កណ្តាលៈ បុរស​ម្នាក់​ត្រូវបាន​តុលាការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ករណី​វាយ​ម្តាយបង្កើត​ស្លាប់ កាលពី​ថ្ងៃទី​ ២៥ កញ្ញា នៅ​ភូមិ​ព្រែកតាតែន ឃុំ​ព្រះប្រសប់ ស្រុក​ខ្សាច់កណ្តាល​។

លោក​ សូ សារិន អ្នកនាំពាក្យ​ផ្នែក​ចៅក្រម​នៃ​តុលាការ​ខេត្ត​កណ្តាល​ប្រាប់ នៅ​ថ្ងៃទី​ ២៨ កញ្ញា ថា ជន​ត្រូវ​ចោទ​ឈ្មោះ​ ស្រេង លាងហ៊ី ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​នៅ​ថ្ងៃទី​ ២៧ ​កញ្ញា​។

លោក​ថា​៖ «​ជន​ម្នាក់នេះ​ត្រូវបាន​តំណាង​អយ្យការ​ចោទ​បទហិង្សា​ដោយ​ចេតនា​បណ្តាល​ឱ្យ​ជនរងគ្រោះ​ស្លាប់​។ បទចោទ​នេះ​តាម​មាត្រា​ ២២៤ ​នៃ​ក្រម​ព្រហ្មទណ្ឌ​»​។ ពាក់ព័ន្ធ​បទ​ចោទ​តាម​មាត្រា​ ២២៤ ​នេះ​កម្រិត​ផ្តន្ទាទោស​ពី​ ៧ ​ឆ្នាំទៅ​ ១៥ ​ឆ្នាំ​។

លោក​ អ៊ុន យ៉ុង អធិការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ឱ្យដឹង​នៅ​ថ្ងៃទី​ ២៨ កញ្ញា​ថា ស្ត្រី​រងគ្រោះ​ឈ្មោះ​ ងួន សុខគី ជា​ម្តាយបង្កើត​របស់​ជនត្រូវ​ចោទ​ឈ្មោះ​ ស្រេង លាងហ៊ី​។

លោក​ថ្លែងថា​៖ «​ជន​ម្នាក់នេះ​គាត់​ឆ្លើយថា​ គាត់​ប្រើប្រាស់​គ្រឿងញៀន​ប៉ុន្មាន​ខែ​មុន​បង្កហេតុ​។ យើង​ពិនិត្យ​ទឹកនោម អត់​ឃើញ​សារធាតុ​ញៀន​ទេ​។ តែ​មនុស្ស​នេះ​ទំនង​បែក​ថ្នាំ ដោយសារ​គ្មាន​លុយ ទិញ អ៊ីចឹង​គាត់​បាត់បង់​ស្មារតី​»​។

លោក​ប្រាប់​តាម​សម្តី​ជនបង្ក​ថា មួយរយៈ​មុន​បង្កហេតុ ឈ្មោះ​ ស្រេង លាងហ៊ី ធ្លាប់ប្រើ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​រហូត​ញៀន​ខ្លាំង មិនតែ​ប៉ុណ្ណោះ​គាត់​ញៀន​ស្រា​ទៀតផង​។ លុះ​នៅ​ថ្ងៃទី​ ២៥ កញ្ញា នៅ​ម៉ោងជាង​ ១១ ​ថ្ងៃត្រង់ ឈ្មោះ​ ស្រេង លាងហ៊ី បាន​ផឹកស្រា​ស្រវឹង​ស្រែកជេរ​ស្ត្រី​រងគ្រោះ​ជា​ម្តាយ និង​ផ្ទះ​ក្បែរ​ខាង​។

លោក​បន្តថា ពេលនោះ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​កុំ​មាត់​ឡូឡា​ជេរ​គេ ព្រោះ​ខ្លួន​ស្រវឹងស្រា​ខ្លាំង​ហើយ​។ តែ​ជនសង្ស័យ​ខឹង​ប្រើ​កណ្តាប់ដៃ​វាយ​ម្តាយ​របស់ខ្លួន​ត្រូវចំ​មុខ និង​ទ្រូង​ដួល​លើដី ហើយ​ងើប​ដើរ​ទៅ​សម្រាន្ត តែ​ក្រោយមក​ស្ត្រី​រងគ្រោះ​មាន​អាការ​ចុក​ទ្រូង​បែកញើស​ស្អិតខ្លួន ហើយ​ប្តី​របស់​គាត់​បាន​ធ្វើ​ចលនា​សរសៃ​ឱ្យ​។

លោក​ អ៊ុន យ៉ុង បន្ថែមថា លុះ​ព្រឹក​ឡើង​ថ្ងៃទី​ ២៦ កញ្ញា ប្តី​របស់​ស្ត្រី​រងគ្រោះ​ទៅ​ដាស់ ទើប​ដឹងថា ស្លាប់​។ បន្ទាប់មក​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រះប្រសប់ ហើយ​សមត្ថកិច្ច​ចុះ​ដល់​ផ្ទះ​កើតហេតុ​។ ក្រោយ​សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​មក​សន្ឋិដ្ឋាន​ថា ស្ត្រី​រងគ្រោះ​ស្លាប់​ដោយសារ​រងរបួស​ខ្លាំង​លើ​ផ្ទៃមុខ បណ្តាល​ឱ្យ​រឹង​ថ្គាម​ហូប​អាហារ​មិនបាន និង​ចុះខ្សោយ​កម្លាំង ទើប​បណ្តាល​ឱ្យ​គាំងបេះដូង​ស្លាប់​៕