ភ្នំពេញៈ សហគមន៍​កសិកម្ម​ចំនួន​ ១ ២០០ ដែល​ត្រូវបាន​បង្កើត​នៅ​ទូទាំងប្រទេស បាន​កំពុងធ្វើការ​យ៉ាងសកម្ម និង​ទទួលបាន​ជោគជ័យ​លើ​វិស័យ​កសិកម្ម ដូចជា ទីផ្សារ​បន្លែ​ និង​ឈើ​ហូប​ផ្លែ នៅ​ចន្លោះ​ឆ្នាំ​ ២០០៣ ​និង​ចុងឆ្នាំ​ ២០២១​។ យោងតាម ទំព័រ​ហ្វេសប៊ុក​របស់លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បានបង្ហាញ​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៩ កញ្ញា​។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​បាន​ឱ្យដឹងថា នៅក្នុង​សហគមន៍​ទាំងអស់​នោះ​មាន​សមាជិក​សរុប​ចំនួន ​១៣ ​ម៉ឺន​គ្រួសារ ដែល​បង្កើតជា​ដើមទុន​សរុប​ប្រមាណ ២៤,៨៧ លាន​ដុល្លារ ក្រោយពី​បាន​ចុះបញ្ជី​ទទួល​ស្គាល់​ដោយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សាមី​។

លោក វេង សាខុន បាន​អះអាងថា​៖ «​បច្ចុប្បន្ន សហគមន៍​កសិកម្ម បាននិង​កំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការចូលរួម​ចំណែក​យ៉ាងសកម្ម​អនុវត្ត​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​។ ជាពិសេស​នោះ គឺ​បាន​ចូលរួម​ជាមួយ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការបង្កើន​ការនាំចេញ​អង្ករ ការជំរុញ​ផលិតកម្ម​សាកវប្បកម្ម ការលើកកម្ពស់​ផលិតភាព ពិពិធភាវូបនីយកម្ម​កសិកម្ម និង​ពាណិជ្ជបនីយកម្ម​កសិកម្ម​ក្នុង​ទិសដៅ​ដ៏ចម្បង​មួយ​គឺ​ការធានា​សន្តិសុខ​ស្បៀង ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ កសាង​សុខដុម​នីយកម្ម​ក្នុង​រង្វង់​សមាជិក​សហគមន៍ និង​រួមចំណែក​ទ្រទ្រង់​ខឿន​សេដ្ឋកិច្ច​ជាតិ​»​។

លោក​អះអាងថា ក្រសួងកសិកម្ម​បាន​បន្ត​គាំទ្រ និង​លើក​ទឹកចិត្ត​ឱ្យ​ប្រជាកសិករ​នៅ​ទូទាំង​ប្រទេស ធ្វើការ​ចងក្រង​សមាជិក ដើម្បី​បង្កើត​បាន​ជា​កម្លាំងផលិតកម្ម​បន្លែ ដោយ​មាន​បន្លែ​សុវត្ថិភាព និង​បន្លែ​សរីរាង្គ ព្រមទាំង​ដំណាំ​ឈើ​ហូប​ផ្លែ ស្រូវ និង​ដំណាំ​កសិឧស្សាហកម្ម​មួយចំនួនទៀត​។

លោក ជា សាំងដូណា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៩ ខែកញ្ញា​ថា ការបង្កើត​សហគមន៍​កសិកម្ម គឺមាន​ការកើនឡើង​ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ ចាប់តាំងពី​មាន​តែ​ ១ សហគមន៍ នៅ​ទូទាំងប្រទេស កាលពី​ឆ្នាំ​ ២០០៣ រហូត​កើន​ជាង​ ១ ០០០ ​សហគមន៍​។ ការកើនឡើង​ជា​បន្តបន្ទាប់​នេះ ក៏​ដោយសារ​តែ​នៅពេលដែល​ប្រជាកសិករ បានរួម​គ្នា​បង្កើត​ជា​សហគមន៍​កសិកម្ម​ហើយ គឺ​ពួកគេ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន និង​ធ្វើឱ្យ​ការដាំដុះ​របស់​ពួកគេ មាន​ស្ថិរភាព​នៅលើ​ទីផ្សារ​។

