សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានសម្រេចបញ្ចប់ការកំណត់ជាតំបន់ក្រហមនិងតំបន់លឿងទុំ ដែលបានបិទខ្ទប់នៅក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា នេះតទៅ។

តាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាបនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា សេចក្តីសម្រេចទាំងឡាយរបស់រដ្ឋបាលខេត្តសៀមរាបដែលបានកំណត់ជា តំបន់ក្រហម និងតំបន់លឿងទំ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវទុកជានិរាករណ៍។

លោក ស៊ុន ចំណាន នាយករដ្ឋបាលខេត្តសៀមរាបប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ បានពន្យល់ថា ការបើកឡើងវិញតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី ដែលថាឱ្យពលរដ្ឋរៀនរស់ជាមួយនឹងកូវីដ ប៉ុន្តែការបិទខ្ទប់នៅក្នុងតំបន់មួយចំនួននៅក្នុងខេត្តសៀមរាបនេះ មានប្រហែលជិត ២ សប្ដាហ៍ ដែលការគ្រប់គ្រងនេះ វាបានចូលរួមកាត់បន្ថយការរីករាលដាលបន្តទៀតផងដែរ។

ទោះជាយ៉ាងណា លោកថា ចំពោះការបើកដំណើរការនេះក៏នៅតែអនុវត្តចំពោះបំរាមគោចរណ៍ដដែលទេ ដោយបំរាមឱ្យដើរនៅពេលយប់ចាប់ពី ៩ ដល់ ១ រំលងអធ្រាត្រ និងការជួបជុំក៏ត្រូវបានអនុវត្តដូចគ្នាដែរ ហើយតម្រូវឱ្យប្រជាពលរដ្ឋអនុវត្តតាម គោលការណ៍ ៣ កុំ ៣ ការពារ ជាធម្មតា។

លោកបន្តទៀតថា ប្រសិនបើប្រជាពលរដ្ឋល្មើសនូវគោលការណ៍ណាមួយរដ្ឋបាលខេត្តនៅតែពិន័យអន្តរកាលដដែលទេ។ មួយទៀត ការបើកឡើងវិញនេះ ក៏ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើអាជីវកម្ម ឬលក់ដូអ្វីជាធម្មតាឡើងវិញ។

លោកថ្លែងថា៖ «យើងអត់អាចជួបជុំផឹកស៊ីបានទេនៅពេលយប់ ព្រោះយើងដាក់បំរាមគោចរណ៍នៅម៉ោង ៩ ដល់ ១ យប់ ដូច្នេះ តំបន់ផាប់ស្ទ្រីត ក៏ត្រូវបានបិទ»។

លោក ឈន គឹមឃន ចៅសង្កាត់ ស្លក្រាម ខេត្តសៀមរាប បានឱ្យដឹងដែរថា ប្រជាពលរដ្ឋនៅក្នុងតំបន់របស់លោកមានការសប្បាយចិត្តដែលរដ្ឋបាលខេត្តសៀមរាបបិទបញ្ចប់តំបន់ក្រហម ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ឱ្យពលរដ្ឋរានរស់ក្នុងវិបត្តិនៃជំងឺកូវីដ ១៩។

លោកបន្តថា ចំពោះការធ្វើតេស្ត Rapid Test អ្នកដែលផ្តាសាយធម្មតា ក៏តេស្តមានជំងឺកូវីដ ១៩ ហើយរដ្ឋបាលខេត្តប្រកាសឱ្យបិទខ្ពស់តំបន់នោះមិនឱ្យប្រជាពលរដ្ឋចេញចូល ដូចនៅក្នុងតំបន់របស់លោកដែរ។ ប្រសិនបើធ្វើតេស្តគ្រប់តែគ្នា វានឹងមានវិជ្ជមានគ្រប់តែគ្នា។

លោកថ្លែងថា៖ «ប្រពន្ធខ្ញុំផ្តាសាយធម្មតា គេថា កើតកូវីដដែរ ឥឡូវទើបមកផ្ទះវិញ អស់ ១ ខែ គ្មានបានធ្វើអ្វីសោះ។ ប៉ុន្តែ មកផ្ទះមិនទាន់បាន ២ ឬ ៣ ថ្ងៃផង បិទកន្លះថែមទៀត ទើបចប់ថ្ងៃនេះ វាពិបាកណាស់ ខ្ញុំស្រឡាញ់ប្រសាសន៍សម្តេចតេជោ ឱ្យរៀនរស់ជាមួយកូវីដ»។

លោក ឈន គឹមឃន បញ្ជាក់ថា កាលពីមុន ផ្ទះណាមានវិជ្ជមាន គឺគេបិទផ្ទះនោះ ប៉ុន្តែបើផ្ទះណាមានវិជ្ជមាន គឺគេបិទមួយភូមិ ដែលធ្វើឱ្យមានការលំបាករស់នៅ និងពិបាកក្នុងទិញម្ហូបអាហារ ហើយមានតម្លៃទ្វេដង មិនតែប៉ុណ្ណោះ ធនាគារ ថ្លៃទឹក និងថ្លៃភ្លើង នៅតែបង់ធម្មតាស្របពេលដែលពលរដ្ឋគ្មានចំណូល៕

វីដេអូ៖