កាកបាទ​ក្រហមកម្ពុជា បានផ្តល់​អំណោយ​មនុស្សធម៌ ជា​ស្បៀង សម្ភារ ថវិកា ជូន​ដល់​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ សរុប​ប្រមាណ ជិត ៧ ​ម៉ឺន​គ្រួសារ ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំ​ ២០២១ ​នេះ ដែល​ក្នុងនោះ​មាន​មនុស្ស​វ័យចាស់ ចំនួន​ជាង ៣៥% បានទទួល​អំណោយ​មនុស្សធម៌​នេះ ដើម្បី​ជួយ​កាត់បន្ថយ​ការលំបាក​ផ្នែក​ជីវភាព ក៏ដូចជា​គាំទ្រ​ផ្នែក​សេវា​សុខុមាលភាព​សង្គម សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត ពិសេស​ក្នុង​ដំណាក់កាល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

កាកបាទក្រហមកម្ពុជា​បានលើកឡើង​ដូចនេះ នៅក្នុង​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​មនុស្ស​ចាស់​អន្តរជាតិ ថ្ងៃទី​ ១ ខែតុលា ឆ្នាំ​ ២០២១ ដោយនៅ​ក្នុងថ្ងៃនេះ​ដែរ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន និង​ជា​ស្ថាប័ន​មនុស្សធម៌​នាំមុខគេ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ការគាំទ្រ​ និង​ប្តេជ្ញា​បង្កើន​សកម្មភាព​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ជំនួយ​មនុស្សធម៌​នេះ​កាន់តែ​ខ្លាំង​ឡើង​។

ក្នុង​ឱកាស​នេះដែរ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទ​ក្រហមកម្ពុជា បាន​លើក​ទឹកចិត្ត និង​ថ្លែងអំណរគុណ​ដល់​មនុស្ស​ចាស់​ដែល​ជា​មន្ត្រី​ជំនាន់​មុន ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​មនុស្សធម៌​តាំងពី​បាតដៃ​ទទេ និង​ពឹងផ្អែក​ជំនួយ​ពី​អន្តរជាតិ តែ​ឥឡូវនេះ កម្ពុជា​អាចជួយ​ដល់​ប្រជាពលរដ្ឋ​ដោយ​ខ្លួនឯងបាន​ដោយ​មិន​ពឹងផ្អែក​ជំនួយ​ពី​អន្តរជាតិ​ទៀត​ទេ​។

លោកស្រី​បាន​ថ្លែងថា៖ «​សូមឱ្យ​មន្ត្រី​ជំនាន់​ក្រោយៗ ខិតខំ​បំពេញ​ការងារ​របស់ខ្លួន ដោយ​យក​គំរូ​តាម ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាន់​មុន ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ និង​បទពិសោធន៍​ការងារ​ជាច្រើន ដើម្បី​បន្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព ប្រសើរ​ជាង​មុន និង​ទាន់​ពេលវេលា​»​។

ជាមួយ​គ្នា​នេះដែរ លោក ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ​ក៏បាន​ចូលរួម​អបអរសាទរ ទិវា​មនុស្ស​ចាស់ និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​ផងដែរ ដោយ​លោក​បាន​លើកឡើងថា ទិវា​នេះ​រៀបចំ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់ គាំពារ​សុខុមាលភាព​មនុស្ស​ចាស់ នៅក្នុង​សង្គមជាតិ​យើង​ឱ្យ​កាន់តែ​ប្រសើរឡើង​។

លោក ហេង សំរិន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា៖ «​នៅក្នុង​សង្គម​ខ្មែរ យើង​មាន​វប្បធម៌​ប្រពៃណី​តាំងពី​យូរលង់​មកហើយ​ក្នុង​ការគោរព ប្រណិបត្តិ​ និង​ផ្តល់​តម្លៃ​ចំពោះ​មនុស្ស​ចាស់ ដែល​ជា​មាតាបិតា សាស្ត្រាចារ្យ បុព្វការី​ជន​នៅ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​គ្រួសារ​ និង​សង្គមជាតិ​ទាំងមូល​»​។

ទិវា​មនុស្ស​ចាស់​ឆ្នាំនេះ​ប្រារព្ធ​ឡើង​នៅ​ចំ​ពេលដែល​ប្រទេស​កម្ពុជា កំពុង​រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​បុណ្យ​ប្រពៃណីជាតិ​ដ៏ធំ​ប្រចាំឆ្នាំ ក្នុង​គោលបំណង​តបស្នង​សងគុណ​ចំពោះ​មាតាបិតា បុព្វការីជន ទោះ​អស់លោក​បានទទួល​មរណកាល​ក្តី​នៅ​មាន​ជន្មាយុ​ក្តី​។

ប្រធាន​រដ្ឋសភាជាតិ​រូបនេះ បាន​លើកឡើង​ថា រដ្ឋសភា​បាន​តាក់តែង​ និង​អនុម័ត​ច្បាប់ ដែលជា​បទដ្ឋាន​គតិយុត្ត​សំខាន់ៗ​ជាច្រើន​នៅក្នុង​ការគាំពារ លើកកម្ពស់​គុណតម្លៃ​មនុស្ស​ចាស់​នៅក្នុង​សង្គមជាតិ​។ ដោយឡែក​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​កម្មវិធី​សំខាន់​នានា​ដើម្បី​គាំពារ និង​លើកកម្ពស់​ដល់​មនុស្ស​ចាស់​។

លោក​ ហេង សំរិន បាន​បញ្ជាក់ថា៖ «​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ ដើម្បី​មនុស្ស​ចាស់ ដែលជា​យន្តការ​សម្រាប់​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​ចាស់​ឆ្នាំ​ ២០១៧-២០៣០ និង​កម្មវិធី​ផ្សេងៗ​សម្រាប់​ជួយ​លើកកម្ពស់​សុខុមាលភាព​មនុស្ស​ចាស់​របស់​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​ដើម្បី​ធ្វើឱ្យ​ប្រាកដថា សុខុមាលភាព និង​តម្រូវការ​នានា​របស់​មនុស្ស​ចាស់​នឹង​បាន​ឆ្លើយតប​ដោះស្រាយ​កាន់តែ​ល្អប្រសើរ​ជា​លំដាប់​»​។

លោក​បានធ្វើ​ការអំពាវនាវ​ដល់​ជនរួមជាតិ ចូលរួម​ធ្វើបុណ្យ ដាក់​ទាន ជួយ​ទំនុកបម្រុង និង​ថែរក្សា​ជន​ចាស់ជរា ដែល​គ្មាន​ទីពឹង​ឱ្យបាន​ល្អ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត និង​ចូលរួម​បណ្តុះ​ស្មារតី​ប្រកបដោយ​គុណធម៌​ដ៏មាន​តម្លៃ​នេះ ដល់​កូនចៅ​ជំនាន់​ក្រោយៗ ចូលរួម​ប្រតិបត្តិ​ជា​រហូត​ទៅ​៕