កំពង់ឆ្នាំងៈ ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​​នេះ ការបង្ក្រាប​បទល្មើស​ជលផល​ក្នុង​​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​សម្រេច​​បាន​ចំនួន​ ១៦១ ​ករណី បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​មាន​​ការថយចុះ​ ៤០ ​ភាគរយ​។ នេះ​បើតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២១ ។

របាយការណ៍​នេះ​បញ្ជាក់ថា ក្នុងចំណោម​ករណី​ទាំងនេះ សមត្ថកិច្ច​បាន​បំផ្លាញចោល​វត្ថុតាង​ចំនួន​ ១៣០ ​ករណី ពិន័យ​អន្តរការណ៍​មាន​ចំនួន ៦ ​ករណី និង​បញ្ជូនទៅ​តុលាការ​ចំនួន​ ២៥ ​ករណី ។ បទល្មើស​នេសាទ​ទាំងនេះ ត្រូវធ្វើឡើង​ដោយ​ប្រើ​របាំង​រាំង​ភ្ជិត​ព្រែក របាំង​ស្បៃមុង របាំង​សាច់អួន រួមផ្សំ​លូ​សាច់​អួន​ប្រវែង​លើស​ច្បាប់​កំណត់​លួច​នេសាទ​ក្នុង​កន្លែង​អភិរក្ស លបប្រឹស​ ១០០ ឧបករណ៍​ឆក់​ត្រី​ពិសេស ការលួច​កាប់​រាន និង​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក ដើម្បី​ពង្រីក​ផ្ទៃដី​កសិកម្ម​ជាដើម​។

របាយការណ៍​ដដែល​បញ្ជាក់​ទៀត​ថា ប៉ុន្តែ​ដោយសារ​ការព្យាយាម​របស់​សមត្ថកិច្ច​ជលផល សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត-ស្រុក អាជ្ញាធរ​មូលដ្ឋាន អធិការដ្ឋាន រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប កងកម្លាំងប្រដាប់អាវុធ និង​សហគមន៍​នេសាទ​បាន​ធ្វើឱ្យ​សកម្មភាព​បទល្មើស​មាន​ការថយចុះ​ចំនួន​ ៤០ ​ភាគរយ ប្រើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែកញ្ញា ថា​បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​របស់​លោក​មាន​ការលំបាក​ក្នុង​ការបង្ក្រាប​ដោយសារ​បង្ក្រាប​ខាងមុខ​លេច​ចេញ​នៅ​ខាងក្រោយ​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​ក៏មាន​ការយោគយល់​ខ្លះ​ដែរ ព្រោះ​ជា​របរ​របស់​ប្រជាពលរដ្ឋ​រក​ចិញ្ចឹមជីវិត ។

លោក​បាន​បន្តថា​៖ «​ករណីនេះ​​សមត្ថកិច្ច​មិនអាច​ប៉ះ​ដៃ យកដៃ ឬ​ប៉ះជើង យក​ជើង​នោះទេ​គឺ​មាន​វិធីសាស្ត្រ​យក​ការអប់រំ​ជា​ចម្បង​។ ប៉ុន្តែ​លើកលែង​តែ​បទល្មើស​ស្បៃមុង ឬ​បទល្មើស​ដែល​នាំឱ្យ​អន្តរាយ​ជលផល គឺ​កម្លាំង​មាន​សមត្ថកិច្ច មិន​អត់ឱន​នោះទេ​។ កន្លងមកនេះ​ក៏បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ការឈូសឆាយ​ព្រៃលិច​ទឹក​ ឬ​បទល្មើស​ធ្ងន់ធ្ងរ​ខ្លះ​ដែរ​»​។

