ព្រះសីហនុ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ចោទប្រកាន់ថា មានការ​បង្ខាំង និង​បង្ខំ​បុគ្គលិក​ប្រមាណ​ជា​ ៤០០ ​នាក់​ ធ្វើការ​នៅ​កាស៊ីណូ​ដឺសេនជូរី​ស្ថិតនៅ​ភូមិ​ ៥ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ក្រោយពី​មាន​ភាពចម្រូងចម្រាស​នៅក្នុង​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅ​កាស៊ីណូ​នោះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​ចុះ​ថ្ងៃទី​ ៣០ ខែកញ្ញា​ បានសរសេរថា​៖ «​ចំពោះ​ការលើកឡើង​ថា មាន​ការបង្ខាំង និង​បង្ខំ​បុគ្គលិក​ឱ្យ​ធ្វើការ​នៅក្នុង​កាស៊ីណូ​ខាងលើ​ដោយ​គ្មាន​ការព្រមព្រៀង រដ្ឋបាលខេត្ត​នឹងធ្វើ​ការស៊ើបអង្កេត​ឱ្យបាន​លម្អិត​បំផុត​។ ករណី​រកឃើញ​មាន​ប្រព្រឹត្ត​បទល្មើស នោះ​រដ្ឋបាលខេត្ត​នឹង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​»​។

រដ្ឋបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ២៧ ​ខែ​កញ្ញា​ បានប្រកាសថា ​នឹង​ចាត់វិធានការ​រដ្ឋបាល និង​ច្បាប់​ចំពោះ​ម្ចាស់​អគារ​សណ្ឋាគារ​ និង​កាស៊ីណូ ដែលមាន​ការពាក់ព័ន្ធ​ទាំង​ដោយ​ប្រយោល និង​ដោយផ្ទាល់​ក្ដី​ទៅលើ​ការបង្ខាំង និង​ការបង្ខំ​ឱ្យ​មនុស្ស​ធ្វើការ ក៏ដូចជា​ការជួញដូរ​តាម​រូបភាព​ទទួល​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់​ឱ្យធ្វើការ​។

បន្ទាប់ពី​មាន​ការផ្ទះ​ជំងឺ​កូវីដ​ ១៩ ​នៅកាស៊ីណូ ខោនហ្វេសប៊ុក​ឈ្មោះ​ Doung Chan Sreypov បានធ្វើការ​ Live ​រិះគន់​អាជ្ញាធរ​កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា​។ រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ដដែល​នោះ​ក៏​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ Live ​នេះ​។

សេចក្តី​ប្រកាស​បានឱ្យដឹង​ថា​នៅ​ថ្ងៃទី​ ២៥ ខែកញ្ញា ឆ្នាំ​ ២០២១ ​កន្លងមក ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​វត្ថុ​សំណាក​ពី​បុគ្គលិក​បម្រើការ​នៅ​កាស៊ីណូ ដឺសេនជូរី និង អគារ​ស្នាក់នៅ​បុគ្គលិក​កាស៊ីណូ ដីសេនជូរី​។

ជា​លទ្ធផល គឺ​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ​ជាច្រើន​នាក់​។ ដោយ​ពិនិត្យឃើញថា​ទីតាំង​នោះ អគារ​ធំ​ទូលាយ និង​មាន​កន្លែង​ស្នាក់នៅ​សមរម្យ រដ្ឋបាលខេត្ត បាន​ចេញ​សេចក្តី​សម្រេច​មួយ​នៅ​ថ្ងៃទី​ ២៦ ខែកញ្ញា ដើម្បី​ដាក់​កាស៊ីណូ​នោះ​ និង​អគារ​ស្នាក់នៅ​បុគ្គលិក​កាស៊ីណូ​ជា​កន្លែង​ធ្វើ​ចត្តាឡីស័ក ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ និង​ជា​កន្លែង​ធ្វើ​ចត្តាឡីស័ក​បន្ត​ចំពោះ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវីដ​ ១៩ ​ចំនួន​ ២ ​លើក​។ ជាមួយ​គ្នា​នោះ រដ្ឋបាលខេត្ត​ក៏បានផ្តល់​ជម្រើស​សម្រាប់​អ្នកជំងឺ ថា​តើ​ចង់ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​ស្នាក់នៅ​ព្យាបាល​ក្នុង​ទីតាំង​ខាងលើ​ផងដែរ​។

សាលាខេត្ត​បានបញ្ជាក់​ថា​៖ «​ចំពោះ​អ្នកជំងឺ​កូវីដ ​១៩ ដែល​ស្នាក់នៅ​ព្យាបាល​នៅ​ទីតាំង​ខាងលើ គឺ​ត្រូវបាន​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ចុះ​ត្រួតពិនិត្យ​ព្យាបាល​យ៉ាង​យកចិត្ត​ទុកដាក់ និង​តាមដាន​សុខភាព​អ្នកជំងឺ​ជាប្រចាំ ព្រមទាំង​បាន​បង្កើត​គ្រុប​តេឡេក្រាម​ (​ទប់ស្កាត់ COVID19) ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការទំនាក់ទំនងរ​វាង​អ្នកជំងឺ និង​ក្រុមគ្រូពេទ្យ​។ ចំពោះ អាហារ​ហូបចុក​គឺ​បាន​ផ្តល់ជូន​ ០៤ ​ពេល​ក្នុង​មួយថ្ងៃ​ពី​ម្ចាស់​កាស៊ីណូ​របស់ខ្លួន​ផងដែរ​»​។

