ភ្នំពេញ៖ ​មន្ត្រី​នៃ​ក្រសួង​ធម្មការ​និង​សាសនា បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែកញ្ញា ព្រះសង្ឃ​ជាង​ ១ ០០០​ អង្គ​ នៅ​ទូទាំងប្រទេស​បាន​ឆ្លង​វីរុស​កូ​វីដ​ ១៩ និង​បាន​បណ្តាលឱ្យ​ព្រះសង្ឃ​ចំនួន​ ៧ ​អង្គ​សុគត​ផងដែរ ដោយសារ​ជំងឺ​កូ​វីដ​ ១៩ ​នេះ ប៉ុន្តែ​ព្រះសង្ឃ​ទាំងនោះ​ក៏បាន​ជាសះស្បើយ​ជា​បន្តបន្ទាប់​រហូត​ជាង ​៣៥០ ​អង្គ​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា លោក សេង សុ​មុនី បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​មួយនា​ថ្ងៃទី​ ០១ ខែតុលា​នេះ​ថា ព្រះសង្ឃ​បាន​ឆ្លង​វីរុស​កូ​វីដ​ ១៩ ​ពី​មូលហេតុ​ផ្សេងៗ​គ្នា ដោយ​ព្រះសង្ឃ​ខ្លះ​ឆ្លង​ពី​កូនសិស្សលោក​ដែល​បាន​ចេញទៅ​ខាងក្រៅ​វត្ត​អារាម ព្រះសង្ឃ​ខ្លះ​បាន​ឆ្លង​នៅ​ពេលចេញ​និមន្ត​បិទ​បាត ឆ្លង​ពី​ពុទ្ធបរិស័ទ និង​ឆ្លង​ពី​ការចូលរួម​ពិធីបុណ្យ​ផ្សេងៗ​។​

​លោក​មានប្រសាសន៍ថា៖ «​ការដែល​រាជរដ្ឋាភិបាល​ផ្អាក​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ គឺ​ដើម្បី​តែ​ការពារ​សុខភាព​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ពី​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ ​១៩ ​តែប៉ុណ្ណោះ​»​។​

​លោក សេង សុ​មុនី បាន​អំពាវនាវ​កុំឱ្យ​ប្រជាពលរដ្ឋ​ ឬ​ពុទ្ធបរិស័ទ​សម្រុក​នាំគ្នា​ទៅ​វត្ត ឬ​ពញាក់​ពពូន​គ្នាច្រើន ប៉ុន្តែ​ពួកគេ​អាច​ទៅ​វត្ត​ផ្សេងៗ​គ្នា​ដែលមាន​វត្ត​ជាង​ ៥ ០០០ ​វត្ត​ឯណោះ នៅ​ទូទាំងប្រទេស​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានចេញ​សេចក្តីសម្រេច​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ចាប់ពី​បិណ្ឌ​ទី​៤ រហូតដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ បន្ទាប់ពី​មានការ​ឆ្លង​រាលដាល​វីរុស​កូ​វីដ​ ១៩​ នេះ​ ទៅដល់​ព្រះសង្ឃ តាជី ដូនជី និង​កូនសិស្សលោក​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​ក្នុង​ថ្ងៃទី​១ និង​ទី​២ នៅតាម​បណ្តា​វត្ត​អារាម​ក្នុង​រាជធានី​ភ្នំពេញ​៕​