ភ្នំពេញៈ វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ ៥ ក្នុងចំណោម​ជាង​ ១០០ ​ប្រភេទ​ធ្វើ​ពី​ថ្មភក់ និង​សំរឹទ្ធ ត្រូវបាន​ដឹក​តាម​យន្តហោះ​ពី​អង់គ្លេស​មក​ដល់​កម្ពុជា​វិញ​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​ ២៩ ខែកញ្ញា​ឆ្នាំនេះ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ជាមួយ​ភាគី​អ្នក​រក្សាទុក​ និង​កំពុង​រក្សាទុក​នៅ​សារមន្ទីរជាតិ​ភ្នំពេញ ដើម្បី​រង់ចាំ​រៀបចំ​ពិធី​ប្រគល់​ទទួល​។ ​នេះ​បើតាម​លោក ហាប់ ទូច អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​។

លោក​ ហាប់ ទូច បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ៣០ កញ្ញា​ថា វត្ថុ​បុរាណ​ខ្មែរ​ទាំង​ ៥ ​ប្រភេទ​នេះ​ បាន​ដឹក​មកដល់​កម្ពុជា​នៅ​អំឡុង​ម៉ោងជាង​ ៥ ​ល្ងាច​ និង​បាន​ដឹក​ទៅ​រក្សាទុក​នៅ​សារមន្ទីរជាតិ​ ដោយ​ជោគជ័យ និង​សុវត្ថិភាព​រួចរាល់​នៅ​អំឡុង​ម៉ោងជាង​ ៩ ​យប់​ថ្ងៃទី​ ២៩ ​កញ្ញា​។

លោក​បាន​ថ្លែងថា​៖ «​ទម្រាំ​យើង​ដឹកជញ្ជូន​វត្ថុ​បុរាណ​របស់​យើង​មកដល់​កម្ពុជា​វិញ​ក្រុម​ការងារ​យើង​ត្រូវ​ចំណាយពេល​ច្រើន​ពាក់ព័ន្ធ​នឹង​នីតិវិធី​សម្រាប់​ស្នើសុំ​នាំចេញ​ពី​អាជ្ញាធរ​ប្រទេស​ដទៃ​មក​កម្ពុជា ហើយ​​មាន​ផលលំបាក​ក្នុង​កាលៈទេសៈ​នៃ​កូវីដ​ ១៩ ផងដែរ​»​។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បានឱ្យដឹងថា ការទទួល​បាន​វត្ថុ​បុរាណ​ខ្មែរ​មកវិញ​ក្នុង​ជំហាន​ដំបូង​នេះ គឺ​តាមរយៈ​ក្រុមគ្រួសារ​លោក Doug las Latchford ដែល​ល្បីល្បាញ​រឿង​ប្រមូល និង​រក្សាទុក​វត្ថុបុរាណ​ខ្មែរ​បានសម្រេច​ប្រគល់​វត្ថុ​បុរាណ​ជាង​ ១០០ ​រូប​ធ្វើ​ពី​ថ្ម​និង​សំរឹទ្ធ និង​សម្បត្តិ​វប្បធម៌-ខ្មែរ​ជាច្រើន​ទៀត​មក​កម្ពុជា​វិញ​ បន្ទាប់ពី​ការចរចា​អស់​រយៈពេល​ ៣ ​ឆ្នាំ​។

ការសម្រេច​ប្រគល់​វត្ថុបុរាណ​មក​កម្ពុជា​វិញ​នេះ ធ្វើឡើង​តាមរយៈ​កិច្ចព្រមព្រៀង​រវាង​ភាគី​ចរចា និង​ក្រុមគ្រួសារ​លោក​ Latchford កាលពី​ថ្ងៃទី​ ១៨ ​ខែកញ្ញា ឆ្នាំ​ ២០២០ ក្រោយពី​លោក​ Latchford ​បាន​ទទួល​មរណភាព​នៅ​គេហដ្ឋាន​ដែលមាន​តាំង​លម្អ​ ដោយ​វត្ថុ​បុរាណ​ខ្មែរ​មួយចំនួន​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​រយៈពេល​ជិត​ ១ ​ខែ​។

