ភ្នំពេញៈ ក្រសួងសុខាភិបាល​បានឱ្យដឹងថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ សម្រាប់​ក្រុម​មនុស្ស​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ ឡើង​ជិត​ឈានដល់​គោលដៅ​ ដែល​បានកំណត់​ចំនួន​ ១០ ​លាន​នាក់​ហើយ ខណៈដែល​រាជធានី-ខេត្ត​ចំនួន​ ២០ បាន​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ រួចរាល់​។

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​នៃ​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២៨ ខែកញ្ញា ឆ្នាំនេះ​មនុស្ស​អាយុ​ ១៨ ​ឆ្នាំ​ឡើង​ចំនួន ៩ ៨៩៤ ០០៦ ​នាក់ ​ស្មើនឹង​ ៩៨,៩៤ ​ភាគរយ​នៃ​ចំនួន​គោលដៅ​ ១០ ​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​រួចហើយ​។

របាយការណ៍​ដដែល​បាន​បន្តថា សម្រាប់​លទ្ធផល​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ១៦ ​លាន​នាក់ កម្ពុជា​ចាក់​បាន​រហូតដល់​ជាង​ ១៣ ​លាន​នាក់​ហើយ ឬ​ស្មើនឹង​ ៨២,៩៦ ​ភាគរយ​ដែល​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​នេះ ត្រូវបាន​ក្រសួងសុខាភិបាល​រំពឹងថា​នឹង​អាចឈាន​ទៅដល់​ផែនការ​កំណត់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បាន​លើកឡើង​កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា​ថា វឌ្ឍនភាព​នៃ​ការចាក់​វ៉ាក់សាំង​ក្នុងប្រទេស​កម្ពុជា​កំពុង​ខិត​ទៅរក​គោលដៅ​ហើយ ជាពិសេស​​ក្រុម​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​។

លោកស្រី​បាន​មានប្រសាសន៍​ថា​៖ «​មកដល់ពេលនេះ​រាជធានី​ខេត្ត​ចំនួន​ ២០ ​បាន​បិទបញ្ចប់​ការចាក់​វ៉ាក់សាំង ហើយ​នៅតែ​ខេត្ត​ចំនួន​ ៥ ​ទៀត​ប៉ុណ្ណោះ គឺ​ខេត្តកំពត កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ យើង​កំពុង​ជំរុញ​ឱ្យ​ខេត្ត​ទាំង​ ៥ ​នេះ​ធ្វើ​យ៉ាងណា​ឱ្យបាន​សម្រេច​តាម​គោលដៅ​កំណត់​របស់​យើង​»​។

លោកស្រី ឱ វណ្ណឌីន បាន​បន្ថែមថា ខេត្ត​ទាំង​ ៥ ​នេះ​អាច​នឹង​សម្រេចបាន​គ្រប់​គោលដៅ និង​បិទបញ្ចប់​នៅក្នុង​ខែតុលា​ខាងមុខនេះ​។

អ្នកនាំពាក្យ​រូបនេះ​បាន​ឱ្យដឹង​ដែរ​ថា​​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​ស្ទើរតែ​បាន​គ្រប់គ្នា​អស់ហើយ​គឺ​នៅតែ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​នៅ​ឆ្ងាយ​ដាច់​ស្រយាល និង​មាន​កត្តា​មួយចំនួន​ផ្សេងទៀត​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​គ្រាន់តែ​អ្នក​ដែល​ក្រុមគ្រូពេទ្យ​មិន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​គឺមាន​ជាង​ ៧ ​ម៉ឺន​នាក់​​ហើយ​ក្នុង​ចំណោម ១០ ​លាន​នាក់ ដែល​យើង​គ្រោងទុក​នេះ ដោយសារ​មាន​បញ្ហា​សុខភាព និង​ចំនួន​ខ្លះ​បាន​ឆ្លង​វីរុស​កូវីដ ១៩​ ដែល​មិនទាន់​អាច​ចាក់​បាន ហើយ​មួយវិញទៀត​អ្នក​ដែល​រស់នៅ​ឆ្ងាយ​ដែល​ពិបាក​ក្នុង​ការមក​ទទួល​ការចាក់​វ៉ាក់សាំង ប៉ុន្តែ​យើង​បាន​ណែនាំ​ទៅដល់​គ្រូពេទ្យ​យើង​រួចហើយ​ត្រូវ​ស្ពាយ​វ៉ាក់សាំង​ទៅ​ចាក់​ជូន​គាត់​ដល់​មូលដ្ឋាន​»​។

ដោយឡែក ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ជំរុញ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១១ ​ខែតុលា លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់​ផងដែរ​ថា សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជាមួយ​នឹង​ក្រុម​ពេទ្យ​កងទ័ព​របស់​ក្រសួង​​ការពារជាតិ​ត្រូវ​ចាក់​នៅតាម​ទីតាំង​ជាមួយ​នឹង​ក្រុម​ពេទ្យ​កងទ័ព​ដដែល​។

លោកស្រី​ថា​៖ «​ក្រុមគ្រូពេទ្យ​កងទ័ព​មាន​ប្រព័ន្ធគ្រប់គ្រង និង​មាន​កាត​ត្រឹមត្រូវ​។ ​ដូចនេះ​សូម​បងប្អូន​ដែល​បាន​ចាក់​វ៉ាក់សាំង​ជាមួយ​នឹង​ក្រុមគ្រូពេទ្យ​កងទ័ព​ទៅ​ចាក់​ជាមួយ​នឹង​គ្រូពេទ្យ​កងទ័ព​។ ​យើង​នឹង​ធ្វើការ​ពិភាក្សា​គ្នា​លម្អិត​ទៀត​ (​គ.វ.ក-១៩) នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​»៕