយុ​នេះ មាន​ប្រសិទ្ធភាព​ជាង​ការសិក្សា​តាម​ប្រព័ន្ធ​អនឡាញ​។ ដូចនេះហើយ​ទើប​យើង​រីករាយ​ជាខ្លាំង​ក្នុង​ការសហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ CDPF ទាំងអស់​របស់​យើង ដើម្បី​ផ្តល់នូវ​កញ្ចប់​សម្ភារ​សម្រាប់​សិក្សា​នៅតាម​ផ្ទះ​ទាំងនេះ​»​។

លោក Magnus Saemundsson លេខា​ទី​១ នៃ​ស្ថានទូត​ស៊ុយអែត​បានបង្ហាញ​ថា ភ័ស្តុតាង​ដែល​រកឃើញ​តាមរយៈ​ការស្រាវជ្រាវ​ជុំវិញ​ពិភពលោក​បង្ហាញថា ការអប់រំ​នាំមក​នូវ​ការផ្លាស់ប្តូរ​យូរអង្វែង​សម្រាប់​ជីវិត​របស់​កុមារ​។ ការអប់រំ​មិន​ត្រឹមតែ​ប្រសើរ​សម្រាប់​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ​ទេ ការអប់រំ​គឺ​ប្រសើរ​សម្រាប់​ប្រជាជាតិ​ទាំងមូល​ទៀតផង​។ ការវិនិយោគ​លើ​ការអប់រំ​មិន​ត្រឹមតែ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ​ប៉ុណ្ណោះ​ទេ តែ​ជា​ការវិនិយោគ​សេដ្ឋកិច្ច​ដ៏វៃឆ្លាត​។

លោក​ថ្លែងថា​៖ «​ការបិទ​សាលា​ទាំងអស់​នៅ​កម្ពុជា​ ដើម្បី​ការពារ​ការឆ្លង​រាលដាល​វីរុស​រាតត្បាត​ជា​សកល​បាន​បង្ក​ការខាតបង់​ដល់​វិស័យ​អប់រំ​យ៉ាង​មហិមា ហើយ​មិន​ខុសគ្នា​ទេ​បញ្ហា​នេះ​កំពុងតែ​កើតឡើង​ក្នុង​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក​ផងដែរ​»​។

លោកស្រី Hanh Nguyen ប្រធាន​បេសកកម្ម​ស្តីទី​របស់ USAID កម្ពុជា​ថ្លែងថា USAID គឺជា​អ្នកគាំទ្រ​ប្រកប​ដោយ​មោទនភាព​ជាយូរ​មកហើយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​។ ​ការសហការ​របស់​ USAID ​ជាមួយ​នឹង​ដៃគូ​ចម្រុះ​ដែល​កំពុងមាន​វត្តមាន​នៅទីនេះ​រាប់បញ្ចូល​ទាំង​គ្រូ និង​សិស្សានុសិស្ស​ដែលជា​អ្នក​ពោរពេញ​ដោយ​ការប្តេជ្ញាចិត្ត​នៅ​កម្ពុជា គឺជា​សក្ខីកម្ម​ដែល​បង្ហាញ​ពី​ការគាំទ្រ​នេះ​។ «USAID​ជឿថា ​ក្រុមការងារ​ដែល​ពោរពេញ​ដោយ​ការប្តេជ្ញាចិត្ត​ហើយ​ដែល​បាន​ខិតខំ​ចែករំលែក​ជំនាញ និង​បទពិសោធ​បច្ចេកទេស​របស់ខ្លួន​អាច​នាំឱ្យមាន​លទ្ធផល​ជាក់លាក់ និង​ប្រសិទ្ធភាព​យូរអង្វែង​»​។

កញ្ចប់​សម្ភារ​សិក្សា​ដែល​កំពុង​ត្រូវបាន​ចែកចាយ​នេះ ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​អ្នក​អប់រំ​នៅ​កម្ពុជា អ្នកជំនាញ​របស់​ក្រសួង អ្នកនិពន្ធ​ជាតិ និង​អ្នក​រចនា​ក្រាហ្វិក​។ សម្ភារ​ទាំងនេះ​គឺជា​ធនធាន​ដ៏មាន​តម្លៃ​សម្រាប់​បម្រើ​ផលប្រយោជន៍​សាលារៀន​៕