គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នៃ​ក្រសួង​ព័ត៌មាន បានលើកឡើង​នៅ​ថ្ងៃទី​ ០១ ខែតុលា នេះ​ថា ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២១ គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បាន​រកឃើញ​ប្រភព​ដែល​ផ្សព្វផ្សាយ​សារ និង​វីដេអូ​ពាក់ព័ន្ធ​នឹង​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ញុះញង់ បំពុលសង្គម និង​ប្រមាថ​ថ្នាក់ដឹកនាំ ចំនួន​ជិត ៥០០ ករណី​។

យោងតាម​របាយការណ៍​នៃ​គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដែល​បាន​ផ្សាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​បានឱ្យដឹងថា​ចំនួន​ករណី​ដែល​បាន​ស្រង់​ទាក់ទង​នឹង​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​ញុះញង់​មិន​ពិត បំពុលសង្គម​នេះ រកឃើញ​សរុប​មាន​ចំនួន ៤៩៣ ករណី​។ ចំនួន​ករណី​ទាំងនេះ មាន​ការកើនឡើង​ចំនួន ៣១% បើ​ប្រៀបធៀប​ជាមួយ​នឹង​ត្រីមាស​ទី​ ២ ឆ្នាំ​ដដែល​នេះ​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា៖ «​ការកើនឡើង​នេះ​គឺ មិនមែន​ដោយសារ​ប្រភព​ថ្មីៗ​ទេ គឺ​ប្រភព​ចាស់​បង្កើន​សកម្មភាព​បង្ហោះ​សារ​»​។

ជាមួយ​គ្នា​នេះដែរ បន្ទាប់ពី​មាន​ការកើនឡើង​នូវ​ករណីនេះ គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​មាន​វិធានការ និង​បន្សាប​ករណីនេះ​ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ដែល​បានបញ្ជាក់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ក្រុមប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។

គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​បានកំណត់​មុខសញ្ញា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដើម្បី​ស្នើសុំ​កិច្ចសហការ​ជាមួយ​ក្រុមការងារ​អន្តរក្រសួង​ចំនួន ៣០ ករណី​។

ប្រភព​ដដែល​បាន​បន្តថា៖ «​អង្គភាព​សារព័ត៌មាន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន ដែល​ធ្វើការ​ផ្សាយ​ព័ត៌មាន​មិន​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ផ្សាយ​ព័ត៌មាន​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​អ្នកដទៃ​មាន​ចំនួន ៥ អង្គភាព​»​។

គណៈកម្មការ​នេះ​បាន​បន្ថែមថា សម្រាប់​សារព័ត៌មាន​គ្មាន​វិជ្ជាជីវៈ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​អុជអាល​បង្កចលាចល ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍ និង​កិត្យានុភាព​របស់​រាជរដ្ឋាភិបាល ក្រសួង​មាន​វិធានការ​ដោយ​ធ្វើការ​អប់រំ ណែនាំ និង​ព្រមាន​ចំពោះ​អ្នកសារព័ត៌មាន​ដែល​ប្រព្រឹត្ត​កំហុសឆ្គង​ខាង​ក្រមសីលធម៌ វិជ្ជាជីវៈ​, ព្យួរ​អាជ្ញា​បណ្ណ ឬ​ដកហូត​អាជ្ញា​បណ្ណ​ចំពោះ​អង្គភាព​សារព័ត៌មាន ដែល​គ្មាន​វិជ្ជាជីវៈ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ដំណឹង​ក្លែងក្លាយ​។

គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ថា៖ «​ក្រសួង​អាច​ប្តឹង​អ្នកសារព័ត៌មាន​ទាំងនោះ ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់ ចំពោះ​សកម្មភាព​របស់​អ្នកសារព័ត៌មាន​ដែល​រំលោភច្បាប់ ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់​បណ្តាលឱ្យ​កើតមាន​អំពើហិង្សា ចលាចល​ក្នុងសង្គម និង​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សង្គម សេដ្ឋកិច្ចជាតិ និង​ទំនាក់ទំនង​ជាមួយ​បរទេស​ជាដើម​»៕