លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី១ ហើយ​ដែល​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ២២៩ គ្រឿង ត្រូវបាន​ដោះលែង​តាម​ការ​បញ្ជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែ ម្ចាស់​រថយន្ត ឬ​ក្រុមហ៊ុន​ដឹកជញ្ជូន​ត្រូវតែ​បញ្ឈប់​ការ​ដឹកជញ្ជូន​លើស​ទម្ងន់ ដោយសារ​នឹង​គ្មាន​ការ​លើកលែង​ជា​លើកទី២ ទេ។

លោក​ថ្លែង​ដូចនេះ​នាព្រឹក​ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២១ នេះ ក្នុងសន្និសីទ​សារព័ត៌មាន​ស្តីពី «វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​គ្រប់គ្រង​ទប់ស្កាត់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ក្នុង​ប្រទេស​កម្ពុជា» នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

លោក​មាន​ប្រសាសន៍​ថា៖ «នេះជា​ការ​ពង្រឹង​ច្បាប់​របស់​យើង ហើយ​ផ្សព្វផ្សាយ​ពីច្បាប់​នេះ ទូលំទូលាយ​ថែមទៀត​ទៅ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ក៏​ដូចជា​អ្នក​បើកបរ​រថយន្ត​ធន់ធ្ងន់​ដែល​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​ខុស​នឹង​ច្បាប់ គឺ​ត្រូវតែ​បញ្ឈប់ ហើយ​សម្តេចតេជោ ហ៊ុន សែន ក៏បាន​ណែនាំ​ត្រូវតែ​បញ្ឈប់​ដោយគ្មាន​ការ​លើក​លែង​ជា​លើក​ទី ២ ទេ»។

លោក ស៊ុន ចាន់ថុល បាន​បន្ត​ថា​ការ​ដឹក​លើស​ទម្ងន់​នឹង​ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ខូច បង្ក​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម។ ដូចនេះ​ត្រូវតែ​ចូលរួម​ជាមួយ​នឹង​រាជរដ្ឋាភិបាល ថែរក្សា​ផ្លូវថ្នល់​ដើម្បី​ងាយ​ស្រួល​ក្នុងការ​ធ្វើដំណើរ និង​ដឹកទំនិញ​ដែល​មិន​លើស​ទម្ងន់។

លោក​ក៏បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​គោរពច្បាប់​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ចូលរួម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ក្នុង​ការ​ថែរក្សា​ទ្រព្យ​សម្បតិ្ត​ជាតិ ហើយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ទាក់ទង​នឹង​ការ​ពិនិត្យ​យានយន្ត​ដឹក​លើស​ទម្ងន់​នេះ ត្រូវតែ​បន្ត​ធ្វើការ​រឹតបន្តឹង​ច្បាប់​ឱ្យបាន​រឹងមាំ​ថែមទៀត​ បន្ទាប់​ពី​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ២២៩គ្រឿងនេះ ត្រូវ​បាន​ដោះលែង​ចាប់ពី​ថ្ងៃទី ០១ រហូត​ដល់​ថ្ងៃទី ១៨ ខែតុលា ចំពោះ​យានយន្ត​ណា​ដែល​បាន​បង់ប្រាក់​ផាក​ពិន័យ​ហើយ។

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា ៖ «ចំពោះ​យានយន្ត​ដែល​បាន​ឃាត់ទុក ហើយ​មិនទាន់​បាន​បង់ប្រាក់​ផាក​ពិន័យ​ទេ ត្រូវ​មក​បង់ប្រាក់​ផាក​ពិន័យ​ឱ្យបាន​មុន​ថ្ងៃទី ១៨ ខែតុលា​នេះ ហើយ​ប្រសិន​បើ​ការ​បង់ប្រាក់​នេះ​នៅក្រោយ​ថ្ងៃទី ១៨ នេះ រថយន្ត​នឹង​ត្រូវ​បន្ត​ធ្វើការ​ឃាត់ទុក​បន្តទៀត»។

