ភ្នំពេញៈ ក្នុងអំឡុងពេល​នៃ​ការឈប់​សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយនេះ ក្រសួងសុខាភិបាល បានស្នើ​និង​អំពាវនាវ​ដល់​គ្រប់​គណៈ​អភិបាល​រាជធានី-ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​ចាត់ចែង​រៀបចំ​នូវ​យន្តការ​មួយ​សម្រាប់​តាមដាន​ក្នុង​រយៈពេល​នៃ​ពិធីបុណ្យ​នេះ ដើម្បី​បង្ការ​នូវ​ការរីករាលដាល​ការចម្លង​វីរុស​កូវីដ​ ១៩ ​កាន់តែខ្លាំង​ថែមទៀត​។

អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោកស្រី​ ឱ វណ្ណឌីន បាន​លើកឡើង​ក្នុងពេល​បិទបញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជុំ​ទី​១ ក្នុង​ខេត្តមណ្ឌលគិរី កាលពីថ្ងៃ​ទី​ ២៩ កញ្ញា​ថា ទន្ទឹមនឹង​ការគិតគូរ និង​ការសម្រេចចិត្ត​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ការឱ្យ​ឈប់សម្រាក រយៈពេល​ ៣ ​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែមាន​យន្តការ​តាមដាន​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ​។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា​៖ «​វា​ជា​យន្តការ​មួយ​ដែល​យើង​ត្រូវតែ​រៀនសូត្រ​ទាំងអស់គ្នា ហើយ​មិនមែន​យើង​រៀបចំ​រួចហើយ​មិនមាន​អ្នក​ចាំ​ត្រួតពិនិត្យ​មើល​នោះទេ ដោយសារ​នៅពេល​ដែលមាន​មនុស្ស​ឈប់សម្រាក​ហើយ មាន​អ្នក​មួយចំនួន​មិនបាន​អនុវត្ត​នូវ​វិធានការ​ការពារ​ទេ​»​។

លោកស្រី​បន្ថែមថា​៖ «​​ប្រសិនបើ​យើង​ខ្វះ​នូវ​យន្តការ​តាមដាន អនុវត្ត​នូវ​វិធានការ​ការពារ​នេះ មិនយូរ​មិនឆាប់ យើង​នឹង​ជួបប្រទះ​នូវ​ការផ្ទុះ​ចេញ​នៃ​ការចម្លង វីរុស​កូវីដ​ ១៩ ​នៅក្នុង​ទីតាំង​ណាមួយ​ទៀត​ជាក់​ជាមិនខាន​»​។

លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ មុននឹង​ថ្ងៃ​ឈប់សម្រាក​ចំនួន ៣ ​ថ្ងៃ​មកដល់ គឺ​ត្រូវ​ចាត់ចែង​រៀបចំ​ចាប់ពី​ពេលនេះ​ទៅ ដែល​ការរៀបចំ​នេះ​មាន​ច្រើន គឺ​ចាប់ពី​អ្នក​ដែល​នឹង​រៀប​ធ្វើដំណើរ និង​ទីកន្លែង​ដែល​គាត់​ត្រូវ​ទៅដល់​។

ទាក់ទង​នឹង​ការប្រើប្រាស់​មធ្យោបាយ​ក្នុង​ការធ្វើ​ដំណើរ សម្រាប់​ប្រជាពលរដ្ឋ ដែល​មិន​មាន​យានជំនិះ​ផ្ទាល់ខ្លួន លោកស្រី ឱ វណ្ណឌីន ក៏បាន​ណែនាំ​ទៅដល់​អាជ្ញាធរ​រៀបចំ​នូវ​មធ្យោបាយ​សាធារណៈ​នេះ​ឱ្យបាន​ត្រឹមត្រូវ ដោយ​តម្រូវឱ្យ​អ្នក​បើកបរ​រថយន្ត ឬ​តាក់ស៊ី​ត្រូវតែ​អនុវត្ត​វិធានការ​សុខាភិបាល​ត្រឹមត្រូវ​ជាទីបំផុត​។

លោក​ ស្វាយ សំអ៊ាង អភិបាល​ខេត្តមណ្ឌលគិរី បាន​លើកឡើង​កាលពី​ថ្ងៃទី​ ២៩ ខែកញ្ញា ដែរ​ថា ក្នុងអំឡុងពេល​នៃ​ការឈប់សម្រាក​ ៣ ​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ លោក​ក៏បាន​ធ្វើការ​ប្រជុំ​សម្រាប់​ត្រៀមលក្ខណៈ​ការពារ​ពី​ការឆ្លង​រាលដាល​នៃ​មេរោគ​កូវីដ​ ១៩ ​នេះ​រួចហើយ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋបាលខេត្ត​ក៏បាន​ប្រជុំ​រៀបចំ​ជា​ផែនការ​រួចហើយ គឺ​ទី​ ១ យើង​នឹង​ធ្វើការ​ត្រួតពិនិត្យ​ឡើងវិញ​ពី​តំបន់​រមណីយដ្ឋាន​មួយចំនួន ដែល​មិន​បង្ក​ផលប៉ះពាល់ ឬ​បង្ក​ហានិភ័យ​អី្វ​ទេ យើង​នឹង​រៀបចំ​ឱ្យ​ដំណើរការ​ឡើងវិញ​។ ប៉ុន្តែ​ការរៀប​ចំនេះ​គឺ​ត្រូវតែមាន​វិធានការ​សុខភាព​ត្រឹមត្រូវ ដោយ​ដាក់​ការវាស់​កម្ដៅ កន្លែង​បាញ់​អាល់កុល​ផងដែរ​»​។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​ឆ្នាំ​ ២០២១ ​នេះ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ៥-៦-៧ ខែ តុលា ឆ្នាំ ២០២១ ​នេះ ហើយ​សម្រាប់​ឆ្នាំនេះ​ផងដែរ បើទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ក៏ដោយ ប៉ុន្តែ​លោក​បាន​អនុញ្ញាត​ឱ្យ​មន្ត្រីរាជការ ក៏ដូចជា កម្មករ-កម្មការិនី និង​បុគ្គលិក​ក្រុមហ៊ុន​នានា អាច​ឈប់សម្រាក​ដូច​ធម្មតា​បាន​។

លោក​ ហ៊ុន សែន បាន​លើកឡើង​កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា ថា ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​ទៅ​កម្សាន្ត នៅតាម​ទីកន្លែង​នានា ដោយ​មាន​ការអនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បានត្រឹមត្រូវ​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​​ថា​៖ «​រាជរដ្ឋាភិបាល​មិន​ហាមឃាត់​ការឈប់​សម្រាក​ ៣ ​ថ្ងៃ​របស់​មន្ត្រីរាជការ ក៏ដូចជា​កម្មករ កម្មការិនី បុគ្គលិក​នៅតាម​ក្រុមហ៊ុន ដែល​ត្រូវ​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​ឈប់សម្រាក​ដោយមាន​ប្រាក់​បៀវត្សរ៍​នោះទេ​»៕

វីដេអូ៖