អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា បាន​សម្រេច​បន្ត​អនុវត្ត​យុទ្ធនាការ​ពង្រឹង​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​ទូទាំង​ខេត្ត​រយៈពេល ០២សប្តាហ៍ ដែល​នឹង​ចាប់​អនុវត្តពី​ថ្ងៃទី ០១ រហូត​ដល់​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវី ១៩ ជា​ពិសេស​ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​មក​ដល់​នៃរ​លកទី ៣ នៃ​ការ​ឆ្លង​រីករាលដាល​ទ្រង់ទ្រាយ​ធំ បណ្តាល​មក​ពី​មេរោគ​បំប្លែង​ខ្លួនថ្មី​ប្រភេទ​ដែលតា(Delta)។

លោក​បាន​លើក​ឡើង​ថា អភិបាលក្រុង-ស្រុក ត្រូវ​ហាមឃាត់​នូវ​រាល់​សកម្មភាព​មុខរបរ និង​អាជីវកម្ម​ក្លិបកម្សាន្ត​គ្រប់​ប្រភេទ​ជា​អាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌីន រមណីយដ្ឋាន​ធម្មជាតិ និង​កែច្នៃ សួនកម្សាន្ត​នានា​អាជីវកម្ម ម៉ាស្សា ហាងលក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់ប្រភេទ រោងភាពយន្ត រោង​សម្តែង​សិល្បៈ សារមន្ទីរ បណ្ណាល័យ ក្លិប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា ការ​ប្រគំ​តន្ត្រី។

លោក អ៊ុន ចាន់ដា បាន​ឱ្យ​ដឹងថា ៖ «រាល់​សកម្មភាព​នៃការ​ជួបជុំ​ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូលរួម​លើសពី ១០ នាក់ ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។ រាល់​ការ​ជួបជុំ ឬ​ប្រមូលផ្តុំ​មនុស្ស ដើម្បី​សេព​គ្រឿង​ស្រវឹង និង​ការ​លក់ដូរ​គ្រឿងស្រវឹង​គ្រប់ប្រភេទ​មិនត្រូវ​អនុញ្ញាត​ជា​ដាច់ខាត»។

អភិបាលខេត្ត​រូបនេះ​បាន​បន្ថែម​ថា តូប​លក់​ចល័ត ផ្សាររាត្រី ផ្សារទំនើប ម៉ាត ហាងលក់​ទំនិញ​គ្រប់ប្រភេទ ការ​ជួបជុំ​នៅ​តាម​ទីសាធារណៈ​នានា ដែល​មាន​សភាព​អ៊ូអរ និង​ការ​ជួបជុំ​មនុស្សច្រើន ត្រូវ​ហាមឃាត់​ចាប់ពី​ម៉ោង ១០យប់ ដល់​ម៉ោង ៣:០០នាទីព្រឹក​ជាកំហិត។

លោក អ៊ុន ចាន់ដា ថា ៖ «អភិបាលក្រុង-ស្រុក ត្រូវ​យកចិត្ត​ទុកដាក់​រឹតបន្តឹង​ការ​ត្រួតពិនិត្យ និង​ការ​រៀបចំ របៀប​រៀបរយ និង​សណ្តាប់ធ្នាប់​នៅតាម​ទីកន្លែង​ដែល​ជា​ប្រភព ឬ​អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវីដ ១៩ ជា​ពិសេស​តាម​ទីផ្សារ និង​កន្លែង​លក់ដូរ​គ្រឿង​ឧបភោគ​បរិភោគ និង​ទីតាំង​អាជីវកម្ម​ផ្សេងទៀត ព្រមទាំង​ការ​រៀបចំ​កម្មវិធី​សាសនា​ផ្សេងៗ»។

ជាមួយគ្នានេះ លោក​ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​ត្រូវ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ចាត់​វិធានការ​ចាំបាច់​នានា ដើម្បី​ធានា​ឱ្យបាន​នូវ​ការ​គោរព និង​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​នានា សំដៅ​ប្រយុទ្ធ និង​ទប់​ស្កាត់ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ ១៩ ជា​ពិសេស​ការ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ការ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ «៣ការពារ និង៣កុំ» នៅ​តាម​ទី​សាធារណៈ៕