វត្ថុ​បុរាណ​ពេល​ដឹក​មកដល់​សារមន្ទីរ​ជាតិ​ពី​យប់​ថ្ងៃទី​ ២៩ កញ្ញា​។ រូបថត សហការី

បើតាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​វត្ថុ​បុរាណ​ខ្មែរ​ដ៏ល្អ​ឯក​ចំនួន​​ ៥ ​រូប​ដែល​បាន​ដឹក​មកដល់​កម្ពុជា​វិញ​ក្នុង​ដំណាក់កាល​ដំបូង​នេះ រួមមាន បដិមាថ្ម​ព្រះសិវស្កន្ទ​ (​ព្រះឥសូរ និង​ព្រះស្កន្ទ​) ​មកពី​ប្រាសាទ​កោះកេរ​,​បដិមាថ្ម​ព្រះអឌ្ឍនារីស្វរៈ (​ព្រះឥសូរ និង​នាងឧមា​) ​និង​កន្សៃទូក​សំរឹទ្ធ​។

វត្ថុ​បុរាណ​ទាំង​ ៥ ​នេះ មាន​អាយុកាល​តាំងពី​សតវត្សរ៍​ទី​ ៦ រហូត​​ដល់​សម័យ​ក្រោយ​អង្គរ រួមទាំង​រតនវត្ថុ​ដ៏ល្អ​ឯក​ពី​អតីត​រាជធានី​​កោះកេរ និង​តំបន់​អង្គរ​។ ​ពេលនេះ​កំពុង​រក្សាទុក​នៅ​សារមន្ទីរជាតិ​ភ្នំពេញ​ ដើម្បី​ឱ្យ​ក្រុម​ជំនាញ​​ពិនិត្យ​វាយតម្លៃ សម្អាត​ជួសជុល និង​ដំឡើង​ជើង​ទម្រ​ចាំបាច់​នានា​សម្រាប់​ត្រៀម​រៀបចំ​ពិធី​ប្រគល់​ទទួល​ជា​ផ្លូវការ​តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​។ បើតាម​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​។

លោក​ ហាប់ ទូច បានឱ្យ​​ដឹង​ដែរ​ថា វត្ថុ​បុរាណ​ខ្មែរ​ដែល​ក្រុមគ្រួសារ​របស់លោក Douglas Latchford រក្សាទុក គឺស្ថិត​នៅ​ប្រទេស​ផ្សេងៗ​គ្នា ដូច្នេះ​ក្រុមការងារ​របស់​ក្រសួង​វប្បធម៌​​ និង​វិចិត្រសិល្បៈ​ត្រូវធ្វើ​ការងារ​លើ​ការដឹកជញ្ជូន​វត្ថុ​បុរាណ​ត្រឡប់​មក​កម្ពុជា​វិញ​ជាមួយ​បណ្ដា​​ស្ថានទូត​នានា និង​ត្រូវ​ការធ្វើជា​ជំហានៗ​។

លោក​បាន​បន្តថា​៖ «​តាម​គម្រោង​របស់​យើង គឺ​យើង​សង្ឃឹមថា ដឹកជញ្ជូន​វត្ថុ​បុរាណ​ទាំងនេះ មក​កម្ពុជា​ឱ្យបាន​​តាំងពី​ខែមីនា ឆ្នាំ​ ២០២១ ​ម្ល៉េះ ប៉ុន្ដែ​ដោយសារតែ​ស្ថានភាព​កូវីដ​ ១៩ មាន​ការបិទខ្ទប់​ប្រទេស​ជាច្រើន ទើប​មានការ​លំបាក និង​មាន​ភាពយឺតយ៉ាវ​។ ប៉ុន្ដែ វា​ក៏​ជា​បទពិសោធ​របស់​យើង​មួយ ហើយ​ការងារ​បន្តបន្ទាប់​ទៀត វា​នឹង​លឿន​ជាង​នេះ​»​។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បានលើកឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា កិច្ចការ​ដ៏ស្មុគស្មាញ​នេះ អាច​សម្រេច​​ទៅបាន​ដោយមាន​ការចង្អុល​បង្ហាញ​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​មានការ​សម្របសម្រួល​ពី​ក្រសួង​ពាក់ព័ន្ធ និង​ឥស្សរជន​ជាច្រើនរូប ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​រួមមាន​លោក​ Bradley James Gordon លោក​Steven Andrew Heimberg និង​លោក Charles Webb​។

លោកស្រី​បាន​មានប្រសាសន៍​​ថា​៖ «​ការបញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​នូវ​រូបចម្លាក់​ទាំងនេះ​សបញ្ជាក់​ពី​ការប្ដជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការទាមទារ​យកមក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ ដែល​បាន​បាត់បង់​​ហើយ​ការបញ្ជូន​ត្រឡប់មកវិញ​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជន​កម្ពុជា និង​ពិភពលោក​»៕

វីដេអូ៖