ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឱ្យ​មន្ត្រី​ជំនាញ​ប្រគល់​រថយន្ត​ធុន​ធ្ងន់​ចំនួន ២២៩ ​គ្រឿង​ទៅដល់​ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​រថយន្ត​វិញ ដើម្បី​ស្ដារ​សកម្មភាព​ធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​នៅលើ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​ ៣០ ខែ កញ្ញា ឆ្នាំ​ ២០២១​។

រថយន្ត​ធុន​ធ្ងន់​ទាំងនោះ​ត្រូវបាន​ឃាត់ និង​រក្សាទុក​នៅតាម​ស្ថានីយ​ជញ្ជីង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​តាម​បណ្តា​រាជធានី-ខេត្ត​មួយចំនួន អស់​រយៈពេល​ប្រមាណ ១ ​ឆ្នាំ​ដោយ​ហេតុ​ល្មើសច្បាប់​ដឹក​លើស​ទម្ងន់​កំណត់​នៃ​ច្បាប់​។

នៅលើ​ហ្វេសប៊ុក​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ដើម្បី​ស្ដារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ជាពិសេស​ការគាំទ្រ​ដល់​ការរស់​ឡើងវិញ​របស់​វិស័យ​ឯកជន និង​ជា​ការលើកលែង​បន្ធូរបន្ថយ និង​ផ្ដល់ឱកាស​សាជាថ្មី​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​យានយន្ត​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ផាកពិន័យ និង​ការឃាត់ទុក​យានយន្ត​ក្នុង​បទល្មើស​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុញ្ញាតឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដោះលែង​យានយន្ត​ទាំង ២២៩ ​គ្រឿង​ជូនទៅ​ម្ចាស់​យានយន្ត​ដើម្បី​ប្រកប​អាជីវកម្ម​ឡើងវិញ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា យានយន្ត​ទាំងឡាយណា​ដែល​មិនទាន់​បង់ប្រាក់​ពិន័យ គឺត្រូវធ្វើ​ការបង់ប្រាក់​ពិន័យ​តាមច្បាប់​កំណត់​ជាមុនសិន ទើប​អនុញ្ញាតឱ្យ​មាន​ការដោះលែង​យានយន្ត​ទាំងនោះ​នឹង​ត្រូវ​ជំរុញ​ឱ្យ​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទាំងអស់ គោរព និង​អនុវត្ត​តាមច្បាប់​ស្តីពី​ផ្លូវថ្នល់​ឱ្យបាន​ម៉ឺងម៉ាត់ ចៀសវាង​ប្រព្រឹត្ត​កំហុស​ជាថ្មី​។

លោក ហ៊ុន សែន បាន​ថ្លែងថា នាពេល​ថ្មីៗ​នេះ​ដោយ​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ មាន​សភាព​ធូរស្រាល ហើយ​រាជរដ្ឋាភិបាល​បាន​រៀបចំ​កែសម្រួល និង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​បរិបទ​ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ ១៩ ដូចជា ការបើក​ឱ្យ​ដំណើរការ​ឡើង​វិញ សាលារៀន ផ្សារទំនើប ផ្សារ​សាធារណៈ តំបន់​ទេសចរណ៍ និង​ការស្ដារ​សកម្មភាព​ធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និង​សង្គម​ផ្សេងៗ​ទៀត​។

លោក​ថ្លែងថា​៖ «​ក្នុង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​កោតសរសើរ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ឈរលើ​បទដ្ឋាន​ច្បាប់​នៃ​ការដឹកជញ្ជូន លើ​ការរឹតបន្តឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​»​។

លោក ប៉ាល់ ច័ន្ទតារា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បាន​លើកឡើងថា ក្រសួង​នឹង​យក​អនុសាសន៍​នេះ​ទៅ​អនុវត្ត ដោយ​ធ្វើការ​ដោះលែង​យានយន្ត​ដែល​ល្មើស​ទាំងនេះ​ឱ្យមាន​សេរីភាព​មុន​ការកំណត់​។

យ៉ាងណា លោក អះអាង​ថា ក្រសួង​នឹង​បន្ត​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​បន្តទៀត​។ ហើយ​លោក​ស្នើឱ្យ​យានយន្ត​ដែលមាន​សេរីភាព​ទាំងនេះ ចូលរួម​គោរព​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ និង​ចៀសវាង​ប្រព្រឹត្ត​កំហុស​ជាថ្មី​។

លោក​ថា​៖ «​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅតែ​បន្ត​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ចំពោះ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ច្បាប់ ដោយ​មិនមាន​ការលើកលែង​ជា​លើក​ទី​ ២ ទៀត​ទេ​។ ជាងនេះទៀត ក្រសួង​នឹង​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ដល់​សាធារណជន​ទូទៅ​ឱ្យ​បាន​យល់ដឹង និង​ជ្រួតជ្រាប​កាន់តែច្បាស់​»​។

