កងកម្លាំង​មួក​ខៀវ​កម្ពុជា ជិត ៣០០​ នាក់ បាន​ចាក​ចេញទៅ​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ម៉ាលី​នា​រសៀល​ថ្ងៃទី​ ០១ ខែតុលា ដែល​មកដល់ពេលនេះ​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ​សរុប​ចំនួន ៧ ៨២១​ នាក់​ហើយ ចាប់ពី​ឆ្នាំ ​២០០៦ មកដល់​ឆ្នាំ​ ២០២១​ នេះ​។​

​លោក សែម សុ​វ​ណ្ណី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម បាន​ថ្លែង​ក្នុងពេល​ជូន​ដំណើរ​កងកម្លាំង​មួក​ខៀវ​កម្ពុ​ជានា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា សម្រាប់​កងកម្លាំង​មួក​ខៀវ ដែល​ត្រូវ​ចេញទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ គឺជា​កង​ទី​៨ ហើយ​ដែល​កម្ពុជា​បាន​បញ្ជូនទៅ​សាធារណរដ្ឋ​ម៉ាលី ដែល​កងកម្លាំង​លើក​ទី​៨ ​នេះ​មាន​ចំនួន ​២៩៨​ នាក់​។​

​លោក​បាន​ឱ្យដឹងទៀតថា កម្លាំង​កងទ័ព​មួក​ខៀវ ដែល​បញ្ជូនទៅ​ប្តូរ​វេន​លើក​នេះ មាន ​២ ​កង ដែល​បម្រើ​បេសកកម្ម​ផ្សេង​ពីគ្នា ដែល​មួយ​កង​ជា​កងអនុសេនាធំ​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ EOD និង​មួយ​កង​ទៀត ជា​កងអនុសេនាធំ​វិស្វកម្ម​ថែទាំ​ព្រលានយន្តហោះ​។

​លោក សែម សុ​វ​ណ្ណី បាន​មានប្រសាសន៍ថា៖ «​មកដល់ពេលនេះ កងទ័ព​យើង​ទាំងអស់​ត្រូវបាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់ៗ​គ្នា​រួចហើយ​ចំនួន​៣​ដូ​ស ហើយក៏​បានធ្វើ​ការពិនិត្យ​សុខភាព​ដោយមាន​លិខិតបញ្ជាក់​សុខភាព​ចំនួន​ ៧២ ​ម៉ោង ហើយ​នៅពេល​ទៅដល់​ពួកគាត់​នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ការណែនាំ​របស់​សុ​ខា​ភិ​បាល​របស់​ប្រទេស​ម៉ាលី និង​អង្គការសហប្រជាជាតិ​ផងដែរ​»​។​

​ជាមួយគ្នានេះដែរ លោក​បាន​បញ្ជាក់ថា កម្ពុជា​ក៏​នៅ​បន្ត​ត្រៀមកម្លាំង​ដើម្បី​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​មាន កងរាជអាវុធហត្ថ កងវិស្វកម្ម កង​បោសសំអាត​មីន និង​មួយ​កង​ទៀត​ជា​ស្ពាន​ចល័ត ដែល​កំពុងតែ​រៀបចំ​ដាក់ចូល​ក្នុង​ក្រុម​ប្រព័ន្ធ​ត្រៀម​បម្រុង​រហ័ស​របស់​អង្គការសហប្រជាជាតិ​។​

​លោក​ថា៖ «​នៅពេលដែល​មានការ​សំណូមពរ​របស់​អង្គការសហប្រជាជាតិ​និង​មានការ​សម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា យើង​នឹង​ចាត់​បញ្ជូន​កម្លាំង​ទៅ​ភ្លាម ដោយសារ​យើង​បាន​ត្រៀម​និង​ហ្វឹកហាត់​រួចរាល់​ហើយ​។ ក្នុងឆ្នាំនេះ យើង​នឹងមាន​បញ្ជូន​កងកម្លាំង​ជា​បន្តបន្ទាប់​ទៀត​ក្នុងការ​ប្តូរ​វេន​នៅពេល​ក្រោយៗ​ទៀត​»៕​

វីដេអូ៖