The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សាធារណ​ការលក់​ស្លាក​លេខ​ពិសេស​ ​និង​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ ៦១ ​លាន​ដុល្លារ




ក្រសួង​សាធារណ​ការលក់​ស្លាក​លេខ​ពិសេស​ ​និង​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ ៦១ ​លាន​ដុល្លារ

Content image - Phnom Penh Post
ស្លាក​លេខ​ពិសេស​រថយន្ត​ផ្ទាល់ខ្លួន ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដោយ​ស្របច្បាប់​។ ហេង ជីវ័ន

ក្រសួង​សាធារណ​ការលក់​ស្លាក​លេខ​ពិសេស​ ​និង​លេខ​ពិសេស​ផ្ទាល់ខ្លួន​បាន​ ៦១ ​លាន​ដុល្លារ

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បាន​ឱ្យដឹងថា ការលក់​ស្លាក​លេខ​ពិសេស និង​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​សរុប​បាន​ជាង ១៨ ម៉ឺន​ស្លាក​លេខ​ដោយ​ក្នុងនោះ​ទទួលបាន​ថវិកា​សរុប​ជាង ៦១ លាន​ដុល្លារ​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០២១ ដែល​ការលក់​ស្លាក​លេខ​នេះ​មាន​ការថយចុះ​ប្រមាណ ៤,៨ ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ការប្រកាស​យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​មាន​ឈ្មោះថា​ «MPWT LIVE SHOW» នៅ​ព្រឹក​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២១ ដែល​ផ្តល់ឱកាស​ឱ្យ​សាធារណជន​អាច​សួរ​សំណួរ​ដោយផ្ទាល់​តាមរយៈ​ការធ្វើ​អត្ថាធិប្បាយ​។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង​គ្រប់គ្រង​ការលក់​ស្លាក​លេខ​ពិសេស ដែល​វាគ្មិន​កិត្តិយស​បាន​លើកឡើងថា ចាប់តាំងពី​ក្រសួង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លេខ​ពិសេស កាលពី​ឆ្នាំ​ ២០១៧ មក​ស្លាក​លេខ​ពិសេស​ដែល​លក់បាន​គឺ​មាន​ចំនួន ១៧៩ ០៣៤ ស្លាក​លេខ ដោយ​ទទួលបាន​​ចំណូល​ប្រមាណ ៤៦ ៥៧៨ ១៥៨ ដុល្លារ​។

លោកស្រី​បន្តថា ចំពោះ​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន ដែល​ក្រសួង​បានប្រកាស​ឱ្យ​ប្រើប្រាស់​ចាប់​តាំងពីដើម​ឆ្នាំ​ ២០២០ គឺ​លក់បាន​ចំនួន ៧ ៥៧៨ ស្លាក​លេខ​ដោយ​ទទួលបាន​ចំណូល​ប្រមាណ ១៤ ៩៧៨ ១៥១ ដុល្លារអាមេរិក​។

យ៉ាងណា​លោកស្រី កុយ សុដានី បញ្ជាក់ថា​៖ «​ការលក់​ស្លាក​លេខ​ពិសេស​នេះដែរ សម្រាប់​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​ ២០២១ ​នេះ​មាន​ការធ្លាក់ចុះ​ប្រមាណ ៤,៨ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២០ ដោយសារ​តែមាន​បញ្ហា​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩»​។

លោកស្រី​ថា រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០២១ លក់បាន ៤៩ ០០០ លាន​រៀល ឬ​ស្មើ ប្រមាណ ជាង​ ១២ ​លាន​ដុល្លារ ចំណែក​ឆ្នាំ​ ២០២០ លក់បាន​ប្រមាណ ៥២ ០០០ លាន​រៀល ឬ​ស្មើ​ប្រមាណ ១៣ លាន​ដុល្លារ​។

យ៉ាងណា​លោកស្រី​រំពឹង​ថា ក្រោយ​វិបត្តិ​កូវីដ​ ១៩ បាន​ធូរស្រាល ការដាក់​លក់​ស្លាក​លេខ​ពិសេស និង​ស្លាក​លេខ​ពិសេស​ផ្ទាល់​នឹង​វិល​មក​ស្ថានភាព​ល្អប្រសើរ​វិញ ខណៈ​ថវិកា​ដែល​បាន​មកពី​ការដាក់​លក់​ស្លាក​លេខ​ទាំងនេះ នឹង​បាន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម​កម្ពុជា​។

