ភ្នំពេញៈ មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​នៃ​ក្រសួង​សុខាភិបាល លើកឡើងថា ក្នុង​បរិបទ​នៃ​ការរីករាលដាល​មេរោគ​កូវីដ​ ១៩ ​នេះ​ការមក​ពិនិត្យ​ផ្ទៃពោះ​របស់​ស្ត្រី​មាន​ផ្ទុកមេរោគ​អេដស៍​មាន​ការធ្លាក់ចុះ​។ នេះ​ជា​កត្តា​មួយ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវធ្វើ​ការប្រឹងប្រែង​បន្តទៀត ដើម្បី​សម្រេចបាន​នូវ​គោលដៅ​លុប​បំបាត់​ជំងឺអេដស៍ និង​ជំងឺស្វាយ​ពី​ម្តាយ​ទៅ​កូន​ក្នុង​ឆ្នាំ​ ២០២៥​។

នេះ​ជា​ការបញ្ជាក់​របស់​លោកស្រី​វេជ្ជបណ្ឌិត គឹម រ័ត្ននា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក នា​ថ្ងៃទី​ ៣០ កញ្ញា ក្នុង​កិច្ចពិភាក្សា​ស្តីពី​ការលុបបំបាត់​ការចម្លង​មេរោគ​អេដស៍ និង​ស្វាយ​ពី​ម្តាយ​ទៅ​កូន​ ដើម្បី​ចូលរួម​ជា​ចរន្តជាតិ​មួយ​ឈាន​ឆ្ពោះទៅ​បញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ​ ២០២៥​។

លោកស្រី​ថ្លែងថា​៖ «​យើង​បាន​ធ្វើ​ការងារ​ច្រើន ដោយ​ក្នុងនោះ​យើង​បាន​បង្កើតជា​គោលការណ៍​ណែនាំ​សម្រាប់​កាត់បន្ថយ ឬ​ការបង្ការ​ការចម្លង​ពី​ជំងឺអេដស៍ និង​ស្វាយ​ពី​ម្តាយ​ទៅ​កូន ដោយ​បញ្ជ្រាប​ចូលទៅក្នុង​សេវា​សុខភាព មាតា​ និង​ទារក​ដែលមាន​ស្រាប់​ដើម្បី ឆ្លើយតប​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​យើង​បន្ថយ​អត្រា​មរណភាព​មាតា​ និង​ទារក​នៅ​ឆ្នាំ​ ២០៣០»​។

លោកស្រី​ប្រធាន​មជ្ឈមណ្ឌល​បន្ថែមថា គោលដៅ​ក្នុង​ការកាត់បន្ថយ​ ឬក៏​លុបបំបាត់​ជំងឺអេដស៍​ និង​មេរោគ​ស្វាយ​ពី​ម្តាយ​ទៅ​កូន​គឺជា​គោលដៅ​ដ៏ធំ​មួយ​បន្ថែមទៀត​របស់​រាជរដ្ឋាភិបាល​។ ជា​លទ្ធផល​ស្ត្រី​ដែល​មក​ពិនិត្យ​ផ្ទៃពោះ​ និង​ធ្វើតេស្ត​រក​មេរោគ​អេដស៍ និង​មេរោគ​ស្វាយបាន​ប្រមាណ​ជា​ ៩០% ហើយ​ចំនួន​ម្តាយ​ដែល​ទទួលបាន​ថ្នាំ​បង្ការ​ក៏ដូចជា​ការទទួល​ការព្យាបាល​មេរោគ​អេដស៍ ជំងឺអេដស៍ ក៏​ឃើញ​មាន​តួលេខ​ខ្ពស់​ប្រមាណ​ជាង​ ៩០% ដែល​គាត់​ទទួលបាន​ថ្នាំ​។

លោកស្រី​ គឹម រ័ត្ននា ថា​៖ «​ដូចគ្នា​នេះដែរ កូន​ដែល​កើត​ពី​ម្តាយ ដែល​មាន​ផ្ទុកមេរោគ​អេដស៍​ក៏បាន​ទទួល​ថ្នាំ​បង្ការ​កុំឱ្យ​ឆ្លង​ នៅពេល​ដែល​គាត់​កើត​ហើយ​រហូតដល់​អាយុ​ ១២ ​សប្តាហ៍​។ ​ដូចនេះ​អត្រា​នៃ​ការចម្លង​មេរោគ​អេដស៍​ និង​ស្វាយ​នេះ ឃើញ​មាន​ការធ្លាក់​ចុះបើ​ធៀប​នឹង​ឆ្នាំ​ ២០០៧ និង ២០១០ កន្លងមកនេះ​»​។

លោកស្រី​បន្តថា​៖ «​ប៉ុន្តែ​នៅក្នុង​បរិបទ​នៃ​ការរីករាលដាល​មេរោគ​កូវីដ​ ១៩ មិនថាតែ​ក្នុង​សកល​ និង​ប្រទេស​កម្ពុជា ដូចនេះ​ការចូលរួម​របស់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ការធ្លាក់ចុះ ជាពិសេស​ការពិនិត្យ​ផ្ទៃពោះ និង​ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ និង​ស្វាយ​។ កាលណា​ពួកគាត់​មិនបាន​មករក​សេវា​ពិនិត្យ​ផ្ទៃពោះ គឺ​ធ្វើឱ្យ​គាត់​បាត់បង់​ឱកាស​ធ្វើតេស្ត និង​ការស្វែងរក​ការព្យាបាល​សមស្រប​»​។

