ក្រចេះៈ ​តុលាការខេត្ត​ក្រចេះ​បាន​កោះហៅ​ម្ចាស់​ចម្ការ​ស្វាយចន្ទី​ម្នាក់​ឱ្យចូលខ្លួន​កាលពី​ថ្ងៃទី​ ២៩​ កញ្ញា ​ពាក់ព័ន្ធ​បណ្តឹង​បង្ក​របួសស្នាម​លើ​បុរស​ម្នាក់​ដែល​ម្ចាស់​ចម្ការ​អះអាងថា ​ជា​ចោរ​ចូល​លួច​គ្រាប់​ស្វាយ​ចន្ទី​​ក្នុង​​ចម្ការ​របស់គាត់​។

លោក​ សែត សុះ​ពុ​ស្តា​ន ​ជា​ជនជាតិខ្មែរ​អ៊ិ​ស្លាម​រស់នៅ​ភូមិ​-​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នូល​ខេត្តក្រចេះ​បាន​ប្រាប់​នៅ​ថ្ងៃទី​ ៣០​ កញ្ញា​ថា​ តុលាការខេត្ត​ក្រចេះ​បាន​កោះហៅ​គាត់​ឱ្យចូល​ខ្លួន​ដើម្បីឱ្យ​ផ្តិតមេដៃ​លើ​ពាក្យបណ្តឹង​របស់​គាត់​​ដែល​ប្តឹង​តប​ទៅ​ឈ្មោះ​ សុខ ទិ​ត្យ ​វិញ​ដោយ​គាត់​អះអាងថា​ជា​ចោរ​ពាក់ព័ន្ធ​ការ​លួច​គ្រាប់ស្វាយចន្ទី​របស់គាត់​។

លោក​សុះ​ពុ​ស្តា​រៀបរាប់​ពី​ដំណើររឿង​ថា​ នៅ​អំឡុង​ខែមេសា ​ឆ្នាំ ​២០២១​ គាត់ និង​បុរស​អ្នកចម្ការ​ម្នាក់ទៀត​បាន​ទៅ​មើលថែ​ចម្ការ​ស្វាយចន្ទី​ ​ពេលទៅដល់​គាត់​បានឃើញ​មនុស្ស​ប្រុស​ស្រី​ ២ ​នាក់​កំពុង​ប្រលេះ​គ្រាប់ស្វាយចន្ទី​ ​ពេលនោះ​គាត់​បាន​ថត​សកម្មភាព​ពួកគេ​ប្រលេះស្វាយចន្ទី​តែ​ត្រូវ​បុរស​ឈ្មោះ​សុខ ទិ​ត្យ​យក​កាំភ្លើង​កែច្នៃ​ភ្ជង់​ក្បាល​គាត់​។

លោក​បន្តថា​ ពេលនោះ​គាត់​បាន​ប្រតាយប្រតប់​ជាមួយ​ចោរ​ ខណៈ​ដៃ​គាត់​មាន​កាន់​កាំបិត​ផង​ហើយ​បាន​ដួល​លើដី​ទាំង ​២ ​នាក់​ គ្រា​កំពុង​ប្រតាយប្រតប់​គ្នា​នោះ​មាន​អ្នកចម្ការ​ម្នាក់ទៀត​បាន​យក​ទូរស័ព្ទ​ថត​វីដេអូ​ជា​ភ័ស្តុតាង​។​ បន្ទាប់មក​ត្រូវបាន​លោក​ កែវ វ៉ាត នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ក្រញូង​សែន​ជ័យ​ហៅ​ទៅ​ប៉ុស្តិ៍នគរបាល​ទាំង​ ២​ នាក់​។

លោក​បញ្ជាក់ថា ​ពេលនោះ​លោកនាយ​នគរបាល​ប៉ុស្តិ៍​បានឱ្យ​គាត់​បង់លុយ​ឱ្យឈ្មោះ ​សុខ ទិ​ត្យ​ ចំនួន​ ៦០​ ម៉ឺន​រៀល​ ព្រោះថា ​គាត់​បង្ក​របួសស្នាម​លើ​ឈ្មោះ​ សុខ ទិ​ត្យ​ ដែលជា​ចោរលួច​គ្រាប់ស្វាយចន្ទី​របស់គាត់​ទៅវិញ​។​ ប៉ុន្តែ​គាត់​ប្រកែក​តែ​ក្រោយមក​ក៏​ប្រគល់​លុយ​ ៦០ ​ម៉ឺន​ ឱ្យទៅ​ឈ្មោះ ​សុខ ទិ​ត្យ​ ខណៈ​ឈ្មោះ​នេះ​ត្រូវបាន​លោក​មេ​ប៉ុស្តិ៍​ឱ្យ​ជិះ​ម៉ូតូ​ទៅផ្ទះ​វិញ ​តែ​គាត់​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​។

បើតាម​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ៣០​ កញ្ញា​ ដែលមាន​ចុះហត្ថលេខា​ដោយ​លោក​ចៅក្រម​ស៊ើបសួរ​ តុ​ប ឈុន​ហេង​ បានសរសេរថា​៖ «​បង្គាប់​ឱ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ​ សែត សុះ​ពុ​ស្តា ចូល​បង្ហាញខ្លួន​នៅ​ថ្ងៃទី​ ២៩ ​កញ្ញា ​ឆ្នាំ​ ២០២១​ ពីបទ​ចោទ​ហិង្សា​ដោយ​ចេតនា ​(​មាន​ស្ថាន​ទម្ងន់ទោស​) ​តាម​បញ្ញត្តិ​មាត្រា ២១៨ ​នៃ​ក្រមព្រហ្មទណ្ឌ​៕​