សូមជម្រាបថា ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​ត្រូវ​បាន​បោះពុម្ព​ដោយ​មាន​អក្សរ «​កម្ពុជា​» នៅ​ផ្នែក​ខាងលើ និង​មានការ​រួមបញ្ចូល​គ្នា​លេខ​ឡាតាំង ឬ​អក្សរ ចន្លោះ​ពី ១ ដល់ ៨​ខ្ទង់ បោះពុម្ព​នៅ​ផ្នែក​កណ្តាល​។ ស្លាក​លេខ​នេះ​មាន QR Code នៅ​ផ្នែក​ខាងស្តាំ ដែលមាន​បញ្ជាក់​ព័ត៌មាន​ស្តីពី​រថយន្ត​នោះ ហើយ​អតិថិជន​អាច​ជ្រើសរើស​ស្លាក​ទាំងនោះ​តាមរយៈ​ការដាក់​ពាក្យស្នើសុំ​ទិញ ឬ​ការដាក់​ដេញថ្លៃ​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​រថយន្ត​តាមរយៈ​គេហទំព័រ vehicle.mpwt.gov.kh​។

លោកស្រី កុយ សុដានី បាន​អះអាង​ថា ស្លាក​លេខ​នេះ​មានតម្លៃ​ចាប់ពី ២ ​លាន​រៀល​ឡើងទៅ​រហូតដល់ ១ ០០០ ​លាន​រៀល ហើយ​សម្រាប់​ការដេញថ្លៃ​អាច​នឹង​មាន​តម្លៃ​ច្រើនជាង​នេះ ប៉ុន្តែ​ម្ចាស់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន គឺអាច​រក្សាទុក​ពេញ​ ១ ​ជីវិត ដោយ​គ្រាន់តែ​កាត់ឈ្មោះ​ចេញ​នៅពេល​លក់​រថយន្ត ឬ​គេ​អាច​លក់​ស្លាក​លេខ ពេល​លក់​រថយន្ត​ជាមួយគ្នា​ក៏បាន​។

លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើកឡើងថា ជារួម​ការប្រើប្រាស់​នូវ​ស្លាក​លេខ​ពិសេស និង​ពិសេស​ផ្ទាល់ខ្លួន​នេះ គឺ​មិនមាន​ផល​អវិជ្ជមាន​ណាមួយ​នោះទេ ព្រោះ​វា​ក៏បាន​ចូលរួម​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​កម្ពុជា​។

បន្ថែម​ពីនេះ លោក​យល់ថា ការប្រើប្រាស់​នូវ​ស្លាក​លេខ​ទាំងនេះ​ក៏បាន​ចូលរួម​ផ្តល់​ជម្រើស​ដល់​អ្នកប្រើប្រាស់ ដែល​មាន​សិទ្ធិ​ជ្រើសរើស​ទៅតាម​លទ្ធភាព​របស់​ពួកគេ ហើយ​វា​ក៏​បង្កើត​នូវ​ចំណូល​សម្រាប់​រដ្ឋាភិបាល ដែល​កន្លងមក​ក្រសួង​បានប្រកាស​ពី​ការទទួលបាន​ចំណូល​ច្រើន​ពី​ការលក់​ស្លាក​លេខ​នេះ​។

លោក​បាន​ថ្លែងថា​៖ «​បើ​មើល​មួយ​ជ្រុង​ទៀត សម្រាប់​ប្រទេស​កម្ពុជា​យើង ខ្ញុំ​គិតថា យើង​នៅតែ​ប្រឈម​អំពី​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ តែ​វា​មិន​ពាក់ព័ន្ធ​អ្វី​នឹង​រឿង​ស្លាក​លេខ​ទេ ប៉ុន្តែ​វា​ពាក់ព័ន្ធ​ជាមួយ​នឹង​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​រថយន្ត​នេះ​»​។

លោក​សុំ​ស្នើឱ្យ​ក្រសួង​ពិនិត្យ​មើល​លទ្ធភាព​លើ​ការកែលម្អ​ហេដ្ឋា​រចនាសម្ព័ន្ធ​បន្ថែមទៀត ដូចជា​ការគូស​គំនូស​នៃ​ស្លាក​សញ្ញា​ចរាចរណ៍ និង​រៀបចំ​ប្រព័ន្ធ​ផ្លូវថ្នល់​ឱ្យ​ល្អ​ជាង​នេះ ព្រោះ​បើ​ក្នុង​ករណី​កម្ពុជា​មាន​ស្លាក​លេខ​ល្អ​ហើយ ស្រប​ជាមួយ​នឹង​ផ្លូវថ្នល់​ល្អ​ទៀត ក៏​នឹងចូលរួម​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​ផងដែរ​៕

អត្ថបទគួរចាប់អារម្មណ៍