យោងតាម​មាត្រា ២៦ និង​មាត្រា ៦០ ស្តីពី​ការ​ដក​បណ្ណ​បើកបរ​បណ្តោះអាសន្ន​ឬ​ក្នុង​ករណី​មិន​រាងចាល មាន​ប្រព្រឹត្ត​អំពើល្មើស​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​នឹង​ត្រូវ​ធ្វើការ​ឃាត់​ផាក​ពិន័យ​ទ្វេដង។

លោក ស៊ុន ចាន់ថុល បាន​បន្ថែម​ថា ដោយសារ​តែ​ក្រសួង​មិន​ទាន់​មាន​ប្រព័ន្ធ​ស្វ័យប្រវត្តិ​តាមដាន​អ្នក​ដែល​ធ្វើខុស​ល្មើស​ច្បាប់​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​ដក​ឬ​ព្យួរ​បណ្ណ​បើកបរ​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយទេ ប៉ុន្តែ​ក្រសួង​កំពុង​តែ​ធ្វើ​ App ​មួយទៀត ដើម្បី​ផ្តល់​ទៅ​ក្រុម​ការងារ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ទំនិញ​ល្មើស​ច្បាប់។

ជា​មួយ​គ្នា​នេះ​ដែរ គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើសទម្ងន់​កម្រិត​កំណត់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជូន​ដំណឹង​ទៅ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​ត្រូវបាន​ឃាត់ទុក ហើយ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់​ហើយនោះ អាច​មក​ទទួល​យានយន្ត​នៅតាម​ទីតាំង​រក្សាទុក​យានយន្ត​ពី​ថ្ងៃទី ០១ នេះ ដល់ថ្ងៃទី ១៨ ខែតុលា។

គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើសទម្ងន់​កម្រិត​កំណត់​បាន​បញ្ជាក់​ថា៖ «ម្ចាស់​យានយន្ត​ឬ​ម្ចាស់​ក្រុមហ៊ុន ត្រូវ​ធ្វើ​កិច្ចសន្យា​លែង​ប្រព្រឹត្ត​បទ​ល្មើស ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ជា​លើកទី២ បន្ត​ទៀត​ផងដែរ»។

គណៈកម្មាធិការ​ដដែល​នេះ​បាន​បញ្ជាក់​ថា រាល់​ការ​ប្រគល់-ទទួល​យានយន្ត ម្ចាស់​យានយន្ត ត្រូវ​មក​ទទួល​យានយន្ត​នៅ​តាម​ទីតាំង​ដែល​បាន​ឃាត់​ទុក ពី​ពេល​នេះ រហូត​ដល់​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ លើកលែង​តែ​ថ្ងៃទី ០៥-០៦-០៧ ខែ តុលា ឆ្នាំ ២០២១ ដែល​ជាថ្ងៃ​ឈប់សម្រាក​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ ម្ចាស់​យានយន្ត​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​សំណុំ​ឯកសារ ឬ​លិខិត​ស្នាម​ពាក់ព័ន្ធ​នឹង​យានយន្ត ដែល​បាន​ឃាត់ទុក​នាពេល​កន្លងមក ដែល​ចេញ​ដោយ​មន្ត្រី​មានសមត្ថកិច្ច​ប្រចាំ​ស្ថានីយ​ជញ្ជីង​អចល័ត និង​ជញ្ជីង​ចល័ត នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

គួរបញ្ជាក់​ផងដែរ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ បាន​ប្រកាស​លើកលែង​បន្ធូរបន្ថយ​ក៏ដូច​ជា​ផ្តល់​ឱកាស​សាជាថ្មី​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែ​រខាងមុខ​នេះ ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​មន្ត្រី​មាន​សមត្ថកិច្ច​ប្រចាំ​ស្ថានីយ​ជញ្ចឹង​អចល័ត និង​ជញ្ជីង​ចល័ត​រយៈពេល​ប្រមាណ​ជា ១ ឆ្នាំ កន្លង​មកនេះ៕

វីដេអូ៖