ភ្នំពេញៈ យោងតាម​ផែនការ​សកម្ម​ភាព​សម្រាប់​អនុវត្ត​គោ​លនយោបា​យ​ចាក់​វ៉ាក់​សាំង​កូ​វីដ​ ១៩ ដូ​ស​ជំរុញ ​ដើម្បី​បង្កើន​ភាព​សុំា​ប្រឆាំង​នឹង​មេរោគ​កូ​វីដ ​១៩ ​បានឱ្យ​ដឹង​ថា រាជរដ្ឋាភិ​បាល​កម្ពុជា​បាន​ត្រៀម​បម្រុង​រួចជា​ស្រេច​នូវ​បរិមា​ណ​វ៉ាក់សាំង​សម្រាប់​ដល់​ក្រុម​ពលរដ្ឋ​ជា​គោលដៅ​អាទិ​ភាព​ដែល​បាន​កំណត់​សរុប​​ប្រមាណ​ជិត ១៣​ លាន​នាក់​ ដែល​មាន​អាយុ​ពី ១២ ឆ្នាំ​ឡើង​ និង​ត្រូវ​ចាក់​ឱ្យ​បាន​យ៉ាង​តិច​ ៩០ ភា​គរយ​នៅ​ដំណាច់​ខែ​មិថុនា ​ឆ្នាំ​ ២០២២​។

ជា​មួយគ្នា​នេះដែរ​​រដ្ឋាភិបា​ល​ក៏៏​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​នាំចូលនិង​ចែកចាយ​វ៉ាក់សាំង​កូ​វីដ ១៩ និ​ង​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង​អាចជួយ​ព​ន្លឿ​ន​ការ​គ្រប​ដណ្តប់​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​បាន​លឿន និ​ង​ជួយ​កាត់ប​ន្ថយ​បន្ទុក​ការងារ​ចាក់​វ៉ាក់​សាំង​មួយផ្នែក​នៃ​ប្រព័ន្ធ​សុខា​ភិបាល​។

គោល​បំណង​និង​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ដូ​ស​ជំរុញ​នេះ ​គឺ​ដើម្បី​ការពារ​អាយុជីវិត​ពលរដ្ឋ​កម្ពុជា ការពារ​ប្រព័ន្ធ​សុខាភិ​បាល​និង​កាត់​បន្ថយ​ផល​ប៉ះពាល់ស​ង្គម-សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ជំងឺ​កូ​វីដ ១៩​។ កាត់ប​ន្ថយ​ការឆ្ល​ងភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​អ្នកជំងឺ​សម្រាក​ពេទ្យ​និង​ស្លាប់​ដែល​បណ្តាលមក​ពី​ជំងឺ​កូ​វីដ ១៩ និ​ង​ទប់​ទល់នឹ​ង​ការ​គំរាម​កំហែង​នៃ​មេរោគ​បំប្លែង​ខ្លួន​ប្រភេទថ្មី​ៗទៀត​។

ផែនការ​សកម្ម​ភាព​នេះ​បាន​បញ្ជាក់ថា​«ក្រុង-​ស្រុក-ខណ្ឌ ដែល​ត្រូវបាន​វាយ​តម្លៃថា​មាន​ហានិភ័​យ​ខ្ពស់​នៃ​ការ​ចម្លង​ជំងឺ​កូ​វីដ ១​៩ និង​បាន​រកឃើញ​មេរោគ​​បំប្លែង​ខ្លួន​ប្រភេទ​ដែល​តា ត្រូវ​បាន​ផ្តល់​អាទិ​ភាព​ខ្ពស់​សម្រាប់​ការ​ចាក់​ដូ​ស​ជំរុ​ញលើ​ពលរដ្ឋ​គោល​ដៅ​ឱ្យបាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបា​ន ដើ​ម្បី​ឆ្លើយត​ប​នឹង​ស្ថានភា​ព​ចំពោះមុ​ខ​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ផង និង​ទប់​ទល់​នឹង​មេរោគ​បំប្លែង​ខ្លួន​ប្រភេទ​ថ្មី​នេះ​ផង​»។

ផែនការ​ដដែល​នេះ​បាន​លើក​ឡើង​ទៀត​ថា ការចាក់​វ៉ាក់​សាំង​ដូ​ស​ជំរុញ ដល់​ក្រុម​កុមា​រ-យុវវ័យ​អាយុ​ពី​ ១២ ​ឆ្នាំ ដល់​ក្រោម ​១៨​ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់​សាំង​ដូ​ស​ទី២ រួចរា​ល់​នៅ​ដំណាច់​ខែសីហា ​ឆ្នាំ​ ២០២១​ អាច​ចាប់​ផ្តើម​ចាក់ វ៉ាក់សាំង​ដូ​ស​ជំរុញ​បាន​នៅក្នុង​ខែកុម្ភៈ ​ឆ្នាំ ២០​២២ និង​ខែ​បន្តបន្ទាប់​នៅក្រោម​លក្ខ​ខណ្ឌ​នៃ​គម្លាត​ពេលវេលា​៦ ខែ រវាង​ការចាក់​ដូ​ស​ទី២ រួចនិង​ការ​ចាក់​ដូ​ស​ជំរុញ​។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែសីហា​កន្លងមកនេះ នៅក្នុង​ជំហាន​ទី១ ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ បានចាប់ផ្តើម​លើ​ក្រុម​ពលរដ្ឋ​គោលដៅ​ជា​អាទិភាពដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី២ ប្រភេទ Sinopharm និង Sinovac រួចរាល់​ចាប់ពី ៤ ខែ​ឡើង ក្នុង​ខេត្ត៧ នៅជាប់​ព្រំដែន​ភាគ​ខាងលិច​ប្រទេស។ ខេត្ត​ទាំងនោះ​មាន ខេត្តប​ន្ទាយ​មានជ័​យ បាត់​ដំបង ប៉ៃលិន ពោធិ៍សា​ត់ កោះកុង ឧ​ត្ត​រ​មានជ័​យ ​និង​ខេត្តព្រះ​វិហារ។ បន្ទាប់​មក​បន្ត​លើ​ក្រុម​គោល​ដៅ​ជា​អាទិ​ភាព នៅ​ក្នុង​រាជ​ធានី​ខេត្ត ទាំង​អស់​ទូទាំង​ប្រទេស​ ។

