លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក និង​ប្រធាន​អង្គភាព ស្ថាប័ន​ដែល​បោះទីតាំង​ក្នុង​ខេត្ត ត្រូវ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​មួយចំនួន​ចំពោះ​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស​ចូលមក​កាន់​ភូមិសាស្ត្រ​ខេត្ត​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា (Delta)។

លោក​បានលើកឡើង​បែបនេះ​ក្នុង​សេចក្តី​ណែនាំ ចុះ​ថ្ងៃទី ០១ ខែតុលា នេះ ស្តី​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​ចំពោះ​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស ចូលមក​កាន់​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​ដ៏កាចសាហាវ​នេះ​បន្ថែមទៀត ដើម្បី​ឈានទៅ​បើក​ឡើងវិញ​នូវ​សេដ្ឋកិច្ច សង្គម។

លោក គួច ចំរើន បាន​ណែនាំ​ថា៖ «មន្ទីរ អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ល្បាត​ត្រួតពិនិត្យ​ចរាចរណ៍​ចេញ ចូល​ឆ្លងកាត់​ព្រំដែន​ចូលមក​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ទាំង​តាមផ្លូវ​គោក និង​តាម​ផ្លូវទឹក​ជាប្រចាំ។ ក្នុងករណី​មាន​អ្នកដំណើរ ឬ​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស​ចូលមក​ភូមិសាស្ត្រ​ខេត្ត ឬ​មូលដ្ឋាន​ក្រុង ស្រុក ជាបឋម​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​ជា​ចាំបាច់ រួមមាន​ការយក​វត្ថុ​សំណាក​ ដើម្បី​វិភាគ​រក​មេរោគ​កូវីដ ១៩ និង​ការដាក់​ឱ្យធ្វើ​ចត្តាឡីស័ក​នៅ​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ មុន​នឹង​បន្ត​នីតិវិធី​ផ្សេងទៀត»។

លោក​ថា ចំពោះ​អ្នកដំណើរ​ដែល​ចូលមក​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ត្រូវ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ជា​ធរមាន តាមរយៈ​ប្រព័ន្ធ​ការងារ និង​កិច្ចសហការ​ដ៏ល្អ​រវាង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ជាមួយ​រដ្ឋបាល ខេត្ត​ព្រះសីហនុ៕

វីដេអូ៖