ប្រមុខរាជ​រដ្ឋាភិបាល បាន​សម្រេច​ដាក់​ឈ្មោះ អគារ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​តំបែរ ខេត្តត្បូងឃ្មុំ​ជា «អគារ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ តេជោសែន តំបែរ» ដើម្បី​ជា​ការ​ចងចាំ​និង​រំឭក​នូវ​គុណូបការៈ​ដ៏ថ្លៃថ្លា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត និង​ឈ្លាស​វៃ​បំផុត​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី ០១ ខែតុលា នេះ​ថា លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​សម្រេច​យល់​ព្រម ដាក់​ឈ្មោះ​អគារ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​នេះ ដែល​មាន​ទំហំ ១ ៥៨៦,២០ ម៉ែត្រក្រឡា កម្ពស់ ៣ ជាន់ ជា «អគារ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ តេជោសែន តំបែរ»។

លោក​បាន​បន្ត​ថា៖ «ការ​ដាក់​ឈ្មោះ​នេះ​គឺ ដើម្បី​ទុក​ជា​ការ​ចងចាំ និង​រំឭក​នូវ​គុណូប​ការៈ​ដ៏ថ្លៃថ្លា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ គតិបណ្ឌិត និង​ឈ្លាសវៃ​បំផុត​របស់​សម្ដេច​តេជោ ឱ្យ​ប្រទេស​ជាតិ​មាតុភូមិ មាន​ការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​ទទួល​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព ឯករាជ្យជាតិ និង​អធិបតេយ្យ​ភាព​ដ៏​ត្រចះត្រចង់​ពុំអាច​បំភ្លេច​បាន»៕