សាលាខេត្ត​បាន​បន្តថា កាលពី​ថ្ងៃទី​ ២៧ ខែកញ្ញា ក្រុមគ្រូពេទ្យ​ក៏បាន​ចុះទៅពិនិត្យ​សុខភាព​អ្នកជំងឺ​ទាំងអស់ ហើយ​ឃើញថា​មិនមាន​បញ្ហា​អ្វី​គួរកត់សម្គាល់​នោះទេ និង​បានផ្ដល់​ថ្នាំ​សម្រាប់​រយៈពេល​ ០៣ ​ថ្ងៃ និង​បាន​ណែនាំ​បន្ថែម ក្នុង​ករណី​មាន​អាការៈ​មិន​ស្រួលខ្លួន​សូម​ទំនាក់ទំនង​មក​ក្រុមគ្រូពេទ្យ​។ លើសពីនោះ នៅ​ថ្ងៃទី​ ២៩ ខែកញ្ញា ម៉ោង​ប្រមាណ​ ០៩ និង​ ២១ ​នាទី មាន​អ្នក​ផ្ញើ​សារ​ចូលក្នុង​គ្រុប​តេឡេក្រាម​ខាងលើ ដោយ​បាន​ប្រាប់ថា​មាន​អ្នកជំងឺ​ម្នាក់​ឈ្មោះ​ ហៀន ស្រីនិច ភេទ​ស្រី អាយុ​ ២៨ ​ឆ្នាំ មាន​អាការៈ​ក្អួត​។

ពេលនោះ​ក្រុមគ្រូពេទ្យ​ក៏​បានមក​ពិនិត្យ និង​ផ្តល់​ថ្នាំ​ជូន ព្រមទាំង​ទំនាក់ទំនង​សួរនាំ ដើម្បី​តាមដាន​អាការៈ​ជំងឺ​របស់គាត់​។ លុះដល់​ម៉ោង​ ០៦ ​ព្រឹក​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២១ អ្នកជំងឺ​ដដែល​មាន​អាការៈ​មិន​ធូរ ស្រាល និង​បាត់បង់​ជាតិ​ទឹកជា​ច្រើន ហើយ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​។ ប៉ុន្តែ​បាន​ជាង​កន្លះ​ម៉ោង​ក៏បាន​ស្លាប់​បាត់បង់​ជីវិត​តែម្តង​។ បើតាម​ការបញ្ជាក់​របស់​ក្រុមគ្រូពេទ្យ​ជំនាញ​គឺ​ដោយសារ​គាត់​ពុល​អាហារ ដែល​បណ្តាលឱ្យ​ក្អួត និង បាត់បង់​ជាតិ​ទឹក​ច្រើនពេក​។

សេចក្តី​ប្រកាស​បាន​សរសេរ​ថា​៖ «​អាខោន​ហ្វេសប៊ុក​ឈ្មោះ Doung Chan Sreypov បានធ្វើការ Live ផ្ទាល់​ដោយមាន​គ្នា​ចំនួន​ ០៥ ​នាក់ បាន​ចោទប្រកាន់​មកលើ​អាជ្ញាធរ​ខេត្ត​ថា ពួកខ្លួន​បាន​ធ្វើ​តេស្ត​មាន​វិជ្ជមាន​កូវីដ​ ១៩ តែ​មិន​ត្រូវបាន​គេ​បញ្ជូន​ទៅ​ព្យាបាល​ឡើយ ដែល​ផ្ទុយស្រឡះ​ពី​ការពិត​ជាក់ស្ដែង​គឺ ពួកគាត់​ទាំងអស់គ្នា​ត្រូវបាន​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​របស់​យើង​...»​។

ក្រៅពីនោះ អាជ្ញាធរខេត្ត និង​ក្រុមគ្រូពេទ្យ​បាន​ទៅ​អញ្ជើញ​ពួកគាត់​ដើម្បី​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​ពួកគាត់​មិន​ចុះ​ពីលើ​អគារ​នោះទេ រហូតដល់​ម៉ោង​ ០៧ និង​ ២៧ ​នាទី​យប់​ទើប​គាត់​ចុះ​មកជួប​ក្រុមការងារ ហើយ​បាន​បដិសេធ​មិន​ព្រមទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះទេ គឺ​សុំ​ស្នាក់នៅ និង​ព្យាបាល​នៅ​ទីតាំង កន្លែងធ្វើការ​របស់​គាត់​ដដែល​។

បុគ្គលិក​នៅកាស៊ី​នោះ​កាលពី​ថ្ងៃទី​ ៣០ ​កញ្ញា​ បាន​អះអាងថា កាស៊ីណូ​នោះ​មាន​ថៅកែ​ជា​ជន​ជាតិចិន​។ កាស៊ីណូ​នោះ​មាន​បុគ្គលិក​ទាំង​ខ្មែរ និង​ចិន​ប្រមាណ​ជា​ ៤០០ ​នាក់ ​ដែល​អ្នកខ្លះ​មាន​វិជ្ជមាន​កូវីដ​ ១៩៕

វីដេអូ៖