ភ្នំពេញៈ អ្នក​ជំនាញ​ក្រសួង​បរិស្ថាន ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ព្រមទាំង​អាជ្ញាធរ​ខេត្ត​ព្រៃវែង ​កំពុង​សិក្សា​បច្ចេកទេស​ក្នុង​ការរៀបចំ​បង្កើត​តំបន់​បេតិក​ភណ្ឌ​ធម្មជាតិ ​និង​ប្រវត្តិសាស្ត្រ​វប្បធម៌ ​នៅ​តំបន់​ភ្នំឈើ​កាច់​បាភ្នំ ​ក្នុង​ភូមិសាស្ត្រ​ស្រុក​បាភ្នំ ​ខេត្ត​ព្រៃវែង។

លោក​ នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ ​និង​ជាមន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន ​ថ្លែង​នៅ​ថ្ងៃទី ៣០ ​ខែកញ្ញា​ថា ​អ្នកជំនាញ​ក្រសួង​បរិស្ថាន ​ក្រសួង​វប្បធម៌​ និង​អាជ្ញាធរ​ខេត្ត​ព្រៃវែង ​បាន​និង​កំពុង​សិក្សា​បច្ចេកទេស​ពិនិត្យ​ទៅលើ​ការរៀបចំ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ​និង​ប្រវត្តិសាស្ត្រ​វប្បធម៌ ​នៅ​តំបន់​ភ្នំឈើ​កាច់​បាភ្នំ ​នៅ​ក្នុង​ខេត្ត​ព្រៃវែង។

លោក​ថ្លែងថា​៖ «ក្រសួង​បរិស្ថាន​យើង​ចាំបាច់​ត្រូវ​បង្កើត​តំបន់​ការពារ​ធម្មជាតិ ​ដើម្បី​យើង​អភិរក្ស​តំបន់​ហ្នឹង​ផង ​ធនធាន​ធម្មជាតិ​នៅ​ទី​ហ្នឹង​ផង​ និង​វប្បធម៌​ប្រវត្តិសាស្ត្រ​នៅ​ហ្នឹង​ផង»។

នៅ​ថ្ងៃនោះ​ដែរ​ លោក​ ឈៀង សុវណ្ណរ៉ា ​នាយក​រដ្ឋបាល​ខេត្ត​ព្រៃវែង​បានឱ្យ​ដឹងថា ​ការរៀបចំ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ ​និង​ប្រវត្តិសាស្ត្រ​វប្បធម៌​តំបន់​ភ្នំ​ឈើកាច់​បាភ្នំ​នេះ ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​ស្រាវជ្រាវ​នៅ​ឡើយ។

លោក​ថ្លែងថា​៖ «មិន​ទាន់​មាន​លទ្ធផល​អី​ទេ ​ដោយសារ​នៅលើ​បាភ្នំ​ហ្នឹង​សុទ្ធតែ​កន្លែង​ទ័ព​ កន្លែង​ទាហាន​ គេ​នៅ​ឈរ​ជើង​ការពារ​ទឹក​ដី។ អ៊ីចឹង​ឥឡូវ​ គឺ​យើង​កំពុង​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ»។

លោក​ ទេព ភារុណ ​អភិបាល​ស្រុក​បាភ្នំ​ថ្លែង​នៅ​ថ្ងៃទី ៣០ ​ខែកញ្ញា​ថា ​ចំពោះ​ការសិក្សា​បច្ចេកទេស​ក្នុង​ការបង្កើត​តំបន់​នេះ​ ក្រុម​ការងារ​ធ្លាប់​បាន​ធ្វើការ​ប្រជុំ២​លើក​មក​ហើយ។ កិច្ចប្រជុំ​ចុងក្រោយ​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ២៨ ​ខែកញ្ញា ​គឺ​ដើម្បី​ពិនិត្យ​មើល​ការពាក់ព័ន្ធ​ទាំងអស់​ ព្រោះ​តាម​ការផ្តួចផ្តើម​របស់​ក្រសួង​បរិស្ថាន​ គឺ​ត្រូវ​រៀបចំ​ជាតំបន់​ការពារ​ធម្មជាតិ។

លោក​ថ្លែងថា​៖ «ការសិក្សា​នោះ ​គឺ​ដើម្បី​ដឹង​ថា ​តើវា​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ ​និង​ចំណុច​សំខាន់​អី​ខ្លះ​ដែល​ត្រូវ​ធ្វើជា​ទល្ហីកណ៍ ​ដើម្បី​ធ្វើកា​ររៀប​ជូន​ទៅ​ថ្នាក់​ដឹកនាំ​ក្រសួង​ដើម្បី​សម្រេច»។

លោក ​ឡុង ប៉ុណ្ណាស៊ីរីវត្ថ ​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ថ្លែងថា ​នេះ​ជាការងារ​បច្ចេកទេស​ធម្មតា​ ដែល​កិច្ចការងារ​បែបនេះ​ក៏ធ្លាប់​ធ្វើ​កន្លែង​ផ្សេងៗ​ផង​ដែរ។ ​នេះជា​ការសហការ​គ្នា​ដើម្បី​ងាយស្រួល​កុំឱ្យ​មាន​ការប៉ះពាល់​ផ្នែក​វប្បធម៌។ ក្នុង​ន័យ​នេះ​លោក​បញ្ជាក់ថា ​ពេល​ក្រសួង​បរិស្ថាន​ធ្វើការ​រៀបចំ​កំណត់​តំបន់​ធម្មជាតិ​ណាមួយ ​ដោយ​ខ្លាច​ប៉ះពាល់​ស្ថានីយ​បុរាណវិទ្យា ​ក៏ហៅ​ក្រសួង​វប្បធ៌​ទៅ​ដើម្បី​សហការគ្នា​រៀបចំ​តំបន់​មួយ​ដែល​មាន​គ្រប់​ជំនាញ។

លោក​ថ្លែងថា​៖ «កាលណា​[ប៉ះ]​អី​វប្បធម៌​យើង ​យើង​ចុះ​បញ្ជី​ ចុះ​តាម​ហ្នឹង​ទៅ ​ឬ​មួយ​កន្លែង​ហ្នឹង​ឧបមាថា ​ខាង​ដែនដី​ គេ​កំណត់​តំបន់​ហ្នឹង​ប៉ុន្មាន​ហិកតា ​ដីជា​តំបន់​ការពារ​ធម្មជាតិ ​ក្នុង​ហ្នឹង​វា​មាន​ស្ថាននីយ​បុរាណវិទ្យា​ប៉ុន្មាន​ អី​ប៉ុន្មាន​អ៊ីចឹង​ទៅ។ ​ខាង​ក្រសួង​វប្បធម៌​មាន​បញ្ជី​សារពើ​ភណ្ឌ ​យើង​សហការ​គ្នា​តាម​ជាក់ស្តែង​អ៊ីចឹង​ទៅ»៕