ភ្នំពេញៈ ក្រសួង​សា​ធារ​ណការនិង​ដឹក​ជ​ញ្ជូនបាន​ឲ្យ​ដឹង​ថា​ការ​លក់​ស្លាក​លេខ​ពិសេស និង​លេខ​ពិសេស​ផ្ទាល់​ខ្លួនសម្រាប់​រថយន្ត​សរុបបាន​ជាង ១៨​ ម៉ឺន​ស្លាក​ លេខ​គិត​ចាប់ពី​ឆ្នាំ​ ២០១៧ ​មក ដោយ​ក្នុង​នោះ​ទទួល​បាន​ថវិកាសរុប​ប្រមាណ​ជាង​ ៦១​ លាន​ដុល្លារ។

ការ​ប្រកាស​យ៉ាង​ដូច្នេះបាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ក្រសួង​សា​ធារណ​ការ​និង​ដឹក​ជញ្ជូនដែល​មាន​ឈ្មោះ​ថា​ «MPWT LIVE SHOW» នៅ​ព្រឹក​ថ្ងៃទី ៣០ ​ខែ ​កញ្ញា ឆ្នាំ ២០២១ នេះ ដែល​ផ្តល់​ឱកាស​ឲ្យ​សាធារ​ណជ​ន អាច​សួរ​សំណួរ​ដោយ​ផ្ទាល់​តាម​រយៈ​ការ​ ខម​មិន​។

លោក​ស្រី​ កុយ​ សុ​ដា​នី រដ្ឋលេ​ខាធិការ​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​អន្តរ​ក្រសួង​គ្រប់​គ្រង​ការ​លក់​ស្លាក​លេខ​ពិសេស ដែល​វាគ្មិន​កិត្តិ​យស បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​ក្រសួង​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​លេខ​ពិសេស កាលពី​ឆ្នាំ ២០១៧ មក ស្លាក​លេខ​ពិសេស​ដែល​លក់​បានគឺមាន​ចំនួន​ ១៧ ​៩០៣៤ ស្លាក​លេខ ដោយ​ទទួល​បាន​ចំ​ណុល​ប្រមាណ​ ៤៦​ ៥៧៨​ ១៥៨ ​ដុល្លារ​ ។

លោក​ស្រី​បន្ត​ថា ​ចំពោះ​ស្លាក​លេខ​ពិសេស​ផ្ទាល់​ខ្លួនដែល​ក្រសួង​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ចាប់​តាំង​ពី​ដើមឆ្នាំ ២០២០ ​គឺ​លក់​បាន​ចំនួន​ ៧ ៥៧៨ ស្លាក​លេខ ដោយ​ទទួល​បាន​ចំណូល​ប្រមាណ ​១៤ ៩៧៨ ១៥១​ ដុល្លារ។

យ៉ាង​ណា លោក​ស្រី​បញ្ជាក់​ថា៖ «ការ​លក់​ស្លាក​លេខ​ពិសេស​នេះ​ដែរ សម្រាប់​រ​យៈពេល ​៩​ ខែ​ដើមឆ្នាំ​ ២០២១​ នេះ មាន​ការ​ធ្លាក់ចុះ​ប្រមាណ ៤,៨ ​ភាគ​រយ បើ​ប្រៀប​ធៀប​នឹង រយៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​ ២០២០​ ដោយ​សារ​តែមាន​បញ្ហា​កា​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​ ១៩»​។