សម្រាប់​ជំហាន​ទី២ ចាប់ផ្តើ​ម​ពី​ខែ​កញ្ញា ឆ្នាំ​២០២១​ដល់​ខែ​មិថុនា ឆ្នាំ​២០២២​ ដោយ​អនុវ​ត្តតាម​អភិ​ក្រម ​«ផ្កា​រីក» ដោយ​ចាប់​ផ្តើម​ចេញពី​រាជធា​នី​ភ្នំពេញ ខេត្ត​កណ្តាល​ ព្រះសីហនុ និង​ខេត្ត​កោះកុ​ង និង​តាម​ក្រុង-​ស្រុក-​ខណ្ឌ​នៃ​ខេត្ត​ផ្សេងៗ​ទៀត​ជា​បន្តប​ន្ទាប់។​

ផែនការ​​សកម្ម​ភាព​នៃ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​បាន​បញ្ជាក់ថា៖ «វ៉ាក់សាំង​ដែល​ត្រូវការ​សម្រាប់​ដូ​ស​ជំរុញ​មាន​ចំនួន ១២ ៧៦៣ ៣៨១ ដូ​ស ពោលគឺ​ស្មើនឹង​ចំនួន​ប្រជាពលរដ្ឋ​គោលដៅ​អាយុ​ពី ១២ ឆ្នាំ​ឡើង ហើយ​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវការ​នេះទៀតសោត​ក៏​អាស្រ័យ​ជា​ចម្បង​ចំនួន​ជាក់ស្តែង​នៃ​ប្រជាពលរដ្ឋ​គោលដៅ ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញ លេញ​តាម​របប​ចាក់​វ៉ាក់សាំង​មូល​ដ្ឋាន ដែល​បាន​កំណត់»​។

ប្រទេស​កម្ពុជា​ប្រើប្រាស់​ភាគច្រើន​លើស​លប់នូវ​ប្រភេទ​វ៉ាក់​សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm) និង​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ជា វ៉ាក់សាំង​មូល​ដ្ឋាន ហើយ​វ៉ាក់​សាំង​ប្រភេទ​នេះ​ក៏មាន​ប្រសិទ្ធ​ភាព​សម្រាប់​ជា​ដូ​ស​ជំរុញ​ដែរ។

លោ​កស្រី ឱ វណ្ណឌី​ន អ្នក​នាំ​ពាក្យ​ក្រសួងសុ​ខាភិ​បាលនិ​ង​ជា​ប្រធាន​គណៈ​ក​ម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​​កូ​វីដ ​១៩ ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំងប្រ​ទេ​សបានលើ​កឡើង​ឱ្យដឹង​ផងដែរ​ថា​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ឆ្លើយត​ប​បន្ទាន់​ជា​បន្ត​បន្ទាប់ ដើម្បី​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​កម្ពុជា ការពារ​ប្រព័ន្ធ​សុខា​ភិបា​លនិ​ង​កាត់​បន្ថ​យ​ផលប៉ះ​ពាល់​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរ​ដ្ឋនិង​លើ សកម្ម​ភាព​សង្គម-សេដ្ឋកិច្ច។

លោកស្រី​ថា៖ «ក្នុង​នោះ​យុទ្ធ​សាស្ត្រ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកថា​ជា​យុទ្ធសាស្ត្រគន្លឹះ​មួយក្នុងការ​បង្ការ កាត់បន្ថយនិង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ ដើម្បី​បង្កើត​ឱ្យបាន​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍សំដៅឈានឆ្ពោះ​ទៅ​បើក​ដំណើរការ​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យនិង​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី»។

លោ​កស្រី ឱ វណ្ណឌី​ន បាន​បន្ថែម​ថា អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បានស្រាវ​ជ្រាវនិង​បានបង្ហាញ​ទ​ឡ្ហីករ​ណ៍​បែប​វិទ្យាសាស្ត្រ​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩ ដូ​ស​ជំរុញ ដែល​បង្កើន​ភាពឆ្លើយតប​នៃ​អង្គ​បដិបក្ខ​ក្នុង​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដើម្បី​ប្រឆាំងនឹង​មេរោគ​កូ​វីដ ១៩ បំប្លែងខ្លួន​ប្រភេទថ្មីៗ ជាពិសេស​មេរោគកូ​វីដ ១៩ បំប្លែង​ខ្លួន​ប្រភេទ​ដែល​តា ហើយ​ប្រទេស​មួយចំនួន​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​ផងដែរ៕