ទោះជា​យ៉ាងណា លោក​ថា ការចុះបង្ក្រាប​បទល្មើស​ជលផល​នេះ មន្ត្រី​មាន​សមត្ថកិច្ច​បាន​យកចិត្ត​ទុកដាក់​ចុះទៅ​បង្ក្រាប​ជាពិសេស​នៅ​រដូវ​បិទ​នេសាទ ប៉ុន្តែ​នៅពេល​ដែល​រដូវ​បើក​នេសាទ​ចូលមក​ដល់​នៅ​ថ្ងៃទី​ ១ ខែតុលា សមត្ថកិច្ច​រាង​ធូរស្បើយ​ក្នុង​ការចុះទៅ​បង្ក្រាប​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​យកចិត្ត​ទុកដាក់​នៅ​ខែ​បិទ​នេសាទ ដោយ​បង្ក្រាប​លើ​ស្បៃ​មុង​ដែល​នាំឱ្យមាន ការចាប់​ត្រី​ល្អិត​ និង​ធ្វើឱ្យប៉ះពាល់​ដល់​កំណើន​ត្រី​ ប៉ុន្តែ​ដល់​ខែ​បើក​វិញ​កម្លាំង​របស់​យើង​បន្ធូរដៃ​បន្តិច​ហើយ​យើង​គ្រាន់តែ​ណែនាំ​ឱ្យ​ពួកគាត់​គោរព​ច្បាប់​ជលផល »​។

លោក លី ឡា បាន​សន្និដ្ឋានថា នៅក្នុង​ឆ្នាំនេះ​ត្រី​នឹង​សម្បូរ​ជាង​ឆ្នាំមុន​ ដោយសារ​ឆ្នាំនេះ​ទឹកទន្លេ​មេគង្គ​ឡើង​លឿន​ដែល​មកទល់​ពេលនេះ​ទឹក​នៅ​ខ្ពស់ជាង​ ១ ម៉ែត្រ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ។ ម្យ៉ាងទៀត វា​គួបផ្សំ​ជាមួយនឹង​ការបង្ក្រាប​របស់​សមត្ថកិច្ច​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​បើ​យើង​ខំ​តែ​បង្ក្រាប ប៉ុន្តែ​របប​ទឹកទន្លេ មិន​អំណោយផល យើង​ប្រឹង​ទាល់តែ​ងាប់​ទៀត ក៏​ទៅ​វា​មិន​រួច​ដែរ អាហ្នឹង យើង​ត្រូវតែ​រួមផ្សំ​គ្នា​។ ​ដូច្នេះ ឆ្នាំនេះ តាម​ខ្ញុំ​សន្និដ្ឋាន គឺមាន​ត្រី​ច្រើនជាង​ឆ្នាំមុន​»​។

ទោះជា​យ៉ាងណា លោក ឃីម ឡុង នាយផ្នែក​រដ្ឋបាល​ជលផល​កំពង់ប្រាសាទ​ឱ្យដឹងថា ក្នុង​រយៈពេល​ ២ ​ថ្ងៃ គឺ​ថ្ងៃទី​ ២៦ និង​ទី ​២៨ ខែកញ្ញា ឆ្នាំ​ ២០២១ សមត្ថកិច្ច​បាន​រុះរើ​របាំង​ស្បៃមុង និង​របាំង​សាច់អួន​ចំនួន​ ៦៨ ​កន្លែង​ស្មើនឹង​ប្រវែង ៥ ៣០០ ​ម៉ែត្រ​, លូស្បៃមុង​ ៥៨ ​គ្រឿង​,​បង្គោល ២ ៧០០ ​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ប្រមាណ​ ៣៨០ ​គីឡូក្រាម​។

លោក​បន្តថា នៅ​ថ្ងៃទី​ ២៩ ខែកញ្ញា ឆ្នាំ​ ២០២១ បាន​រុះរើ​របាំង​ស្បៃ​មុង​ចំនួន​ ៣៩ ​កន្លែង​ស្មើនឹង​ប្រវែង​ ១ ៤៥០ ​ម៉ែត្រ​,​លូស្បៃមុង​ ៤១ ​គ្រឿង​,​បង្គោល​ ៥០០ ​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ ១៧០ ​គីឡូក្រាម​៕