រដ្ឋបាលខេត្ត​កំពង់ចាម កំពុង​រៀបចំ​ជួសជុល​ឃ្លាំង​ពាណិជ្ជកម្ម​មួយកន្លែង​ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​ ១៩ កម្រិត​ស្រាល និង​ជំងឺ​កូ​វីដ​ ១៩ បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែល​តា​ (Delta)​។​

​ក្នុងពេល​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការជួសជុល​ឃ្លាំង​នេះ​នា​ព្រឹក​ថ្ងៃទី​ ០១ ខែតុលា លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ជំរុញ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ធ្វើយ៉ាងណា​ព​ន្លឿ​ន​ការងារ​នេះ​ឱ្យ​រួចរាល់​ឆាប់រហ័ស ដើម្បី​ផ្ទេរ​អ្នកជំងឺ​ពី​វិទ្យាល័យ​សីហនុ មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​វិញ ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ រីឯ​វិទ្យាល័យ​សីហនុ នឹងត្រូវ​រៀបចំ​បាញ់ថ្នាំ​សម្លាប់​មេរោគ ប្រគល់ឱ្យ​សិស្ស​ចូលរៀន​វិញ​។

​លោក​បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត​បានរៀបចំ​ជួសជុល​ឃ្លាំង​ពាណិជ្ជកម្ម ចំនួន ​០៣​ អគារ ដោយ​រៀបចំ​ជាម​ន្ទី​រេ​ព​ទ្យ​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ ​១៩ កម្រិត​ស្រាល ចំនួន ០២ ​អគារ និង​មួយ​អគារ​ទៀត សម្រាប់​រៀបចំ​ជា​បន្ទប់សង្គ្រោះបន្ទាន់ និង​អ្នកជំងឺ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែល​តា​។

​លោក អ៊ុន ចាន់​ដា ថា៖ «​មកដល់ពេលនេះ ការជួសជុល និង​កែលម្អ បាន​ស្ទើរតែ ១០០%​ ហើយ ចំណែក​កិច្ចការ​សេសសល់​ គឺ​ខាង​ជាង​កំពុងតែ​រៀបចំ​បង្ហើយ​»​។​

​គួរ​រំឭក​ផងដែរ​ថា កន្លងទៅនេះ រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​ឃ្លាំង​ពាណិជ្ជកម្ម ៣​ ទីតាំង សម្រាប់​ធ្វើជា​កន្លែង​ច​ត្តា​ឡី​ស័ក និង​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​ ១៩​ កម្រិត​ស្រាល ដើម្បី​ប្រគល់​សាលារៀន​ដែល​បាន​យកមក​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​កម្រិត​ស្រាល ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​បើក​សាលារៀន​ឡើងវិញ​។​

​ទីតាំងទី​១ ជាឃ្លាំង​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម ក្នុង​ក្រុង​កំពង់ចាម ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​អាចដាក់​ប្រជាពលរដ្ឋ​ក្នុង​រង្វង់​ពី ៨០០ ទៅ ​១ ០០០ នាក់​។ ទីតាំង​ទី២ ជាឃ្លាំង​នៅក្នុង​ស្រុក​កងមាស ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក អាចដាក់​ប្រជាពលរដ្ឋ​ចន្លោះ​ពី ៨០០ ទៅ ១ ០០០ នាក់​ផងដែរ ចំណែក​ទីតាំង​ទី​៣ គឺជា​ឃ្លាំង​ស្ថិត​ក្នុងស្រុក​កំពង់សៀម ដែល​ត្រូវ​បានរៀបចំ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​ ១៩ កម្រិត​ស្រាល ដែល​អាច​ផ្ទុក​អ្នកជំងឺ​បាន​ក្នុង​រង្វង់​ជិត ១ ០០០ ​នាក់​ផងដែរ​៕​