ភ្នំពេញៈ​ មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC) កំពុង​ផ្គួ​ច​ផ្ដើម​រៀបចំ​កសាង​សារ​មន្ទីរ​សកម្ម​ភាព​កំចាត់​មីន ​ដែល​មាន​អគារ​រូបរាង​ជា​គ្រាប់​មីន​ធំជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភ​ពលោក​ក្នុង​ពេលឆាប់ៗ​ខាង​មុខនេះ ដើម្បី​រក្សា​នូវ​ឯកសារ​ និង​ភ័ស្ដុតាង ប្រ​វ​ត្ដិ​សាស្ដ្រ អំពី​សោក​នាដ​កម្ម​នៃ​សង្គ្រាម​នៅ​កម្ពុជា​នៅ​ក្នុង​សម័យ​ទំនើប​ចុង​ក្រោយ​នេះ។ នេះ​បើ​តាម​លោក ​ហេង ​រតនា​ អគ្គ​នា​យក​ស៊ីម៉ាក់​។

លោក ​ហេង ​រតនា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី ៣០ ​កញ្ញា ឆ្នាំនេះ​ថា ស៊ីម៉ាក់ បាន​គិតគូ​រៀប​ចំ​ការកសាង​សារ​មន្ទីរ​សកម្ម​ភាព​កំចាត់​មីន​នេះ តាំងពី​អំឡុង​ឆ្នាំ ២០០៤​-២០០៥​ ដែល​បានរៀបចំ​ទីតាំង​នៅ ឃុំ​ត្រពាំង​ធំ ស្រុក​សាទ​ បាគង ខេត្ដ​សៀ​មរាប​ លើ​ផ្ទៃដី​ដែល​បាន​ត្រៀម​ទុក​មាន​ទំហំ ​១២ ​ហិកតា​។

លោក​បាន​ថ្លែង​ថា៖​ «យើង​បាន​សន្សំ​នូវ​សម្ភារ​ ដែល​ជា​គ្រាប់មីន គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ជា​ហូរហែ​ហើយ​យើង​ក៏បាន​ដាក់ឱ្យ​ដំណើការ​នៅ​ឆ្នាំ ២០១៧​ ជា​ជំហាន​ទី១ របស់​យើង។ យើង​មាន​ទាំង​អស់​៣ជំហាន យើង​ធ្វើ​ជំហាន​ទី១​ ជា​ជំហាន​បណ្ដោះ​អាសន្ន ដែល​យើង​មិន​ទាន់​មាន​ថវិកា ក្នុង​ការក​សាង​អគារ​ដែលជា​មហិច្ឆតារ​​បស់​យើង​គឺ​ចង់​ធ្វើ​អគារ​ដែលមាន​រូបរាង​ជា​គ្រាប់​មីន ​ធំជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភព​លោក»​។

លោក​​បញ្ជាក់​ថា៖ «អគារ​ដែល​មាន​រូបរាង​ជា​គ្រាប់មីន​ធំជាងគេ​បំផុត​មួយ​នៅលើ​ពិភព​លោកគឺ​ចង់​និយាយ​ថាបើ​និយាយ​ពី​គ្រាប់​មីន​ធំជាង​គេ គឺ​មក​កម្ពុជា​មក​ឃើញ​ហើយ។​ ប៉ុន្ដែ​វា​ជា​អគារ​ទេ មិនមែ​នជា​គ្រាប់មីន​ទេ។ យើង​មាន​មុខ​សញ្ញា​ផ្ដល់​ជំនួយ​ក្នុងការ​សាង​សង់​អគារ​នេះរួចហើ​យៗ យើ​ង​សង្ឃឹមថានឹ​ង​ចេញ​រូបរាង​ក្នុង​ពេលឆា​ប់ៗខា​ងមុខ​»។

លោក ​ហេង ​រតនា បានឱ្យ​ដឹងថា ស៊ីម៉ាក់ បាន​រៀប​ចំ​សារ​មន្ទីរ​នេះ និង​ដាក់ឱ្យ​ប្រើ​ប្រាស់​តាំងពី​ឆ្នាំ​ ២០១៧ ​មក។ ដូច្នេះ ៤ ឆ្នាំ​មក​ បាន​ទទួល​បទ​ពិសោធ​ជាច្រើន​ន​នៃ​ការវាយ​តម្លៃ​ចំណង់​ចំណូល​ចិ​ត្ដរបស់​អ្នក​ដែល​ចូលមក​ទស្សនា​ និង​ការចា​ប់អារ​ម្មណ៍​របស់​សិស្សា​នុសិស្ស និង​យុវជន​យុវជន​កម្ពុជា​នៃ​សារ​មន្ទីរ​មីន​នេះ​។

