ភ្នំពេញ៖សាលា​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​នានា​កុំ​បញ្ចេញ​សំរាម​ដាក់​នៅ​ទីសាធារណៈ​រយៈពេល ៣ ថ្ងៃ​ឈប់សម្រាក​នៃ​បុណ្យ​ភ្ជុំបិណ្ឌ ខណៈពេល​ដែល​បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​ក៏​សម្រាក​ដែរ។

សេចក្តី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​ចេញ​កាលពី​ថ្ងៃទី ១ តុលា ស្តីពី​ការទុកដាក់​សំរាម​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​ជម្រាបជូន​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ថា នៅក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន ០៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ០៥ ដល់​ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ បុគ្គលិក-កម្មករ-កម្មការិនី​របស់​ក្រុមហ៊ុន 800 SuperGAEA (Cambodia) Co., Ltd, ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd និង​ក្រុមហ៊ុន Cintri/Everbright មួយ​ចំនួន​ត្រូវបាន​ឈប់សម្រាក​ពី​ការងារ ដើម្បី​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​ពួកគាត់​នៅតាម​បណ្តា​ខេត្ត​នានា។ ហេតុនេះ​ធ្វើឱ្យ​ការផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​មាន​ភាពរអាក់រអួល​មិនបាន​ពេញលេញ​ដូច​ថ្ងៃ​ធម្មតា​នោះទេ។

សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា «ដូចនេះ ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​រាជធានី រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូមមេត្តា​យោគយល់ និង​អធ្យាស្រ័យ សូមកុំ​បញ្ចេញ​សំរាម សំណល់​រឹង​មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ នៅក្នុង​អំឡុងពេល​ឈប់សម្រាក​នេះ ដោយ​សូម​រក្សា​ការទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្តោះអាសន្ន រហូត​ដល់​ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១»។

រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​នឹងចូលរួម​ចំណែក​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​រាជធានី​ភ្នំពេញ​យើង​ឱ្យបាន​ល្អប្រសើរ​តាម​ការជូន​ដំណឹង​នេះ៕

វីដេអូ៖