បន្ទាយមានជ័យ៖ អាជ្ញាធ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាននិង​កំពុង​តែ​យក​អំណោយ​ប្រមុខ​រាជរដ្ឋាភិបាល​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយសារ​ទឹកជំនន់ ខណៈពេល​ដែល​ស្ថានភាព​ទឹកជំនន់​បាន​ស្រក​បន្តិច​។

ប្រមុខ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន និង​ភរិយា​ ប៊ុន រ៉ានី ហ៊ុន សែន ​បាន​ឧបត្ថម្ភ​មី​ចំនួន​ ២០ ៣០០ ​កេស​ និង​ថវិកា​ ១០០ ​លាន​រៀល​ជូនទៅ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយ​ទឹកជំនន់​។ មី និង​ថវិកា​នេះ​ត្រូវបាន​ដឹកជញ្ជូន និង​ប្រគល់ជូន​លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​ ១ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២១ ​នេះ​។

លោក​ សៀក វិចិត្រ​អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​៖ «​មកដល់​ម៉ោង​នេះ ខាង​ខេត្ត​ក៏ដូចជា​ខាង​ស្រុក គាត់​កំពុងតែ​ដើរ​ចែកជូន​ពលរដ្ឋ​ហើយ​»​។ លោក​បាន​បន្ថែមថា​ស្ថានភាព​ទឹក​នៅក្នុង​ខេត្ត​នេះ​គឺ​បាននិង​កំពុង​តែ​ស្រក​ចុះ​វិញ​ជា​បណ្តើរៗ​ហើយ ដោយសារ​តែ​ភ្លៀង​មិនសូវ​ធ្លាក់​កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា និង​ទី​ ០១ ខែតុលា​ឆ្នាំ​ ២០២១ ​នេះ ហើយ​ទឹក​ផ្នែក​ខាងលើ​ក៏​មិនសូវ​ហូរ​ខ្លាំង​មក​ដែរ​។

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឱ្យ​ដឹងថា ទឹកជំនន់​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ ៦ ​ក្រុង-ស្រុក ស្មើ ៣៨ ​ឃុំ-សង្កាត់ និង​ប៉ះពាល់​ប្រជាជន​ប្រមាណ ១៨ ៧១៥ ​គ្រួសារ និង​ជម្លៀស​ទៅ​ទួល​សុវត្ថិភាព​ប្រមាណ​ ១ ១៥០ ​គ្រួសារ​។

លោក​ សេក សុខុម ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បានឱ្យដឹងថា ក្នុងចំណោម​ពលរដ្ឋ​ដែល​ជម្លៀស​ទាំងនោះ មាន​ប្រមាណ​ជា​ ៤០០ ​គ្រួសារ​នៅ​ក្រុង​សិរីសុភណ្ឌ និង​ប្រមាណ​ជា​ ៥០០ ​គ្រួសារ​នៅ​ស្រុក​មង្គលបុរី​។

លោក​បញ្ជាក់ថា​៖ «​មាន​លិច​ច្រើន​កន្លែង អ៊ីចឹង​ទីទួល​សុវត្ថិភាព​មាននៅ​ផ្សេងៗ​គ្នា​ដែរ​។ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ អាជ្ញាធរ​លោក​មិន​ចង់ឱ្យ​មាន​ការប្រមូលផ្តុំ​គ្នាច្រើន​ទេ ព្រោះ​ខ្លាច​មាន​ការឆ្លង​។ អ៊ីចឹង​លិច​ធ្ងន់ធ្ងរ​ខ្លាំង​បាន​ឱ្យ​គាត់​មក​ [​ទីទួល​សុវត្ថិភាព​]»៕