
ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ ករណីជំរិតទារប្រាក់ និងប្រើហិង្សា។ រូបថត ប៉ូលិស
កំពង់ធំៈ ជនសង្ស័យ ៤ នាក់ពាក់ព័ន្ធនឹងករណីដាក់កុងត្រូលជជុះជំរិតទារប្រាក់ និងប្រើអំពើហិង្សាលើអ្នកដឹកឈើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពងធំនៅរសៀលថ្ងៃទី ៣០ កញ្ញា។
លោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំថ្លែងនៅថ្ងៃទី ៣០ កញ្ញាថា មានមនុស្ស ៤ នាក់ បានដាក់កុងត្រូលជជុះ និងឃាត់គោយន្តប្រជាពលរដ្ឋដឹកឈើប្រមាណ ៨ សន្លឹក ដើម្បីយកទៅធ្វើផ្ទះ ហើយបានជំរិតទារប្រាក់ និងប្រើអំពើហិង្សាទៅលើអ្នកដឹកឈើនោះ។ ក្រោយពីទទួលបានដំណឹងពីករណីនេះ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅបង្ក្រាបបទល្មើសជាក់ស្តែងនោះកាលពីយប់ថ្ងៃទី ២៩ កញ្ញា នៅតំបន់អូរជ្រៅ ក្នុងភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកថ្លែងថា៖ «យើងមិនដឹងថា [ពួកគេ] ប៉ូលិស ឬមិនប៉ូលិសអីទេគ្រាន់តែថា មានជន ៤ នាក់អ៊ីចឹងទៅណា។ យើងអត់ស្គាល់អត្តសញ្ញាណទេ។ គាត់បានទៅឃាត់គោយន្តដឹកឈើ ៨ សន្លឹកដែលប្រជាពលរដ្ឋយកទៅធ្វើផ្ទះ ហើយក៏ប្រព្រឹត្តអំពើហិង្សាអ៊ីចឹងទៅ។ សមត្ថកិច្ចយើងក៏ឃាត់រឿងបទល្មើសជាក់ស្តែង»។
មន្ត្រីនគរបាលខេត្តកំពង់ធំម្នាក់ប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា នៅរសៀលថ្ងៃទី ៣០ កញ្ញា កម្លាំងសមត្ថកិច្ចជំនាញកំពុងរៀបចំនីតិវិធីបញ្ជូនជនទាំង ៤ នាក់នោះទៅតុលាការ។
មន្ត្រីនោះបញ្ជាក់ថា ជនសង្ស័យទាំង ៤ នាក់មានជនដៃដល់ ២ នាក់ ឈ្មោះ អ៊ុច សុខរិទ្ធី នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ កែវ រីណា រស់នៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យ ២ នាក់ទៀតឈ្មោះ វ៉ាន់ លាងហេង នៅឃុំឈើទាល ស្រុកសណ្តាន់ ជាប្រជាការពារ និងម្នាក់ទៀតជាអ្នកសារព័ត៌មាន ឈ្មោះ លេង ថេត នៅឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ថ្លែងថា៖ «នៅមិនទាន់មានការសម្រេចយ៉ាងណាទេ ព្រោះពេលនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតសួរនាំ»៕