ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ឯកភាព​គ្នា​បន្ត​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន ល្បែងស៊ីសង​តាម​អនឡាញ​ខុសច្បាប់ និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ បន្ទាប់ពី​ភាគី​ទាំង​ ២ ​បាន​កត់សម្គាល់​សមិទ្ធផល​សំខាន់ៗ​ ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​ទាំង​ ២ ​រយៈពេល​ជាង​ ២ ​ឆ្នាំ​កន្លង​មក​នេះ​។

ការឯកភាព​គ្នា​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា ដែល​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា និង​លោក​ ចាវ ឃើជឺ សមាជិក​ក្រុមប្រឹក្សារដ្ឋ​ និង​ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ចិន​បាន​ធ្វើជា​សហប្រធាន​ដឹកនាំ ហើយ​រដ្ឋមន្ត្រី​ទាំង​ ២ ​ក៏បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​ការងារ​ស្តីពី​ការបន្ត​អនុវត្ត​ច្បាប់​នៃ​កិច្ចសហប្រតិបត្តិ​ការអនុវត្ត​ច្បាប់​រវាង​ក្រសួង​ទាំង​ ២​។

កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​ទាំង​ ២ ​ត្រូវ​បាន​អនុវត្ត​តាំងពី​ខែមីនា ឆ្នាំ​ ២០១៩ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​កម្ពុជា និង​លោក​ ស៊ី ជីនភីង ប្រធានាធិបតី​ចិន​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​ ២៩ ខែកញ្ញាថា​៖ «​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ ភាគី​ទាំង​ ២ ​ក៏បាន​កត់សម្គាល់​នូវ​លទ្ធផល និង​សមិទ្ធផល​សំខាន់ៗ​នា​រយៈពេល ជាង​ ២ ​ឆ្នាំ​កន្លងមក​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ដោយ​មើលឃើញ​នូវ​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ការអនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំង​ ២ ភាគី​ទាំង​ ២ ​បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​ការងារ​នេះ ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហការ​កាន់តែ​សកម្ម​ក្នុង​គោលដៅ ដើម្បី​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត បម្រើ​ដល់​ការអភិវឌ្ឍ​សង្គមជាតិ និង​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​ក្នុងនោះ​ [​ភាគី​ទាំង​ ២] បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្ម​មាន​អង្គការ​ចាត់តាំង ល្បែងស៊ីសង​អនឡាញ​ខុសច្បាប់​។ អំពើ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​»​។

បើតាម​ប្រភព​ដដែល ភាគី​ទាំង​ ២ ​ក៏បាន​ឯកភាព​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និង​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​បម្រើឱ្យ​ការ​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ធំៗ​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​តាម​ការគ្រោងទុក​។ ក្នុងនោះ​រួមមាន​ការទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ការ​ប្រកួត​កីឡា​រដូវរងា​ទីក្រុង​ប៉េកាំង​ឆ្នាំ​ ២០២២ និង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា SEA Games លើក​ទី​៣២ ឆ្នាំ​ ២០២៣ ព្រមទាំង​ព្រឹត្តិការណ៍​សំខាន់ៗ​ដទៃទៀត​ដែល​ប្រារព្ធ​ធ្វើ​នៅ​កម្ពុជា​ និង​ប្រទេស​ចិន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា រដ្ឋមន្ត្រី​ទាំង​ ២ ​បាន​អបអរសាទរ​ពី​ទំនាក់ទំនង​ដ៏ល្អ​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ ២ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​បានរួម​ចំណែក​នាំ​មក​នូវ​វឌ្ឍនភាព និង​ការអភិវឌ្ឍ​សម្រាប់​ប្រទេស​ទាំង​ ២​។

រដ្ឋមន្ត្រី​ទាំង​ ២ ​បាន​ថ្លែង​កោតសរសើរ​ទៅវិញទៅមក​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​អនុវត្ត​ច្បាប់​នៃ​ភាគី​ទាំង​ ២ ​ក្នុង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ទោះបី​ស្ថិតក្នុង​ស្ថានភាព​ប្រឈម​ដោយ​ជំងឺ​កូវីដ ១៩ ​ក៏ដោយ​។

លោក​ ផាត សុផានិត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២៩ កញ្ញា​ថា ផែនការ​ការងារ​នេះ គឺ​បន្ត​អនុវត្ត​នូវ​អ្វីដែល​បាន​ចុះហត្ថលេខា​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​ ២០១៩​។ ភាគី​ទាំង​ ២ ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជារួម​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ប៉ុន្តែ​គ្រាន់តែ​បន្ថែម​ការយកចិត្ត​ទុកដាក់​លើ​បទល្មើស​មួយចំនួន ដូចជា​ការឆបោក​តាម​អនឡាញ ការរត់ពន្ធ​មនុស្ស​ឆ្លងដែន ការជួញដូរ​មនុស្ស​ជាដើម​។

លោក​ថ្លែងថា​៖ «​មាន​សកម្មភាព​សំខាន់ៗ​មួយចំនួន​នៅក្នុង​ផែនការ​ការងារ​នេះ​ដែល​យើង​ខកខាន​មិនបាន​អនុវត្ត​កាលពី​ឆ្នាំ​ ២០១៩ និង​ ២០២០ ​កន្លងទៅ ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ ដូចជា ការផ្លាស់ប្តូរ​គណៈប្រតិភូ​ទៅវិញ​ទៅមក ការបណ្តុះបណ្តាល​កសាង សមត្ថភាព​កងកម្លាំង និង​ការប្រារព្ធ​កម្មវិធី​បង្កើន​ចំណង​មិត្តភាព​ផ្សេងៗ​ (​ប្រកួត​កីឡា សិល្បៈ ជាដើម​)​។ ដូច្នេះហើយ ទើប​យើង​ចុះហត្ថលេខា ដើម្បី​បន្ត​អនុវត្ត​នូវ​អ្វីដែល​ខកខាន និង​មិនទាន់​សម្រេចបាន​កន្លង​មក​»៕