លោក ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានធ្វើ​ការ​អំពាវនាវ​ឱ្យ​មាន​ការ​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ដែល​ចាប់ផ្តើម​ប្រារព្ធ​ធ្វើឡើង​ពី​ថ្ងៃទី ២២ ខែកញ្ញា ដល់​ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២១ ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យមាន​ការ​ឈប់​សម្រាក​រយៈពេល ៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី ៥ ដល់ទី ៧ ខាងមុខនេះ។

យោងតាម​សេចក្តី​អំពាវនាវ​នាថ្ងៃទី ៣០ ខែកញ្ញា ដែល​ចុះហត្ថលេខា​ដោយ​លោក ស ខេង បាន​លើក​ឡើងថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អំពាវនាវ​ដល់​សាធារណជន ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ត្រូវ​យកចិត្ត​ទុក​ដាក់​ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ បន្ថែម​ពី​លើ​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ការឆ្លង​ជំងឺ​កូវីដ ១៩ នេះ។

លោក ស ខេង បាន​ឱ្យ​ដឹង​ថា ៖ «អ្នក​បើកបរ​ត្រូវ​បន្ថយ​ល្បឿន​បើកបរ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​កំណត់ និង​តាម​ស្ថានភាព​ជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល ដែលជា​មូលហេតុ​ចម្បង ដែល​បណ្តាល​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​គឺការ​បើកបរ​លឿន»។

អ្នក​បើកបរ​ត្រូវ​គោរព​សិទ្ធិ​អាទិភាព​នៅ​ត្រង់​ផ្លូវប្រសព្វ ដោយ​ត្រូវ​បន្ថយ​ល្បឿន​នៅ​ពេល​ជិត​ដល់​ផ្លូវ​ប្រសព្វ និង​ត្រូវ​ទុកសិទ្ធិ​ឱ្យ​អ្នក​បើកបរ​ដែល​ធ្វើ​ចរាចរណ៍​នៅ​ផ្លូវ​ធំ និង​ត្រង់​ទៅមុន។

លោក​រដ្ឋមន្រ្តី ស ខេង បាន​បញ្ជាក់​ថា ៖ «ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹក​ទំនិញ សូម​កុំ​ផ្ទុក​មនុស្ស​ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ជា​ពិសេស​រថយន្ត​ដឹក​អ្នក​ដំណើរ មិន​ត្រូវ​ផ្ទុក​មនុស្ស​នៅ​លើ​ដំបូល និង​មិន​ត្រូវ​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ ភ្ជុំបិណ្ឌ​ឡើយ»។

មួយវិញទៀត ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​របស់​ខ្លួន មុន​ពេល​ធ្វើ​ដំណើរ។

លោកថា មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិស្រវឹង ឬ​សារ​ធាតុ​ញៀន​ឡើយ ហើយ​នៅ​ពេល​បើកបរ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សុជីវធម៌ សីលធម៌ និង​ការ​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ឬ​សម្រួល​ស្ថានភាព​កកស្ទះ​ចរាចរណ៍៕

វីដេអូ៖