លោក​បញ្ជាក់​ថា៖ «​អីចឹង​ហើយ បា​នជា​យើង​មាន​គោលដៅ​ពង្រីក​សំណង់​មួយ ដែល​គោលដៅ​របស់​យើង គឺ​ធ្វើ​សំណង់​នេះ​ តែ​កន្លង​មក​យើង​អត់​មាន​លទ្ធភា​ព​ក្នុង​ការធ្វើ​សំណង់​អគារ​នេះ។ ឥឡូវ​នេះ​យើង​សង្ឃឹមថា​គេ​នឹង​ជួយ​យើង​ ក្នុងការ​សម្រេច​គោលដៅ​​នេះ។ យើង​មិន​ចាំ​រហូត​ដល់​ការ​បោសស​ម្អាត​មីន​អស់​ទើប​ធ្វើ​សំណង់​អគារ​នេះ​ទេ»។

បើតាម​​លោក ​ហេង រតនា ជា​ទស្សន​វិស័យ​របស់ ​ស៊ីម៉ាក់ គឺ​កសាង​សារមន្ទីរ​មីន​ជា «សារមន្ទីរ​សន្តិភា​ព​ស​កម្ម​ភាព​មីន»។ លោក​ថា ស៊ីម៉ាក់​ចង់​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​សារមន្ទីរ​នេះ​ក្លាយទៅ​ជា​ទីតាំង​រក្សា​នូវ​ឯក​សារ ភ័ស្ថុ​តាង ប្រ​វ​ត្ដិ​សាស្ដ្រ មួយ​ចំនួន​ដែល​បង្ហាញ​អំពី​សោក​នាដ​កម្ម​នៃ​សង្គ្រាម​នៅ​កម្ពុជា​នៅក្នុង​សម័យ​ទំនើប​ចុងក្រោយ​នេះ ហើយ​យុវជន​ជំនាន់​ក្រោយៗ អាច​សិក្សា​ស្វែង​យល់ អំពី​វិបត្ដិ​នៃ​សង្គ្រាម​នៅ​កម្ពុជា ដែល​នេះ​គឺជា​គោលដៅ​​របស់ ​ស៊ីម៉ាក់។​

លោក​​បញ្ជា​ក់​ចំណុច​សំខាន់​មួយ​ទៀត​ថា​ សារ​មន្ទីរ​នេះ ក៏​កសាង​ជា​កន្លែង​សម្រាប់​អ្នកជំ​នាញផ្សេ​ងៗ​នៅក្នុង​សកល​លោក ឱ្យមក​​សិក្សា​ស្រា​វជ្រាវ​លើ​វិស័យ​មីន ការ​បោស​សម្អាត​មីន សម្អាត​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ​ក្រោយ​សង្គ្រាម ហើយ​សារ​មន្ទីរ​មីនេះ ជា​កន្លែង​មួយ​ដែល​គេ​អាច​ធ្វើ​ការសិ​ក្សា​រៀន​សូត្រ​បាន​។

លោក ​រតនា​ បញ្ជាក់​ថា៖​«និយាយ​រួម​ទៅ​សារមន្ទីរ​ដែល​យើង​គិតគូ​នេះ នឹង​ផ្ដល់​ផល​ប្រយោជន៍​ក្នុង​កិច្ច​សហប្រតិប​ត្ដិការ អន្តរ​ជាតិជាមួ​យនឹ​ង​បណ្ដា​ប្រទេស​មួយចំនួន​។ដូច​ជានៅ​បណ្ដា​ប្រទេស​ដែល​បានប​ញ្ចប់​សង្គ្រាម​ហើយ​នៅ​តំបន់​អាហ្វ្រិក​ តំបន់​​អាមេរិក​ឡា​ទិន និង​នៅ​ម​ជ្ឈិម​បូ​ព៌ា​ជាដើមគឺ​​គេ​ត្រូវការ​កន្លែង​អាច​សិក្សា​រៀនសូត្រ​ពី​ជំនាញ​វិជ្ជាជីវៈ​លើ​វិស័យ​មីន​នេះ​ផង​ដែរ​»។

លោក​​បានឱ្យ​ដឹងថា​ ផ្ទៃដី​នៃ​ការ​សាង​សាង់​អគារ​សារ​មន្ទីរ​មី​នេះ គឺមាន​ត្រៀម​ទុក​រួច​អស់​ហើយ។ កន្លងម​ក​ការសាងសង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​នានា​ស​ម្រ​ច​បាន​ប្រហែ​លជា ១​ ភាគ ៤ នៃ​ផ្ទៃដី ១២ ហិកតា ​នៃ​សារម​ន្ទីរ​នេះហើយ​។នៅ​ពេល​ការសា​ងសង់​ដ​ល់​ដំណាក់​កាល​ទី៣គឺ​ប្រើ​ទាំង​អស់​នៃ​ផ្ទៃដី​ដែល​បាន​ត្រៀម​ទុក​នេះ​ទៅតាមប្លង់ ​គំរូ និង​គំនិត​ដែល​បាន​ត្រៀម​ទុក៕