ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​ក.ប.ប.) ​បានឱ្យដឹងថា នៅក្នុង​ខែកញ្ញា មន្ត្រី​បាន​ដកហូត​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព​ជាង​ ១ ​តោន ភេសជ្ជៈ​ជាង​ ៧ ​ពាន់​លីត្រ និង​អាល់កុល​ក្លែងក្លាយ​ជិត​ ៦ ​ម៉ឺន​លីត្រ ខណៈ​ការត្រួតពិនិត្យ​ស្ថានីយ/ដេប៉ូ​ប្រេង​ទូទាំង​ប្រទេស​ធ្វើបាន​ជិត​ ៥០០ ​ទីតាំង​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន (​ក.ប.ប.) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ កញ្ញា​ថា ជា​លទ្ធផល​បង្ក្រាប​របស់​មន្ត្រី​នៃ (​ក.ប.ប.) ​នៅ​ទូទាំងប្រទេស​សម្រាប់​ខែកញ្ញា​២០២១ គឺ​បាន​ដកហូត​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព​ចំនួន ១ ២៥០ ​គីឡូក្រាម ដែល​បានដាក់​លក់​លើ​ទីផ្សារ​ទូទាំងប្រទេស​។

លោក​បាន​បន្តថា ជាមួយ​គ្នា​នេះ មន្ត្រី​នៃ (​ក.ប.ប.) ក៏បាន​ដកហូត​ភេសជ្ជ:​ចំនួន​ ៧ ៦៣០ ​លីត្រ និង​អាល់កុល​ក្លែងក្លាយ​ចំនួន ៥៩ ៧៥០ ​លីត្រ​ផង​ដែរ នៅលើ​ទីផ្សារ​ទូទាំងប្រទេស​ ដើម្បី​យកមក​កម្ទេចចោល​ចៀសវាង​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់​។

ក្រៅពីនេះ លោក ផាន អូន បាន​ឱ្យដឹង​ទៀតថា ចំពោះ​ការចុះ​ត្រួតពិនិត្យ​ស្ថានីយ​/​ដេប៉ូ​ប្រេង​នៅ​ទូទាំង​ប្រទេស​វិញ គឺ​មន្ត្រី​បាន​ចុះ​ត្រួតពិនិត្យ​ចំនួន​ ៤៩០ ​ស្ថានីយ/ដេប៉ូ ក្នុង​នោះបាន​រកឃើញ​ស្ថានីយ ដេប៉ូ​ប្រេង​ដែលមាន​ភាពមិន​អនុលោម​ទៅតាម​ច្បាប់ ដោយ​បាន​ផាកពិន័យ​តាម​គោលការណ៍​ច្បាប់​ចំនួន ២២៤ ​ស្ថានីយ/ដេប៉ូ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ផ្អែកលើ​បរិមាណ​ទំនិញ​មិន​ប្រក្រតី​ដែល​ត្រូវបាន​រកឃើញ​ពី​តាម​បណ្តា​ទីផ្សារ​ក្នុង​រយៈពេល​កន្លង​​មក យើង​សង្កេតឃើញ​មិន​​ទាន់​មានការ​ថយចុះ​នៅឡើយ​នោះទេ​។ មូលហេតុ​សំខាន់​ដែល​ទំនិញ ពុំមាន​សុវត្ថិភាព​ទាំងនោះ​នៅតែ​បន្ត​មាន​វត្តមាន​​ចរាចរ​នៅលើ​ទីផ្សារ​ ដោយសារ​អាជីវករ​មួយចំនួន​តូច​នៅ​គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ខ្ពស់ជាង​សុខភាព​របស់​អ្នក​ប្រើប្រាស់​»​។

ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​ត្រូវបាន​បង្កើតឡើង​ក្នុង​បំណង​ធានា​ឱ្យ​មាន​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ចូលរួម​លើកកម្ពស់​ការប្រកួតប្រជែង​ដោយ​សុចរិត​។ ច្បាប់​នេះ​បានកំណត់​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ធុរជន និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់ ហើយ​ត្រូវ​បានប្រកាស​ឱ្យប្រើប្រាស់​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០១៩​។

ដើម្បី​បញ្ចៀស​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព និង​ធានា​ដល់​ការប្រកួតប្រជែង លោក ផាន អូន រំពឹងថា គ្រប់​ធុរជន និង​ពលរដ្ឋ​គ្រប់រូប ត្រូវ​រកស៊ី​ប្រកប​ដោយ​សុចរិត និង​គិតគូរ​អំពី​សុខុមាលភាព​អ្នក​ប្រើប្រាស់​ជា​ចម្បង ហើយ​ការគោរព​​ឱ្យបាន​នូវ​វិធានការ​ទាំងនេះ​នឹង​បញ្ចៀស​ពួកគេ​ពី​ការខាតបង់ និង​ទោសទណ្ឌ​ដែលមាន​ជា​ធរមាន​ទៀតផង​៕