លោក លឹម មុនី ជា​ម្ចាស់​ឡានធំ​ដែល​ធ្លាប់​សុំឱ្យ​ក្រសួង​ដោះលែង​ឡាន​របស់ខ្លួន កាលពី​ថ្មីៗ​នេះ​បាន​បង្ហាញ​ក្តីសប្បាយ​រីករាយ និង​សន្យាថា ឈប់​ប្រព្រឹត្ត​នូវ​ទង្វើ​ល្មើសច្បាប់ និង​ច្បាប់​ផ្លូវ​ចរាចរណ៍​តទៅទៀត​ហើយ​។ លោក​បន្តថា ការដោះលែង​យានយន្ត​របស់​លោក​មក​វិញ គឺ​បាន​ជួយ​ឱ្យ​គ្រួសារ​លោក អាច​ស្តារ​ជីវភាព​ឡើងវិញ ព្រោះ​មាន​យានយន្ត​អាច​បន្ត​អាជីវកម្ម​បាន​។

លោក​បាន​បញ្ជាក់​ទៀតថា​៖ «​ការរកស៊ី​បន្ត​នេះ ពួកខ្ញុំ​នឹង​ព្យាយាម​ធ្វើយ៉ាងណា​កុំឱ្យ​មាន​ទោស​ទណ្ឌ​នឹង​ច្បាប់​ចរាចរណ៍​ហ្នឹង​ទៀត​។ ចំពោះ​ឡាន​របស់​ពួកយើង គឺ​ព្យាយាម​ដាច់ខាត​កែតម្រូវ​កុំឱ្យ​ល្មើស​នឹង​ច្បាប់​ទៀត​។ ក្នុង​ចិត្ត​របស់​ពួកខ្ញុំ​ម្នាក់ៗ គឺ​សប្បាយ​ពន់ពេក ហើយ​ណាមួយ​ទៀត ពួកខ្ញុំ​នឹង​រួមគ្នា​ធ្វើ​ញត្តិ​សម្ដែង​ការអរគុណ​ដល់​សម្តេច ចំពោះ​ការលើកលែង​នេះ​»​។

លោក គង់ សុវណ្ណ អ្នកជំនាញ​សុខភាព​សាធារណៈ និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ​បាន​និយាយថា ការសម្រេច​យ៉ាង​ដូច្នេះ គឺ​អាស្រ័យ​ទៅលើ​គោលការណ៍​របស់​ក្រសួង និង​ថ្នាក់ដឹកនាំ ដែល​នឹង​ផ្តល់​ការអនុគ្រោះ ឬក៏​វិធានការ​ធ្វើ​កិច្ចសន្យា​បែបណា​មួយ ដោយ​ផ្អែកលើ​បរិបទ​នៃ​វិបត្តិ​កូវីដ ១៩​។ ប៉ុន្តែ​លោក​យល់​ថា មិនមែន​ព្រោះតែ​បែបនេះ រដ្ឋាភិបាល បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​បន្ត​ធ្វើឱ្យ​ខូចខាត​ប្រយោជន៍​រួម​នោះដែរ ព្រោះ​ផ្លូវថ្នល់​គឺជា​ទ្រព្យ​រួម ដែល​ត្រូវការ​ការពារ និង​ចូលរួម​គោរព អនុវត្ត​ឱ្យបាន​គ្រប់គ្នា​។

លោក សុវណ្ណ លើកទឹកចិត្ត​ឱ្យ​ក្រសួង​មាន​វិធានការ​យ៉ាង​តឹងរ៉ឹង​ចំពោះ​យានយន្ត​ទាំងនោះ និង​ត្រូវ​ធានា​ឱ្យបាន​ថា ពួកគេ​នឹងមិន​បន្ត​ប្រព្រឹត្ត​បទល្មើស​ជាថ្មីទៀត​នោះទេ ហើយ​បើ​មាន​បទល្មើស​ជាថ្មីទៀត គឺ​ត្រូវតែ​អនុវត្ត​ដោយ​គ្មាន​ការលើកលែង​។

លោកបាន​បញ្ជាក់ថា​៖ «​ចន្លោះ​ពេលនេះ គឺ​ត្រូវមាន​វិធានការ​ត្រឹមត្រូវ​ណាស់ បើសិន​ជា​ដោះលែង​ត្រូវ​ធ្វើ​កិច្ចសន្យា​បែប​ម៉េច​? ហើយ​បើសិនជា​មាន​ការកើតឡើង​បញ្ហា​អស់នេះ​ទៀត មុខសញ្ញា​ដដែល​ក្រុមហ៊ុន​ដដែល​ហ្នឹង តើ​នៅតែ​ដោះលែង​ដដែល​ឬ​យ៉ាងណា​? ខ្ញុំ​ជឿជាក់ថា សាមីក្រសួង លោក​នឹងមាន​វិធានការ​ហើយ ព្រោះ​មិនអាច​យក​បញ្ហា​កូវីដ​មក​លេស​ដដែលៗ​ទេ​»៕

វីដេអូ៖