លោកស្រី​អំពាវនាវ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ កុំ​ភ្លេច​មក​ទទួល​ការពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់ យ៉ាងហោចណាស់​ឱ្យបាន​ ៤ ​ដង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។ ម្យ៉ាងទៀត នៅពេល​សម្រាល​ក៏​ដូចគ្នា​ដែរ គឺ​ត្រូវ​មក​សម្រាល​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែលមាន​ឆ្មប​ជំនាញ​ ដើម្បី​ជួយ​គាត់​នៅពេល​មាន​បញ្ហា​កើតឡើង​ផ្សេងៗ​គឺ មន្ទីរពេទ្យ​អាចជួយ​គាត់​បាន​ទាន់ពេលវេលា ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ​នេះ​។

ជាមួយ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​ក៏​លើកឡើង​នាពេលនោះ​ថា​៖ «​យើង​បាន​កាត់បន្ថយ​ការរីករាលដាល​នេះ​ពី​ចំនួន​ ២% រហូតដល់​បច្ចុប្បន្ននេះ​នៅសល់តែ​ ០,៥% ​ប៉ុណ្ណោះ ហើយ​ចំពោះ​ជំងឺអេដស៍​បច្ចុប្បន្ន ក៏បាន​កាត់បន្ថយ​ជា​អតិបរមា​ពី​ការរីករាលដាល មេរោគ​អេដស៍​នេះ​ពី​មាតា​ទៅ​ទារក​។ មានការ​កាត់បន្ថយ​ចាប់តាំងពី​ឆ្នាំ​ ២០១០ មាន​រហូតដល់​ ២០% ហើយ​មកដល់​បច្ចុប្បន្ន​នៅសល់តែ​ ១១% ​ប៉ុណ្ណោះ​»​។

លោក​វេជ្ជបណ្ឌិត​ថ្លែងថា សម្រាប់​វិធានការ​ថ្មី​ក្នុង​បរិបទ​កូវីដ មជ្ឈមណ្ឌល​មានការ​ផ្តល់​ថ្នាំ​សម្រាប់​ពន្យារ​ដល់​អ្នកមាន​ផ្ទុកមេរោគ​អេដស៍ ពី​ ៣ ​ខែ ទៅ ៦ ​ខែ ដោយ​មិន​ចាំបាច់​តម្រូវឱ្យ​អ្នកជំងឺ​អេដស៍​មកជួប​គ្រូពេទ្យ​ញឹកញាប់​ពេក​។ វិធានការ​នេះ​ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​ជាមួយ​គ្រូពេទ្យ ឬ​កាត់បន្ថយ​ការធ្វើដំណើរ​របស់​អ្នកជំងឺអេដស៍ ក៏ដូចជា​អ្នកជំងឺ​ដែល​កំពុងមាន​ផ្ទៃពោះ​ផងដែរ​។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​កាលពី​ឆ្នាំ​ ២០២០ ​បង្ហាញថា អត្រា​ផ្ទុកមេរោគ​អេដស៍​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​មាន​អាយុ​ចាប់ពី​ ១៥ ​ឆ្នាំ ដល់​ ៤៩ ​ឆ្នាំ​បាន​ថយចុះ​ពី ០,៨% នៅ​ឆ្នាំ​ ២០១០ ​មក​នៅត្រឹម​ ០,៥% នៅ​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ចំនួន​អ្នកស្លាប់​គ្រប់​វ័យ​ ដោយសារ​ជំងឺ​អេដស៍​បាន​ថយចុះ​ពី​ប្រមាណ​ ២ ៣០០ ​នាក់​នៅ​ឆ្នាំ​ ២០១០ មក​នៅត្រឹម​ប្រមាណ ១ ៣០០ ​នាក់ ក្នុង​ឆ្នាំ​ ២០១៩​។

បើតាម​របាយការណ៍ បច្ចុប្បន្ន​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​គ្រប់​វ័យ​មាន​ប្រមាណ ៧៣ ០០០ ​នាក់ ក្នុងនោះ ៨៤% បានធ្វើ​តេស្ត​ឈាម​ដឹង​ពិតប្រាកដ ថា​បាន​ផ្ទុកមេរោគ​អេដស៍​ ១០០% បាន​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ ប្រឆាំង​មេរោគ​អេដស៍​។ រីឯ ៩៦% ទទួលបាន​ប្រសិទ្ធភាព​នៃ​ការព្យាបាល​នាំឱ្យមាន​សុខភាព​ល្អ​។ ចំនួន​អ្នក​ឆ្លង​ថ្មី​គ្រប់​វ័យ​បាន​ថយចុះ​ពី​ប្រមាណ​ ១ ៩០០ ​នាក់​នៅ​ឆ្នាំ​ ២០១០ មក​នៅត្រឹម​ប្រមាណ​ ៧៨០ ​នាក់​នៅ​ឆ្នាំ​ ២០១៩៕