បាត់ដំបងៈ ព្រះសង្ឃ តាអាចារ្យ និង​ដូនជី ជាង​ ៦០ ​អង្គ/នាក់ ​ក្នុង​ខេត្តបាត់ដំបង​ត្រូវបាន​រកឃើញ​ឆ្លង​កូវីដ​ ១៩ ​នៅតាម​វត្ត​ក្នុង​ក្រុង​ស្រុក​ចំនួន​ ៤ ​ដែល​​មាន​ការផ្ទុះ​នូវ​វីរុស​កូវីដ​ ១៩ ​ក្នុង​វត្តអារាម​។ ​នេះ​បើតាម លោក គុណ សម្បត្តិមុន្នីរ័ត្ន ប្រធាន​មន្ទីរធម្មការ និង​សាសនា​ខេត្ត​នេះ​។

លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែកញ្ញាថា មន្ទីរធម្មការ និង​សាសនា​មិនមាន​ផែនការ​ធ្វើតេស្ត​ព្រះសង្ឃ និង​អ្នក​រស់នៅក្នុង​វត្ត​ទូទាំង​ខេត្ត​ទេ ប៉ុន្តែ​ធ្វើ​តែ​លើ​វត្ត​ពាក់ព័ន្ធ​ ឬ​​សង្ស័យ​មាន​ឆ្លង​កូវីដ​ប៉ុណ្ណោះ​។

លោក គុណ សម្បត្តិមុន្នីរ័ត្ន បញ្ជាក់ថា​៖ «​មកទល់​ពេលនេះ មាន​ព្រះសង្ឃ លោកតា​អាចារ្យ និង​ដូនជី​ប្រមាណ​ជាង​ ៦០ ​អង្គ/នាក់ ​មាន​តេស្ត​វិជ្ជមាន​កូវីដ​ ១៩ ដែល​ភាគច្រើន​ជា​ព្រះសង្ឃ​»​។

សម្រាប់​ខេត្តបាត់ដំបង មាន​វត្ត​សរុប​ទាំងអស់​ចំនួន ៣៨៥ ​វត្ត​ ដែលមាន​ព្រះសង្ឃ​គង់​សរុប​ចំនួន ៦ ៣៣២ ​អង្គ​។

បើតាម​ប្រធាន​មន្ទីរ​រូបនេះ វត្ត​ចំនួន​ ៣១ ដែលមាន​ព្រះសង្ឃ​សរុប​ជាង​ ១ ៤០០ ​អង្គ​ ក្នុង​ក្រុង​​បាត់ដំបង​ត្រូវបាន​មន្ត្រី​សុខាភិបាល​ធ្វើតេស្ត​រក​មេរោគ​កូវីដ​ ១៩ ​ជា​បន្តបន្ទាប់​ ដែល​មកទល់​​ពេល​នេះ​មាន​វត្ត​ចំនួន​ ៦ ​ហើយ​ដែល​បាន​យក​សំណាក​ពី​ព្រះសង្ឃ ដូនជី តាជី និង​កូនសិស្ស​​លោក ប៉ុន្តែ​បាន​រកឃើញ​អ្នកវិជ្ជមាន​តែ​ ៣ ​អង្គ​/​នាក់​ប៉ុណ្ណោះ គឺ​កូននេន យាយជី និង​តាអាចារ្យ ក្នុង​វត្ត​ ២ ​ផ្សេងគ្នា​។

លោក​បាន​បន្តថា វត្ត​មួយចំនួន​ក៏បាន​រកឃើញ​ព្រះសង្ឃ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ផងដែរ ក្នុង​​នោះ​វត្ត​ខ្នាចរមាស ក្នុងស្រុក​​បវេល មាន​ព្រះសង្ឃ​ ៥៨ ​អង្គ មាន​វិជ្ជមាន​កូវីដ​ ១៩​។

លោក គុណ សម្បត្តិមុន្នីរ័ត្ន បាន​ប្រាប់ថា​៖ «​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​នឹង​បន្ត​ចុះ​យក​សំណាក​ព្រះសង្ឃ​ដែល​គង់​ក្នុង​វត្ត​ក្នុង​ក្រុង​បាត់ដំបង និង​តាម​ស្រុក​ផ្សេងៗ​ក្នុងករណី​ដែល​វត្ត​ណាមួយ​នោះ​ត្រូវបាន​រកឃើញ​​ថា​មាន​ព្រះសង្ឃ​ ឬ​អ្នកស្នាក់នៅ​​ក្នុង​វត្តមាន​ការពាក់ព័ន្ធ​ ឬ​សង្ស័យថា​មាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​លើ​ព្រះសង្ឃ​តែប៉ុណ្ណោះ​»​។

