ភ្នំពេញៈ នគរបាល​ខណ្ឌ​ឫស្សីកែវ ​កំពុង​ស៊ើបរក​ជនសង្ស័យ​ករណី​ជួញដូរ​គ្រឿងញៀន​ទម្ងន់ ​៥៣២ ក្រាម​ ដែល​សមត្ថកិច្ច​រឹបអូស​បាន​ក្នុង​បន្ទប់១​កាល​ពី​ថ្ងៃទី ២៩ ​កញ្ញា ​នៅ​ភូមិ​ក្រោលគោ ​សង្កាត់​គីឡូមែត្រ​លេខ ៦​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ។

លោក​ ហ៊ាង ថារ៉េត ​អធិការ​នគរបាល​ខណ្ឌឫស្សីកែវ ​ឱ្យដឹង​នៅ​ថ្ងៃទី ៣០ ​កញ្ញាថា ​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សីកែវ ​កំពុង​ស្រាវជ្រាវ ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ។ លោក​ប្រាប់ថា​៖ «ករណី​នេះ​យើង​ឆែក​បានតែ​គ្រឿង​ញៀន​ទេ​ ឯ​មនុស្ស​គេច​ខ្លួន។​ យើង​កំពុង​ធ្វើ​ការងារ​នេះ​ហើយ»​។

ទោះយ៉ាង​ណា​លោក​ ថារ៉េត ​មិនបាន​អធិប្បាយ​លម្អិត​ជុំវិញ​ការបង្ក្រាប​បទល្មើស​នេះ​ទេ ​ដោយ​លោក​បញ្ជាក់ថា ​ជាប់​ប្រជុំ។

មន្រ្តី​នគរ​បាល​ខណ្ឌ​ឫស្សីកែវ​ ១ រូប​ សុំមិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បានប្រាប់​នៅ​រសៀល​ថ្ងៃទី ៣០ ​កញ្ញា​ថា ​ជនសង្ស័យ​បាន​គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់។ ទោះយ៉ាង​ណា​សមត្ថកិច្ច​ក៏​នៅតែ​តាម​ស្រាវជ្រាវ​រក​ជន​សង្ស័យ​ដែរ។ ប៉ុន្តែ​បើ​តាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​កាលពី​ថ្ងៃទី ២៩ ​កញ្ញា ​បាន​សរសេរថា ​កាលពី​ថ្ងៃទី ២៩ ​កញ្ញា ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ​សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ​ខណ្ឌ​ឫស្សីកែវ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍ថា​ ឃើញ​កញ្ចប់​គ្រឿងញៀន​ត្រូវបាន​ជនសង្ស័យ​ផ្លុង​ចោល ​នៅ​ចំណុច​ដីឡូត៍​ ១ កន្លែង​ក្នុង​ក្រុម​ទី១៣ ​ភូមិ ​ក្រោល​គោ ​សង្កាត់​គីឡូម៉ែត្រ ​លេខ ៦ ​ខណ្ឌ​ឫស្សី​កែវ។

គេហទំព័រ​សរសេរ​បន្តថា​ក្រោយ ​ទទួលបាន​សេចក្តី​រាយការណ៍​ភ្លាម ​កម្លាំង​ជំនាញ​ខណ្ឌ ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​ ៦​ ចុះ​ដល់​ទីតាំង​តាម​ការរាយការណ៍​របស់​ប្រជា​ពលរដ្ឋ។ ចំពោះ​វត្ថុតាង​មាន​ថ្នាំគ្រាប់​ប្រភេទ​ផ្កាឈូក ​(MDMA) ចំនួន​ ៧២ ក្រាម​ ថ្នាំ​គ្រាប់​ពណ៌​ប្រផេះ​ប្រភេទ ​(MDMA)​ ទម្ងន់​ ៣០០ ក្រាម។ ថ្នាំ​ញៀន​ពណ៌ស​ប្រភេទ​កេតាមីន​ទម្ងន់​ ១៦០ ក្រាម។​ សរុប​ថ្នាំញៀន​ទាំង ៣ ​ប្រភេទ​ មាន​ទម្ងន់​ ៥៣២ ក្រាម។ ដោយ​ឡែក​ថ្នាំញៀន​ ១ ប្រភេទ​ទៀត​ឈ្មោះ​យ៉ាសាប៉ាម​ចំនួន ​១១៥ គ្រាប់៕