លោក​ថ្លែងថា​៖ «​ដោយសារ​ឃើញ​ការលំបាក​របស់​ប្រជាកសិករ​ក្នុងពេល​បច្ចុប្បន្ននេះ ដែល​ជួបប្រទះ​ក្នុង​ការងារ​ផលិតកម្ម ការងារ​ស្រែចម្ការ ដូច្នេះ​បាន​យើង​ជំរុញ​លើក​ទឹកចិត្ត​គាត់ ឱ្យ​ចងក្រង​ជា​សហគមន៍​កសិកម្ម​។ ការបង្កើត​សហគមន៍​កសិកម្ម​នេះ គឺ​កសិករ​ស្ម័គ្រចិត្ត​ចូលរួម​ដោយ​ខ្លួនឯង​។ អ៊ីចឹង​ខាង​ក្រសួង​យើង ក៏​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​សម្របសម្រួល​ក្នុង​ការចុះ​បញ្ចី​ស្របច្បាប់​»​។

តាម​លោក ជា សាំងដូណា នៅពេល​ប្រជាកសិករ​រួម​បង្កើត​សហគមន៍ គឺ​ពួកគេ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា ទទួលបាន​អំណាច​រួមមួយ​ក្នុង​ការចរចា​រាល់​តម្លៃ​កសិផល​នៅលើ​ទីផ្សារ ការបញ្ជាទិញ​វត្ថុធាតុដើម ឬ​ផលិតផល​កសិផល​ក្នុង​តម្លៃ​ថោក​ពី​ទីផ្សារ ការទទួល​បាន​ឱកាស​ក្នុង​ការពង្រីក​ទីផ្សារ​លក់​កសិផល​កាន់តែ​ធំ​។​លោក ថ្លែងថា សារៈសំខាន់​ខ្លាំង​បំផុត​នោះ គឺ​បាន​ផ្តល់ឱ្យ​ប្រជា​សហគមន៍​ទទួល​បាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់ និង​ការពង្រីក​អាជីវកម្ម​ដាំដុះ​កាន់តែ​ធំ បើ​ប្រៀបធៀប​នឹង​ប្រជាកសិករ​ធ្វើ​ទីផ្សារ​ដោយ​ខ្លួនឯង ដែល​នាំឱ្យ​មាន​ការបន្ទាប​តម្លៃ​តាមតែ​ឈ្មួញកណ្តាល​។

លោក ឆេង ថុង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហគមន៍​កសិកម្ម​សំបូរ​មានជ័យ ខេត្ត​កំពង់ចាម ដែលជា​សហគមន៍​មួយ​ក្នុងចំណោម​សហគមន៍​ដទៃទៀត ដែល​ទទួល​បាន​ភាពជោគជ័យ​ក្នុង​ការប្រកបរបរ​ទីផ្សារ​បន្លែ និង​ឈើ​ហូប​ផ្លែ​លើ​ទីផ្សារ បាន​និយាយថា ភាពរីកចម្រើន​របស់​សហគមន៍​បាន​មក​ដោយសារ​មាន​ការជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ការរៀបចំ​ផែនការ ការគ្រប់គ្រង​ទីផ្សារ ការកត់ត្រា​បញ្ជីស្នាម​នានា​។

លោក ឆេង ថុង បាន​ថ្លែងឱ្យដឹងថា ការ​ចងក្រង​ក្រុម​ផលិត និង​ការរៀបចំ​កិច្ចសន្យា​ផលិតកម្ម ក៏​ជា​ភាពជោគជ័យ​មួយទៀត ដែលជា​ទុន​ទាំង​កម្លាំងកាយ ចិត្ត និង​ធនធាន ជំរុញ​ឱ្យ​សហគមន៍​ពង្រីក​សក្តានុពល​ផលិតកម្ម​កសិកម្ម​របស់​ខ្លួន​តាមរយៈ​ទិញ​ដី​ជិត ១០ ​ហិកតា សម្រាប់​ពង្រីក​ផលិតកម្ម​បន្ថែមទៀត​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​៕