លោក​បាន​បញ្ជាក់ថា មន្ទីរធម្មការ និង​សាសនា​មិនមាន​វិធានការ​អ្វី​ផ្សេង​ក្រៅពី​វិធានការ​របស់​សុខាភិបាល​ទេ ។

លោក​ថា​៖ «​យើង​គ្រាន់តែ​ផ្សព្វផ្សាយ និង​ត្រួតពិនិត្យ​លើ​ពិធី​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប៉ុណ្ណោះ​ហើយ​ប្រសិនបើ​មាន​ការឆ្លង​វីរុស​កូវីដ​ ១៩ ​ឬ​មាន​ការសង្ស័យ​​គឺ​សុំ​គោលការណ៍​ ដើម្បី​ចុះ​យក​សំណាក​»​។

ប្រធាន​មន្ទីរ​រូបនេះ​ថា មន្ទីរ​មិនមាន​ការបិទខ្ទប់​វត្តអារាម​ទាំងអស់​ទេ គឺ​បិទ​តែ​វត្ត​ណា​ដែល​មាន​ការឆ្លង​ប៉ុណ្ណោះ​។

ចំណែក​លោក លីវ សុខុម អ្នកនាំពាក្យ និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បាន​ឱ្យ​​ដឹង​ដែរ​ថា ខេត្ត​នេះ​មិនមាន​ការធ្វើតេស្ត​តាម​វត្ត​ទេ ខណៈ​មិន​​បាន​អនុញ្ញាត​ឱ្យមាន​ការប្រារព្ធ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​។

លោក​បាន​ប្រាប់ថា​៖ «​យើង​អនុវត្តតាម​វិធានការ​របស់​ក្រសួង​​ធម្មការ​ដោយ​គ្រាន់តែ​យក​ចង្ហាន់​​ប្រគេន​ព្រះសង្ឃ​តែមួយ​ភ្លែតៗ​​ប៉ុណ្ណោះ ប៉ុន្តែ​ដូចជា មិនសូវ​​មាន​មនុស្ស​ទៅ​វត្ត​ច្រើន​ទេ ហើយ​​ក្នុង​ពេល​នេះដែរ មាន​ភូមិ​ជាច្រើន​ត្រូវ​បាន​ដាក់​ជា​តំបន់​ក្រហម ដែល​មិន​តម្រូវ​ឱ្យ​មាន​​ការចេញ​ពី​លំនៅឋាន​ដោយ​គ្មាន​ការអនុញ្ញាត​នោះទេ​»​។

សម្រាប់​នៅ​ខេត្ត​បន្ទាយ​មានជ័យ​វិញ​តាម​របាយការណ៍​របស់​​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បានឱ្យដឹងថា ព្រះសង្ឃ​ជាង​ ៥០ ​អង្គ ​ត្រូវបាន​រកឃើញ​មាន​​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ហើយ​វត្តអារាម​ជាច្រើន​ត្រូវបាន​បិទខ្ទប់​ផងដែរ​។

លោក សេង សុមុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​មិន​អាច​ទាក់ទង​បានទេ​កាលពី​ថ្ងៃទី​ ២៩ ខែកញ្ញា​។

គួរ​បញ្ជាក់ដែរថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​សម្រេច​ផ្អាក​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ចាប់ពី​បិណ្ឌ​ទី​៤ ​រហូត​ដល់​​ថ្ងៃ​ភ្ជុំបិណ្ឌ បន្ទាប់ពី​មាន​ការឆ្លង​កូវីដ​ ១៩ ​នេះ​ដល់​ព្រះសង្ឃ តាជី ដូនជី និង​កូនសេកលោក​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ក្នុង​ថ្ងៃទី​១ និង​ទី​២ នៅតាម​បណ្តា​វត្ត​អារាម​ក្នុង​រាជធានី​ភ្នំពេញ​។

មន្ត្រី​សុខាភិបាល​បាន​យក​សំណាក​ព្រះសង្ឃ តាជី យាយជី និង​អ្នកស្នាក់នៅ​ក្នុង​វត្ត​ជាង​ ១៥០ ​វត្ត​នៅ​ភ្នំពេញ​ពីថ្ងៃ​ទី​ ២៥ ​និង​ ២៦ ​កញ្ញា ហើយ​បាន​រក​​ឃើញ​ ១៤១ ​អង្គ​/​នាក់​ មាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ក្នុងនោះ​មាន​ព្រះសង្ឃ ៩៧ ​អង្គ​៕