ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ .ជ.ប.) ​លោក​ ប្រាជ្ញ ចន្ទ បានឱ្យដឹងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២១ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១២ ខែតុលា ដល់​ថ្ងៃទី​ ៣០ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ នៅតាម​សាលាឃុំ-សង្កាត់ ឬ​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​។

លោក ប្រាជ្ញ ចន្ទ បាន​លើកឡើង​តាមរយៈ​សេចក្តី​អំពាវនាវ​ចុះ​ថ្ងៃទី​ ១៤ ខែកញ្ញា ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី​ ០១ ខែតុលា​នេះ​ថា ក្នុងឱកាស​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២១ នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​ ២០២០ ទៅពិនិត្យ​មើល​ឈ្មោះ​របស់ខ្លួន​ដែល​បិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់ និង​នៅ​ទីប្រជុំជន​មួយចំនួន​ក្នុង​ឃុំ-សង្កាត់​។

លោក​បាន​បន្តថា៖ «​ប្រជាពលរដ្ឋ​អាច​ចូល​ពិនិត្យមើល​តាម​គេហទំព័រ​របស់ គ.ជ.ប ឬ​កម្មវិធី​ទូរស័ព្ទដៃ​ (App) Voterlist KH ដើម្បីឱ្យ ប្រាកដថា​ខ្លួន​ពិតជា​មានឈ្មោះ និង​ទិន្នន័យ​ត្រឹមត្រូវ​នៅក្នុង​បញ្ជី​បោះឆ្នោត​។ ក្នុងករណី​ឈ្មោះ ឬ​ទិន្នន័យ​របស់ បងប្អូន​ពុំ​ត្រឹមត្រូវ បងប្អូន​ត្រូវ​ស្នើសុំ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ធ្វើការ​កែតម្រូវ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ឯកសារ សំអាង​ច្បាស់លាស់​»​។

ក្នុង​សេចក្តី​អំពាវនាវ​ដដែល​នេះ​បាន​បញ្ជាក់ថា ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២១ នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់​អាយុ ១៨ ​ឆ្នាំ គឺ​អ្នក​ដែល​កើតមុន​ ឬ​ត្រឹម​ថ្ងៃទី​ ៦ ខែ មិថុនា ឆ្នាំ​ ២០០៤ ឬ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទីសំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី ត្រូវ​ទៅ ចុះឈ្មោះ​បោះឆ្នោត​តាម​ប្រតិទិន​របស់​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​ដែល​សាមីខ្លួន​ត្រូវ​បោះឆ្នោត​។

ទន្ទឹមនឹងនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែលមាន គណបក្សនយោបាយ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គភាព​សារព័ត៌មាន​នានា និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ជួយ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​សេចក្តី​អំពាវនាវ​នេះ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យបាន​យល់​ជ្រួតជ្រាប និង​ជួយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា និង​ទាន់ពេលវេលា​៕